ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​កសិកម្ម​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ័ត្ន ​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ ក្រោយពី​ជំងឺ​នេះ​បាន​ផ្ទុះ​កើតឡើង​ជាថ្មី​នៅ​ស្រុក​អូររាំងឪ​ខេត្ត​ត្បូងឃ្មុំ

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ កាលពី​ថ្ងៃទី​២កក្កដា ​​​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​​ស្តី​អំពី​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ជា​ថ្មី​ម្តង​ទៀត​ បាន​កើតឡើង​ចំនួន​២​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​សេរី ​និង ​ភូមិ​សោយ ​ឃុំ​មាន ​ស្រុក​អូររាំងឪ ​ខេត្ត​ត្បូងឃ្មុំ​។

​​​​​​​​​ក្នុង​លិខិត​នោះ​ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​​ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ័ត្ន ​និង​ ប្រកាស​ឲ្យ​កម្លាំង​ជំនាញ​ចាត់វិធានការ​បន្ទាន់​៣​ចំណុច​…​។ ​សូម​រំលឹក​ថា ជំងឺ​នេះ​បាន​កើតឡើង​ម្តង​រួច​មក​ហើយ​ នៅក្នុង​ខេត្ត​រតនគិរី​កាលពី​ចុង​ខែ​មីនា​។

យោង​តាមរយៈ​លិខិត​នោះ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​បាន​ប្រកាស​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទាំងពីរ​ខាងលើ​ចំនួន​៣​ចំណុច​ ក្នុង​នោះ​រួមមាន​១.​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធានការ​បសុព្យាបាល​។ ២.​ផ្អាក​ទិញ​លក់​និង​ដឹកជញ្ជូន​សត្វ​ជ្រូក​សាច់​ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​ចេញ​ ឬ​ ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ​និង​តាមដាន​។ និង​ទី​៣.​សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​និង​ត្រួតពិនិត្យ​ឃ្លាំ​មើល​ចលនា​សត្វ​ជ្រូក​សាច់ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ជាប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។

លោក​រដ្ឋមន្ត្រី​វេ​ង​ សាខុន បញ្ជាក់​ថា ​ការ​ចិញ្ចឹម​ទិញ​លក់​និង​ដឹកជញ្ជូន​សត្វ​ជ្រូក​សាច់​ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ផ្ទុះ​ជំងឺ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។

ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ ​ស្តី​ពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។​ការអនុញ្ញាត​នឹង​ត្រូវ​កំណត់​ដោយ​ប្រកាស​ជា​ថ្មី​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​និង​ប៉ះពាល់​មនុស្ស​ទេ​ តែ​ជំងឺ​នេះ​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​និង​ងាប់​មាន​អត្រា​ខ្ពស់​ រហូតដល់​១០០​ភាគរយ​ ដែល​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ​ ដូច្នេះ​ហាម​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទុយ​នឹង​ខ្លឹមសារ​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ឆ្នាំនេះ​ ក្នុង​ស្រុក​អូ​រយ៉ា​ដាវ​ខេត្ត​រតនគិរី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវ​បាន​រក​ឃើញ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ប្រហែល​៤០០​ក្បាល​ស្លាប់៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114