ព័ត៍មានទាន់​ហេតុការណ៏
Search

EU បារាំង អាល្លឺម៉ង់​និង​អង់គ្លេស ​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​លើ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​

ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប ប្រទេស​បារាំង អាល្លឺម៉ង់​និង​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​មាន​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់ខ្លួន​ចំពោះ​ការរំលោភ​លើ​ដែន​កំណត់​នៃ​ការ​បម្រុង​ទុក​សា​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​ចម្រាញ់​រួម​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។​

​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​ការទូត EU លោកស្រី Federica Mogherini និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងបី​ដូចជា​លោក Jean-Yves Le Drian នៃ​ប្រទេស​បារាំង​, លោក Heiko Maas នៃ​ប្រទេស​អាល្លឺម៉ង់​និង​លោក Jeremy Hunt នៃ​ចក្រភព​អង់គ្លេស​បាន​និយាយថា “​យើង​សូម​អំពាវនាវ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ជំ​ហ៊ាន​នេះ​និង​បញ្ឈប់​វិធានការ​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​”​។​

​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា “​យើង​បាន​យល់ស្រប​គ្នា​និង​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​គឺ​អាស្រ័យ​លើ​ការអនុលោម​តាមច្បាប់​ពេញលេញ​របស់​អ៊ីរ៉ង់​។ យើង​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​ដោយ​អ៊ីរ៉ង់​”​។​

​ក្រុង​តេ​អេ​រ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ធ្វើតាម​ការព្រមានរ​បស់​ខ្លួន​ដែលថា ខ្លួន​នឹង​រំលោភ​លើ​ដែន​កំណត់​នេះ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំមុន​និង​ការដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​ប្រេង​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​

​ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​ភាគី​នៅ​សេសសល់​ឲ្យ​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នេះ​បានប្រកាស​កាលពី​ថ្ងៃទី​៨​ខែឧសភា​ថា ខ្លួន​នឹង​លែង​គោរព​តាម​ដែន​កំណត់​ដែល​ដាក់​លើ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​ចម្រាញ់​រួច​របស់ខ្លួន​ទៀតហើយ​។​

​អ៊ីរ៉ង់​ក៏បាន​គំរាម​បោះបង់ចោល​ការសន្យា​នុយក្លេអ៊ែរ​បន្ថែម​ទៀតផង​ដែរ​លុះត្រាតែ​ដៃគូ​នៅ​សេសសល់​នៃ​កិច្ចព្រមព្រៀង​នេះ​ដូចជា​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​និង​រុស្ស៊ី​ផងដែរ​នោះ​ជួយ​ខ្លួន​ឲ្យ​គេច​ផុតពី​ការដាក់ទណ្ឌកម្ម​ជាពិសេស​ចំពោះ​ការលក់​ប្រេង​របស់ខ្លួន​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114