ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ដាក់​កម្រិត​ការនាំចេញ​បន្ទះ​ឈី​ប និង​គ្រឿងបន្លាស់​ស្មា​ត​ហ្វូ​ន​ទៅកាន់​កូរ៉េខាងត្បូង

ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ ​បានឱ្យដឹងថា ខ្លួន​នឹង​រឹតបន្តឹង​ច្បាប់​នៃ​ការនាំចេញ​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ដែល​ប្រើប្រាស់​ក្នុង​ការផលិត​បន្ទះ​ឈី​ប និង​ស្មា​ត​ហ្វូ​ន ក្នុងពេល​ដែលមាន​ជម្លោះ​ជាមួយ​ក្រុង​សេ​អ៊ូ​ល​លើ​បញ្ហា​ពលកម្ម​ការងារ​ដោយ​បង្ខិតបង្ខំ​។​

​វិធានការ​នេះ​ត្រូវមាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​៤ កក្កដា​នេះ​តទៅ និង​បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ទាំងឡាយ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ប្រជាជន​ដែល​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ​ដែលជា​បញ្ហា​មួយ​ដែល​ក្រុង​តូ​ក្យូ​និយាយថា​បាន​ដោះស្រាយ​រួចរាល់​មកហើយ នៅពេលដែល​ប្រទេស​ទាំងពីរ​បាន​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មកម្ល៉េះ​។​

​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ជប៉ុន (METI) បានឱ្យដឹង​ក្នុងការ​ប្រកាស​វិធានការ​ខាងលើនេះ​ថា “​ប្រព័ន្ធគ្រប់គ្រង​ការនាំចេញ​ត្រូវបាន​គេ​ធ្វើឡើង​ដោយ​ផ្អែកលើ​ទំនាក់ទំនង​អន្តរជាតិ​នៃ​ការជឿទុកចិត្ត​។ បន្ទាប់ពី​ត្រូវបាន​ពិនិត្យពិច័យ​ដោយ​ក្រសួង​ពាក់ព័ន្ធ​រួចមក វា​គួរតែ​ត្រូវបាន​គេ​និយាយថា ទំនាក់ទំនង​នៃ​ការជឿទុកចិត្ត​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​ស្ថិតក្នុង​ស្ថានភាព​រង​ផលប៉ះពាល់​ខ្លាំង​។​”

​ច្បាប់​រឹតបន្តឹង​ថ្មី​នេះ​មាន​អានុភាព​លើ​សារ​ធាតុគីមី​មួយចំនួន​ដូចជា fluorinated polyimide និង​អ៊ីដ្រូសែន​ហ្ល​អ​រ៉ា​យ ក៏ដូចជា​ការផ្ទេរ​បច្ចេក​វិទ្យា​ផលិត ដោយ​ដក​ចេញពី​បញ្ជី​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ការនាំចេញ​។​

​នេះ​បានន័យថា អ្នក​នាំចេញ​ទាំងអស់​នឹងត្រូវ​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​សម្រាប់​គ្រឿង ឬ​បរិក្ខារ​ទាំងឡាយ​ដែល​ពួកគេ​ចង់​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដោយ​ដំណើរការ​នៃ​ការសុំ​នេះ​ត្រូវ​ប្រើពេល​ប្រហែល​៩០​ថ្ងៃ​ក្នុង​មួយ​លើកៗ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​អ្នកវិភាគ​ជាច្រើន​បាន​និយាយថា វិធានការ​នេះ​អាច​ផ្ដល់​ផលប៉ះពាល់​ដល់​អ្នក​ផលិត​របស់​ជប៉ុន ដោយ​កត់សម្គាល់​ឃើញថា​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​មួយចំនួន​ដែល​ផលិត​សារធាតុ​គីមី​ដែល​រង​ផលប៉ះពាល់​នេះ​មានការ​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ​៕AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114