ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​មន្ទីរ​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ ​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ដក​ហូត​ថ្នាំញៀន​ជាច្រើន​និង​ម៉ូតូ​ឡាន​៣​គ្រឿង

ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នៃ​មន្ទីរ​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ជាក់ស្ដែង​ ដោយ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​គ្រវី​ និង​គ្រឿងញៀន​ជាច្រើន​ទៀត ​រួម​ទាំង​ដកហូត​ម៉ូតូ​ឡាន​៣​គ្រឿង​ផង​ដែរ។

ប្រតិបត្តិការ​ចាប់​បង្ក្រាប​ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​នោះ ​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ ១៤​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​១៥​នាទី ​ក្រោម​កិច្ច​សហការ​របស់​​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ​​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​ការអនុញ្ញាត​ពី​លោក ហ៊ីង ប៊ុនថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចូលរួម​ផ្ទាល់​ពី​លោក ឡេង ណា​ង ជា​ក្រឡាបញ្ជី​អម​ផង និង​ដឹកនាំ​ដោយ​លោក​ឯក ឆាំ ឈឿន នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ចូលរួម​ដោយ លោក សារី ពិសិដ្ឋ នាយរង​ផ្នែក​, ​​លោក សាន វណ្ណៈ នាយផ្នែក​, ​​លោក ហ៊ីង តុលា មន្ត្រី​ប៉ុស្តិ៍​ស្រះចក និង​លោកស្រី គឹម លី ជា​ម្ចាស់ផ្ទះ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ជា​ម្ចាស់​ករណី បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ រូប​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ​ ​ធ្វើការ​ស្រាវជ្រាវ​ជា​យូរ​មក​ហើយ ​លុះ​មកដល់​ថ្ងៃ​កើតហេតុ​នេះ​ ដោយ​ដឹង​ពី​ទីលំនៅ​នឹង​កន្លែង​ជួញដូរ ​របស់​ជនសង្ស័យ​រូប​នោះ ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ​រួម​ទាំង​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​គ្រាប់​WY​ពណ៌​ផ្កាឈូក ចំនួន​១០​កញ្ចប់ និង​ថ្នាំ​គ្រាប់ ពណ៌​ស្វាយ​. សញ្ញា​LV ចំនួន​មួយ​កូន​ថង់ ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​មួយ​កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន, ​ថ្នាំ​ទឹក​សញ្ញា​តុក្កតា​, សំបក​ដប​សញ្ញា​តុក្កតា​ចំនួន​មួយ​កេស និង​ឃាត់ខ្លួន​​​ជនសង្ស័យ​ខាងលើ​ ឈ្មោះ រិ​ន ដា​រ៉ា ភេទ​​​ប្រុស អាយុ​​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ ព្រមទាំង​ដកហូត​ម៉ូតូ​ធំ​ចំនួន​២​គ្រឿង​និង​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២T៨៤ ៤៨ ពណ៌​ខ្មៅ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​​​ការ​ឆែកឆេរ​លំនៅឋាន​របស់​ជនសង្ស័យ​រូប​នោះ ​បាន​ធ្វើ​ដល់​​វេលា​ម៉ោង​២១​និង​២៥​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល។

បន្ទាប់ពី​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នោះ​ ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​គ្រឿងញៀន​ក៏បាន​បន្ត​ស្រាវជ្រាវ​នៅ​ខណ្ឌទួលគោក​ដើម្បី​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បក្ខពួក​របស់​ជនសង្ស័យ​ថែមទៀត​ផង​ដែរ ​ប៉ុន្តែ​គេ​មិនដឹងថា​ឃាត់​បាន​ប៉ុន្មាន​នាក់​ទៀត​ថែម​ទេ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅ​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114