ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​អ្នកចម្រៀង​ម្នាក់​ ដែល​ថៅកែ​ដំឡើង​ឆាក​ប្រើ​អំពើ​ហិង្សា​លើ​នាង មិនទាន់​ទទួល​បាន​យុត្តិធម៌

ភ្នំពេញ ​៖ កញ្ញា ប្រាក់ ផាន់​នី ហៅ​ប្រាក់ អមរា អាយុ​១៩​ឆ្នាំ ជា​អ្នកចម្រៀង​អាជីព​ដែល​លោក ហុង ហ្ស៊ែ​ន ថៅកែ​ដំឡើង​ឆាក​តន្ត្រី​ខន​សឺត ប្រើ​អំពើហិង្សា និង​តែង​តាម​យាយី​ឈ្នានីស​គ្រប់បែបយ៉ាង​ដាក់​នាង​រហូត​មាន​របួសស្នាម​នោះ នៅ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​ទេ បន្ទាប់ពី​នាង​បានដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​មូលដ្ឋាន​ដោះស្រាយ​មិន​ចេញ​។ តែ​មកដល់ពេលនេះ​សំណុំ​រឿងនេះ​ បានមក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ធ្វើ​ឲ្យ​នាង​មាន​សង្ឃឹមថា នឹង​ទទួលបាន​យុត្តិធម៌​យ៉ាង​ពេញលេញ​ពី​តុលាការ​ឯករាជ្យ ។​

កញ្ញា ប្រាក់ ផាន់​នី បាន​ប្រាប់​ឲ្យ​ដឹងថា បណ្តឹង​របស់​នាង ដែល​ប្តឹងទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុងករណី​ឈ្មោះ ហុង ហ្ស៊ែ​ន ប្រើ​អំពើហិង្សា​ឃោរឃៅ​មកលើ​នាង​បណ្តាល​ឲ្យ​មាន​របួសស្នាម​និង​ចាត់ទុកជា​ការរំលោភ​លើ​សិទ្ធិ​ស្ត្រី​យ៉ាងធ្ងន់ធ្ងរ ជា​ការមិន​រាងចាល​មិនទាន់​ផុត​អាជ្ញាយុកាល​នៃ​បទល្មើស ដែល​ត្រូវ​បូក​ផ្សំ​បទល្មើស​ចាស់​និង​ថ្មី​ឡើយ​។ ​បណ្តឹង​របស់​នាង​មិនត្រូវ​មាន​ដំណោះស្រាយ​សមស្រប​នោះទេ ដូច្នេះ​នាង ត្រូវ​ការរក​ប្រព័ន្ធ​ច្បាប់​នៅ​តុលាការ​ម្តង ។​

ទាក់ទិន​ករណីនេះ លោក ខេមរៈ ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​កងរាជអាវុធហត្ថ​រាជធានី​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ថា ដោយ សារ​តែ​ភាគី​ទាំងពីរ​មិន​មាន​ការ​សម្របសម្រួល​គ្នា​នោះ លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​ច្បាប់​ច្រើន​ថ្ងៃ​មកហើយ។​

លោក​ថា រឿងនេះ​ផុតពី​ដៃ​លោក​ហើយ បើ​ចង់ដឹង​សូម​ទៅទាក់ទង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​យ៉ាងណា​ក្នុង​រឿងរ៉ាវ​នេះ​ក្រុមអ្នកច្បាប់​បាន​និយាយថា យោងតាម​ការរៀបរាប់​និង​បង្ហាញ​ភស្តុតាង​របស់​នារី​រង​គ្រោះ​ខាងលើនេះ លោក ហុង ហ្ស៊ែ​ន អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ពីរ​ដែល​ត្រូវ​បូកផ្សំ​បញ្ចូល​គ្នា​គឺ​ទី​១-​ពីបទ​រុកកួន​ខាង​ផ្លូវភេទ ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​ទី​២-​បទល្មើស​ប្រព្រឹត្ត​ដដែលៗ​ដោយ​មិន​រាងចាល មាន​ស្ថាន​ទម្ងន់​ទោស ហើយ​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ថ្មី​ត្រង់​មាត្រា​២១៨ ចែងថា ៖ អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០​រៀល កាលបើ​អំពើ​ហឹ​ង្សា​នេះ​បាន​ប្រព្រឹត្ត ១-​ដោយ​មានការ​គិតទុក​ជាមុន ។ ២- ឲ្យ​ប្រើ​អាវុធ ឬ​គម្រាមកំហែង​ដោយ​អាវុធ​។ ៣-​ដោយមាន​មនុស្ស​ច្រើន​នាក់ ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង​អ្នកសមគំនិត​។

កញ្ញា ប្រាក់ ផាន់​នី បាន​ប្រាប់ថា មានតែ​តុលាការ​ទេ​ដែល​ផ្តល់​ភាពយុត្តិធម៌​ដល់​នាង​ជា​ស្ត្រីភេទ​ទន់ខ្សោយ​គ្រា​ដែល​មនុស្ស​ប្រុស​មាន​កម្លាំង​ពេញ​ប្រើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​មកលើ​នាង​។ ដូច្នេះ​នាង​សង្ឃឹមថា​តុលា​ការពិត​ជាមាន​សុភ វិនិច្ឆ័យ កាត់ក្តី​ដោយ​យុត្តិធម៌​សម្រាប់​នាង​មិន​ខាន៕

ដោយ ៖ សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114