ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពយន្ត​ខ្នាត​ធំ​ទី​២ ​ប្រចាំឆ្នាំ​២០១៩ ​រឿង ព្រលឹង ប្រកាស​សម្ពោធ​ដាក់​បញ្ចាំង​ផ្លូវការ​

ភ្នំពេញ​ ៖ ​ក្រោយពេល​ទទួល​បាន​ជោគជ័យ ​និង​ការ​គាំទ្រ​ខ្លាំង​ពី​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​ “​ផ្ទះ​ចុង​ភូមិ​”​នោះ​ ផលិតកម្ម​មហាហង្ស​ពេលនេះ ​បានប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ភាពយន្ត​ខ្នាត​ធំ​ទី​២​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ ​គឺ ​រឿង ព្រលឹង ដែល​មាន​វត្តមាន​តារា​សិល្បៈ​ល្បីៗ​ជាច្រើនរូប​ចូលរួម​អបអរ​ពិធី​សម្ពោធ​នេះ​ផងដែរ​។​

​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែលជា​ស្នាដៃ​ទី​២ ​ប្រចាំ​ឆ្នាំ​២០១៩ ​របស់​ផលិតកម្ម​មហាហង្ស​ គឺ​រឿង ព្រលឹង នេះ​ បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០២ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ​។​ ភាពយន្ត​នេះ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ​អាច​នឹង​កើប​លុយ​មិនធម្មតា​ ក្រោយ​បង្អួតខ្លួន​ក្នុង​រោងកុន​ទំនើប​ៗ​មិន​ចាញ់​រឿង ​”​ផ្ទះ​ចុង​ភូមិ​” ផង​នោះ។

​លោក អ៊ិន សុ​ភិន ​ដែលជា​ថៅកែ​ផលិតកម្ម​មហាហង្ស​បាន​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​សម្ពោធ​នោះ​ថា​គិត​មកទល់ពេលនេះ ​ភាពយន្ត​ខ្នាត​ធំ​រឿង ព្រលឹង គឺ​ត្រូវបាន​ប្រើ​រយៈពេល​ផលិត​ និង​ថត​១​ឆ្នាំ​គត់​ទម្រាំ​សម្រេចបាន​លទ្ធផល​និង​ប្រកាស​ធ្វើ​ពិធី​សម្ពោធ​ចាក់​បញ្ចាំង​ផ្លូវការ​នាពេលនេះ​។​ ភាពយន្ត​នេះ​ត្រៀម​លក់​សំបុត្រ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទៅ​០៤ ខែកក្កដា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​ថៅកែ​ផលិតកម្ម​មហាហង្ស​បាន​បន្ត​ទៀត​ថា ​ភាពយន្ត​នេះ​ នឹង​ក្លាយ​ជា​រឿង​ដែល​ខ្លួន​រំពឹង​ថា​អាច​កើប​លុយ​បាន​ច្រើន មិន​ខុសគ្នា​ពី​ភាពយន្ត​រឿង​”​ផ្ទះ​ចុង​ភូមិ​” នោះឡើយ​ ដោយ​សម្អាង​លើ​គុណភាព និង​សាច់រឿង បើទោះជា​ភាពយន្ត​រឿង​ “​ផ្ទះ​ចុង​ភូមិ​” ជាប់​ចំណាត់ថ្នាក់​ជា​ភាពយន្ត​ដែល​កើប​លុយ​បាន​ខ្ពស់​ក្នុងពេល​បញ្ចាំង​។​ ម្យ៉ាងទៀត​នៅក្នុង​នោះដែរ ​លោក អ៊ិន សុ​ភិន ក៏បាន​លើកទឹកចិត្ត​តារា​សម្តែង​ប្រុស​-​ស្រី​តាមរយៈ​ការផ្តល់ជូន​នូវ​បាច់ផ្កា​អម​ជាមួយ​ស្រោមសំបុត្រ​ផងដែរ​។​

​ជាការ​កត់សម្គាល់​ខ្សែភាពយន្ត​រឿង ​”​ព្រលឹង​” ដែល​ត្រូវបានធ្វើ​ពិធី​ប្រកាស​ដាក់​បញ្ចាំង​នេះ​ដែរ​កាលពី​អំឡុង​ពេលចេញ​Trailer ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដំបូង​ ​ ​គឺ​សង្កេតឃើញ​មានការ​ចាប់អារម្មណ៍​ខ្លាំង​តែម្ដង​ ពី​សំណាក់​ទស្សនិកជន​ និង​អ្នកគាំទ្រ​រហូត​មានការ​ស៊ែរ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114