ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ស៊ើប​អង្កេត​ UN​ រាយការណ៍​ថា អាច​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថ្មី​នៅ​ក្នុង​ប្រទេស​ មីយ៉ាន់ម៉ា

អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​សន្តិសុខ​និង​ក្រុម​បះបោរ​មីយ៉ាន់ម៉ា​ កំពុង​បើក​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​ជន​ស៊ីវិល​នៅក្នុង​រដ្ឋ​ភាគ​ខាងលិច​ដែលមាន​ចលាចល​ហើយ​នោះ​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថ្មីៗ។

​ការបង្ក្រាប​ដោយ​យោធា​កាលពី​ឆ្នាំ​២០១៧​បាន​ជំរុញ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧៣០,០០០​នាក់​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។ ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រតិបត្តិការ​របស់​មី​យ៉ាន់​ម៉ា​រួមមាន​ការសម្លាប់​រង្គាល ការរំលោភ​បូក ការ​លួច​ដុត​ផ្ទះ​រីក​រាលដាល​និង​ការប្រហារជីវិត​ជាមួយ​ចេតនា​ប្រល័យពូជសាសន៍​។​

​កងទ័ព​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ឧទ្ទាម​ជនជាតិភាគតិច​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​និង​រដ្ឋ​ឈិន​ដែល​ហែកហួរ​ដោយ​ជម្លោះ​ដោយ​កងទ័ព Arakan គឺជា​ក្រុម​បះបោរ​មួយ​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​កាន់តែ​ធំ​សម្រាប់​រដ្ឋ​ទាំង​២​នេះ​។​

​កាលពី​ថ្ងៃទី​២២​ខែមិថុនា អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​បិទ​សេវា​អ៊ី​ន​ធើ​ណែ​ត​ក្នុង​រដ្ឋ​ទាំង​២​នេះ​។​

​ក្រុមហ៊ុន Telenor Group បាន​និយាយថា ក្រសួង​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​បានលើកឡើង​ពី​ការរំខាន​ដល់​សន្តិភាព​និង​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ដើម្បី​សម្របសម្រួល​សកម្មភាព​ខុសច្បាប់​។​

​លោកស្រី Yanghee Lee អ្នកជំនាញការ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា កងទ័ព​អាច​រំលោភ​សិទ្ធិមនុស្ស​ក្រោម​ការបិទបាំង​ដោយ​ការ​កាត់ផ្តាច់​សេវា​ទូរស័ព្ទ​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​និង​រដ្ឋ​ឈិន​ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​លោកស្រី​បាន​និយាយ​លើស​នេះ​ទៅទៀត​។​

​លោកស្រី Lee និយាយថា “​ការប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព Arakan នៅ​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ក់​ឃី​ន​និង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ឈិន​ភាគខាងត្បូង​បាន​បន្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះហើយ​ផលប៉ះពាល់​ទៅលើ​ជន​ស៊ីវិល​មាន​ភាព​ធំធេង​។ សកម្មភាព​ជាច្រើន​រប​ស់ទា​ហាន​និង​កងទ័ព Arakan បាន​រំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ហើយ​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក៏ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស​ផងដែរ​”៕ REUTERS

ដោយ​ ៖ ​វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114