ព័ត៍មានទាន់​ហេតុការណ៏
Search

សូរ្យគ្រាស​ទាំងស្រុង​ធ្វើ​ឲ្យ​អ្នកទស្សនា​ភ្ញាក់ផ្អើល​នៅ​តំបន់​អាមេរិក​ខាងត្បូង

សូរ្យគ្រាស​ទាំងស្រុង​ដ៏​កម្រ​មួយ​ដែល​បាន​គ្របដណ្តប់​ផ្នែក​ភាគច្រើន​នៃ​ប៉ែក​ខាងត្បូង​នៃ​តំបន់​អាមេរិក​ឡាទីន​បានធ្វើ​ឲ្យ​តំបន់​នោះ​ធ្លាក់​ចូលក្នុង​ភាព​ងងឹត​ដោយ​ប្រែក្លាយ​ពេល​ថ្ងៃ​ទៅជា​ពេលយប់​ក្នុង​មួយ​ប៉ព្រិចភ្នែក​ហើយ​ទាក់ទាញ​ហ្វូងមនុស្ស​ឲ្យ​ចេញ​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​ឈី​លី​ និង​អា​ហ្ស​ង់​ទីន​។​

​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់ Coquimbo ភាគ​ខាងជើង​ប្រទេស​ឈី​លី​ជិត​វាល​ខ្សាច់ Atacama ដែល​ស្ថិត​ដោយផ្ទាល់​នៅលើ​ផ្លូវ​ដែលមាន​ទទឹង​សរុប​១០០​ម៉ា​យ​របស់​សូរ្យគ្រាស​នេះ​ខណៈដែល​អ្នកទស្សនា​បាន​នាំយកទៅ​ជាមួយ​នូវ​កែវយឹត​ដ៏​មាន​កម្លាំង​ខ្លាំង​បំផុត​ជាច្រើន​។​

​ហ្វូងមនុស្ស​ធំៗ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីប្រជុំជន La Higuera ដែលមាន​កម្ពស់​ប្រហែល​២,៤០០​ម៉ែត្រ​ពីលើ​នីវ៉ូទឹក​សមុទ្រ​និង​ស្ថិត​ជិត​ស្ថានីយ​សង្កេតមើល La Silla Observatory ដែល​ត្រូវបាន​ដំណើរការ​ដោយ​អង្គការ European Southern Observatory​។​

​លោកស្រី Betsy Clark ដែលជា​ភ្ញៀវទេសចរ​សញ្ជាតិ​អូស្ត្រាលី​បាន​និយាយថា “​ខ្ញុំ​មិន​ជឿថា នៅលើ​ពិភពលោក​មាន​កន្លែង​ដែល​ប្រសើរ​ជាង​នៅ La Silla ដើម្បី​មើលឃើញ​សូរ្យគ្រាស​ទេ​”​។ ពួកគេ​មិន​ខកចិត្ត​ទេ​។ សូរ្យគ្រាស​នេះ​មាន​រយៈពេល​វែង​បំផុត​នៅពេល​វា​ធ្វើដំណើរ​ដល់ La Silla ពោលគឺ​២.៣៦​នាទី​។​

​សូរ្យគ្រាស​គឺជា​បាតុភូតធម្មជាតិ​មួយ​ដែល​អាច​មើលឃើញ​ពី​ផែនដី​នៅពេលដែល​ដំណើរ​គោល​ចរនៃ​ព្រះ​ចន្ទ​ឆ្លងកាត់​ចន្លោះ​ផែនដី​និង​ព្រះអាទិត្យ​ហើយ​បាន​បាំង​ពន្លឺព្រះអាទិត្យ​។​

​នៅ​ភាគ​ខាងលិច ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ La Serena, មនុស្ស​រាប់ពាន់នាក់​នៅ​លើ​ឆ្នេរសមុទ្រ​បាន​អបអរសាទរ​និង​ទះដៃ​នៅពេលដែល​ព្រះ​ចន្ទ​លេប​ព្រះអាទិត្យ​ទាំងមូល​។​

​គួរ​បញ្ជាក់ថា សូរ្យគ្រាស​ទាំងស្រុង​គឺជា​រឿង​កម្រ​ណាស់​ប៉ុន្តែ​អ្វីដែល​កាន់តែ​កម្រ​សម្រាប់​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​អង្គារ​នោះ​គឺថា វា​បាន​កើតឡើង​ដោយផ្ទាល់​នៅលើ​តំបន់​មួយ​នៃ​ផែនដី​ដែល​បានរៀបចំ​ដើម្បី​សិក្សា​អំពី​ដួងតារា​ក្នុង​ផ្ទៃមេឃ​៕ AFP

ដោយ ​៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114