ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ប្រកាស​លើកលែង​ទិដ្ឋាការ​សម្រាប់​ទេសចរ​ជន​ជាតិចិន

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អ៊ីរ៉ង់​នឹង​លែង​ទាមទារ​ឱ្យមាន​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ទៀតហើយ ព្រោះតែ​ប្រទេស​ដែល​រងគ្រោះ​ដោយ​ទណ្ឌកម្ម​មួយ​នេះ​មាន​ចេតនា​ជំរុញ​វិស័យ​ទេសចរណ៍​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ IRNA បាន​រាយការណ៍​ថា “​គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​បោះបង់​លក្ខខណ្ឌ​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន​ដែល​ចូលមក​កាន់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​” ។​

​លោក Ali Asghar Mounesan ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​បាន​ប្រាប់ IRNA ថា “​យើង​មានបំណង​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ភ្ញៀវទេសចរ​ចិន​ចំនួន​២ លាន​នាក់​ក្នុង​មួយឆ្នាំ​ដោយ​ប្រើប្រាស់​ភាព​ទាក់ទាញ​ជាច្រើន​របស់​ប្រទេស​យើង​” ។​

​យោងតាម IRNA បានឱ្យដឹងថា ភ្ញៀវទេសចរ​ចិន​ចំនួន​៥២ ០០០ នាក់​បាន​ចូលមក​ទស្សនា​អ៊ីរ៉ង់​ក្នុងអំឡុងពេល​១២​ខែ​រហូតដល់​ខែមីនា​។​

​ក្នុង​បំណង​ជំរុញ​ដល់​ការមកដល់​របស់​ភ្ញៀវទេសចរ ប្រទេស​អ៊ីរ៉ង់​កាលពីពេល​ថ្មីៗ​នេះ​បានប្រកាសថា ខ្លួន​នឹង​លែង​បោះត្រា​លើ​លិខិតឆ្លងដែន​របស់​ភ្ញៀវទេសចរ​ទៀតហើយ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ជៀស​ផុតពី​បម្រាម​នៃ​ការហាម​ចូល​របស់​អាមេរិក​ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ទៅលេង​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​។​

​ចិន​គឺជា​ដៃគូ​មួយ​ក្នុងចំណោម​ដៃគូ​ដែល​នៅសល់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​បាន​បដិសេធ​គោលនយោបាយ​រដ្ឋបាលរ​ប​ស់លោក Trump ក្នុងការ​កាត់បន្ថយ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​រហូតដល់​សូន្យ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114