ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ ​ឆេះ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​ជាង​១២​ម៉ោង​ បំផ្លាញ​ខ្ទេច​គ្មាន​សល់ និង​ប៉ះពាល់​ផ្ទះ​អ្នកជិតខាង​ប្រមាណ​ជា​១០ ខ្នង​ទៀត

ភ្នំពេញ​ ៖ ​ទីតាំង​ឃ្លាំង​ ស្តុក ​ ខោអាវ​ជជុះ​មួយ​កន្លែង​នៅ​ជាប់​សាលារៀន​ទួន​ហ្វា ត្រូវ​បាន​អគ្គិភ័យ ឆាបឆេះ​តាំងពី​ម៉ោងជាង​១១​យប់​ ​រាលដាល​ប៉ះពាល់​ផ្ទះ​ក្បែរ​ខាង​ប្រមាណ​ជា​១០​ខ្នង​នៅ​ជាប់ៗ​ គ្នា​នោះ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​ រង​គ្រោះថ្នាក់​ឡើយ។ ករណី​នេះ ​សមត្ថកិច្ច​បាន​ប្រើ​ពេល​អន្តរាគមន៍​​​ជាង​១០​ម៉ោង​ទម្រាំ​ គ្រប់គ្រង​ស្ថានការណ៍​​បាន​ ​ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​កក្កដា​នេះ ​ផ្សែង​នៅ​បន្ត​ហុយ។

សមត្ថកិច្ច​មូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃ​ទី​១ ខែ​កក្កដា​​ នៅ​ចំណុច​ជាប់​សាលារៀន​ទួន​ហ្វា ផ្លូវ​លេខ​១៧៣ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ តែ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​​​ទំហំ​ខូចខាត​ គិត​ជា​ទឹកប្រាក់​​​នៅឡើយ​ទេ ដោយ​រង់ចាំ ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ សិន​។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ​យប់​ថ្ងៃ​ទី​១ ខែ​កក្កដា មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​រកស៊ី ​ ស្តុក​ និង​លក់ដូរ​អាវ​ជជុះ​យ៉ាង​សន្ធោសន្ធៅ ជាប់​សាលារៀន​ទួន​ហ្វា ​ (នៅ​ខាងក្រោយ​សាលា​ទួន​ហ្វា) ក្នុង​សង្កាត់​អូឡាំពិក ហើយ​ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ បាន​នាំគ្នា លើក​អីវ៉ាន់​ ខោអាវ​គីប ចេញ​មកក្រៅ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ភ្លើង​ឆេះ។ ប្រភព​ដដែល​បន្ត​ថា ក្រោយពី​មាន​អគ្គិភ័យ​ភ្លាម ​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ ទៅ​សមត្ថកិច្ច​សុំ​កិច្ច​អន្តរាគមន៍​ រថយន្ត​ពន្លត់​អគ្គិភ័យ ឲ្យ​មកជួយ​បាញ់​ពន្លត់ ប៉ុន្តែ​នៅ ក្នុង​ហេតុការណ៍​នេះ កម្លាំង​មាន​សមត្ថកិច្ច​និង​ជំនាញ​ផ្នែក​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ មានការ​ពិបាក​ក្នុង​ការ​ជួយ​ពន្លត់​ជា​ខ្លាំង ព្រោះ​ទីតាំង​កើតហេតុ មាន​ចន្លោះ​តូចចង្អៀត និង ផ្ទះកើតហេតុ​សុទ្ធតែ​ក្រណាត់ វា​ងាយស្រួល​ក្នុង​ឆាបឆេះ​ផងដែរ ទើប​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើងៗ រហូត​អស់ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង ទៀត​ ​តែ​ពុំ​មាន​អ្នក​រងរបួស​អ្វី​នោះ​ឡើយ។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​សន្និដ្ឋាន​ជា ជំហាន​ដំបូង​​ថា ករណី​នេះ ​សង្ស័យ​ផ្ដើម​ចេញ​ពី​ការ​ផ្ទុះ​ធុង​ហ្គាស៍។ ទោះបី​ជា​យ៉ាងណា​គ្រាន់តែ​ជាការ​សន្និដ្ឋាន ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ ចំណែក​មូលហេតុ​ពិត​យ៉ាងណា​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅឡើយ​។ ចំណែក​អគ្គិភ័យ​គិត​មក​ត្រឹម​វេលា​ថ្ងៃត្រង់​ទី​២​កក្កដា​នេះ រលត់ ទាំងស្រុង​ហើយ។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ ដែល​កើត​គ្រោះ​អគ្គិភ័យ​នេះ មាន​ម្ចាស់​ឈ្មោះ អ៊ុង ដាវី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ត្រូវ​ឆេះ​អស់ទាំង​ស្រុង ទំហំ​៨​ម៉ែត្រ​គុណ​១៤​ម៉ែត្រ​។ បើ​តាម​សមត្ថកិច្ច សម្រាប់​គ្រោះ​អគ្គិភ័យ​នេះ បាន​ធ្វើឱ្យ​ផ្ទះ​ជិត​១០​ល្វែង​រង​ការខូចខាត និង​ប៉ះពាល់​។​

ដោយឡែក​សម្រាប់​ប្រតិបត្តិការ​នេះ​ ការ​ជួយ​សង្គ្រោះ​វិញ សមត្ថកិច្ច​ឲ្យ​ដឹង​ផង​ដែរ​ថា បាន​ប្រើប្រាស់​ឡានទឹក​ចំនួន​៤០​គ្រឿង ដោយ​គិត​ជា​ជើង​នៃ​ការ​ដឹកជញ្ជូន​ទឹក អស់​ប្រមាណ​២៥០​ជើង​។ ក្នុងនោះ​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​២០​គ្រឿង​, រថយន្ដ​របស់​កងពល​តូច​លេខ​៧០ ចំនួន​៤​គ្រឿង​, រថយន្ត​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង​, រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន​៣​គ្រឿង​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន​២​គ្រឿង​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយ​ចង្វារ ចំនួន​៦​គ្រឿង រថយន្ត​កងរាជអាវុធហត្ថ​ជាតិ ចំនួន​៤​គ្រឿង​។​

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ គេ​សង្កេតឃើញ​វត្តមាន​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង លោក ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ក៏ដូចជា​សួរសុខទុក្ខ​ដល់​ក្រុម​គ្រួសារ​អ្នករងគ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114