ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមយុវជន​ថ្នាល​ក្លិប​អាស៊ី​អឺរ៉ុប ចាប់ផ្តើម​ប្រមូលផ្តុំ​កីឡាករ​ត្រៀម​ប្រកួត​ថ្នាក់ជាតិ​នាពេលខាងមុខ​

ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បានចាប់ផ្ដើម​ចងក្រង​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ដើម្បី​ហ្វឹកហាត់ និង​ត្រៀម​ចូលរួម​ការប្រកួត​នានា​កសាង​ធនធាន​ទុក​បន្តវេន​ពី​ក្រុម​ធំ​។ នេះ​បើតាម​ការលើកឡើង​ឲ្យ​ដឹង​ពី​លោក កែវ ភិរុណ គ្រូ​បង្គោល U18 អាស៊ី​អឺរ៉ុប​។

លោក កែវ ភិ​រុណ បាន​បញ្ជាក់​ថា ​ក្រុមយុវជន​ភាគច្រើន​ជា​អ្នក​ភ្នំពេញ និង​អ្នក​ខ្លះទៀត​ជា​អ្នក​កូនចៅ​អ្នកស្រុក​ក្បែរ​កីឡដ្ឋាន AEU Sport Park សរុប​ជិត​១០​នាក់​។ ក្លិប នឹង​រក​យុវជន​ល្អៗ​បន្ថែម​ទៀត​ដើម្បី​ចម្រាញ់​យក​អ្នក​ឆ្នើម​ធ្វើជា​យុវជន​ថ្នាល​របស់​ក្លិប​។ «​យើង​ប្រមូល​ពួកគាត់​មក​ដើម្បី​ហ្វឹកហាត់​នៅពេល​ទំនេរ ហើយ​យើង​នឹង​រកមើល​យុវជន​ដែល​មាន​សមត្ថភាព​ទុក​ប្រកួត​ពានរង្វាន់​យុវជន​នានា ជាពិសេស​ត្រៀម​ជំនួស​ក្រុម​ធំ​នា​ពេល​អនាគត​។ ឥឡូវ​យើង​មាន​ជិត​២០​នាក់​ហើយ តែ​ក៏​មាន​អ្នក​សូម​ចូល​ហាត់​បន្តបន្ទាប់​ទៀត​ដែរ​។ យើង​នឹង​រក​ឲ្យ​បាន​យុវជន​ល្អៗ​២៥​នាក់​»​។ គ្រូបង្វឹក​ខាងលើ​បន្ថែម​។

លោក កែវ ភិ​រុណ​បញ្ជាក់​ថា ក្រុម​ថ្នាល​អាយុ​ក្រោម​១៨​ឆ្នាំ​ របស់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នេះ​មាន​យូរ​ក្រែល​ហើយ​ដែរ តែ​មិនបាន​ហ្វឹកហាត់​ជាប់លាប់ ព្រោះ​ពុំមាន​សកម្មភាព​ប្រកួត​។ តែ​យ៉ាងណា ក្លិប​បានសម្រេច​ចិត្ត​ប្រមូលផ្ដុំ​ឡើងវិញ​ដើម្បី​ត្រៀម​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នាពេល​ឆាប់ៗ​។

សូម​បញ្ជាក់​ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម​សមាជិក​ទាំង​១៤​ក្រុម​ក្រោយ​ប្រកួត​ឈ្នះ​បាន​៥​លើក ស្មើគ្នា​១​លើក និង​ចាញ់​៧​លើក​មាន​១៦​ពិន្ទុ​។ ចំណែក​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១៤​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114