ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក WTO និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​គាំទ្រ​កម្ពុជា​ក៏​ដូច​ប្រទេស​អភិវឌ្ឍន៍​តិចតួច

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​អំពាវនាវ​ដ​ល់ប​ណ្តា​រដ្ឋ​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ពិចារណា​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​បន្ត​ទៀត​តាម វិស័យ​សំខាន់ៗ​មួយចំនួន​ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក៏ដូចជា​ដើម្បី​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឱ្យ​អាច​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើក​ទី​៧ «​ស្តី​ពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​» ក្នុង​ទីក្រុង​ហ្សឺ​ណែវ នា​ថ្ងៃ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា សម្រាប់​កម្ពុជា ចក្ខុវិស័យ​របស់​យើង គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​នេះ ក៏ដូចជា​ដើម្បី​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឲ្យ​អាច​ចាក​ចេញពី​ភាព​ក្រីក្រ​បាន​ឆាប់រហ័ស​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ ២០៣០, ខ្ញុំ​សូម​អំពាវនាវ​ដល់​បញ្ហា​រដ្ឋ​ជា​សមាជិក និង ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ពិចារណា​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​បន្ត​ទៀត តាម​វិស័យ​សំខាន់​មួយចំនួន​ដូចខាងក្រោម ៖
​ទី​១- ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​បញ្ហា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង ជួយ​គាំទ្រ​ដល់​កម្មវិធី និង ដំណើរការ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC Graduation)​។

ទី​២-​ការបន្ត និង បង្កើន​ការ​ផ្តល់​ភាពអនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ ឯក តោ​ភាគី ហើយ​សូម​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិតដល់ មុននឹង​ដាក់​វិធាន​ការព្យួរ ឬ ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ព្រោះ​ការព្យួរ ឬ ដកចេញ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​មិនអាច​ជួយ​ពិភព​លោក​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មិន​អាច​ជួយ​ពួកគេ​ឲ្យ​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​ឡើយ ដែល​ចលនា​នេះ គឺជា​ដំណើរ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ទី​៣- ការ​កសាង​សមត្ថភាព ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី​, ជាពិសេស ផ្នែក​សេវាកម្ម និង ការទទួលយក​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី ៤, និង ដើម្បី​ទាញ​យក​ផលប្រយោជន៍​ដែល​អាច​ទទួលបាន​ពី​សេដ្ឋ​កិ​ច​ឌីជីថល។

​ទី​៤. ការរៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង ផលិតផល​ចម្រុះ សំដៅ​បង្កើន​ការនាំចេញ​ដែលជា​ប្រភព​ចំណូល​សម្រាប់​លើកកម្ពស់​សុខុមាលភាព និង ការងារ​ដល់​ស្ត្រី​។

ទី​៥-​ការ​តភ្ជាប់​គោលនយោបាយ​, យុទ្ធសាស្ត្រ និង ចក្ខុវិស័យ​នានា របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាមួយនឹង​ការ​វិ​វ​ត្តិ​សេដ្ឋកិច្ច​តំបន់ និង ពិភពលោក​។

ទី​៦-​ការបង្កើត​ន​វា​នុ​វត្ត និង ជំរុញ​លើ​កម្ពស់​ការអនុវត្ត​ថ្មីៗ តាមរយៈ​កៀរគរ​ហិរញ្ញប្បទាន​បន្ថែម ពី​ដៃគូ​អភិវឌ្ឍន៍ និង វិស័យ​ឯកជន ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​នេះ និង កិច្ចប្រជុំ​ផ្សេងទៀត។

ទី​៧-​ការបន្ត​ផ្តល់ជំនួយ​នានា សម្រាប់​ការកែទម្រង់ និង សម្រាប់​ការ​គាំទ្រ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​, ពិសេស​លើ​ការងារ​កែទម្រង់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​។

នា​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​«​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ – ២០២៣» ហើយ​ដែល​នៅ​ល្ងាច​ថ្ងៃនេះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រៀបចំ​កម្មវិធី​(Side Event) ដើម្បី​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ដែលជា​បទពិសោធន៍​និង​ជោគជ័យ​នានា​របស់​កម្ពុជា​នៅក្នុង​ការអនុវត្ត​គម្រោង​យុទ្ធសាស្ត្រ ថ្មី​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា​ដែល​បាន​ដាក់ចេញ​យើង​បានធ្វើ​រួច​មក​ហើយៗ​ក៏​ត្រូវ​ធ្វើ​នៅ​ផ្នែក​ដែល​ទាមទារ​ត្រូវធ្វើ​នោះ​គឺ​ទាក់ទង​ជាមួយនឹង​ការកែ​ទរង់​ខាងក្នុង​ផង​និង​តម្រូវ​លើ​កិច្ចការ​កែទម្រង់​ទាំងឡាយ​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវបាន​ដាក់ចេញ​នៅពេល​ខាងមុខ។ សម្តេច​តេ​ជោ​បន្តថា​ ប្រសិនបើ​បណ្ដា​ប្រទេស​នានា​មិនមាន​ការ​គាំទ្រ​ទៅលើ​កំណែទម្រង់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ យើង​គិតថា​យើង​មិនអាច​នាំ​ប្រទេស​របស់​យើងទាំងអស់គ្នា​ទៅកាន់​ជោគជ័យ​មួយ​បានទេ​។ ដូច្នេះ​មួយផ្នែក​យើង​រួមគ្នា​ដើម្បី​កែទម្រង់​តាម​ប្រទេស​នីមួយៗ​ហើយ​មួយ​ផ្នែក​ទៀត​យើង​ត្រូវ​ចូលរួម​នៅក្នុង​ការកែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង កម្មវិធី​នានា​ដែល​បាន​ដាក់ចេញ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ ដូច្នេះ​សង្ឃឹមថា​ឯកសារ​របស់​កម្ពុជា​នេះ​នឹង​បានក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ការ​ត្រិះរិះ​ពិចារណា​របស់​អស់លោក​លោកស្រី​នៃ​បណ្ដា​ប្រទេស​នានា​ប៉ុន្តែ​សម្រាប់​កម្ពុជា​ឯកសារ​នេះ​បានក្លាយ​ទៅជា​ផ្នែក​ដែល​ចាប់បង្ខំ​ត្រូវតែ​អនុវត្ត​ព្រោះនេះ​វា​ជា​ចំណុច​ដែល​កម្ពុជា​ត្រូវធ្វើ​ដោយ​ខ្លួនឯង​។

​គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៧ ស្តី​ពី «​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្រោម​ប្រធានបទ «​ការ​គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​និង​ការផ្តល់អំណាច​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន និង ចីរភាព​តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម » ធ្វើឡើង​ដើម្បី​ចែករំលែក​អំពី​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម និង ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ឆ្នាំ ២០០៤ ព្រមទាំង​តួនាទី​របស់​កម្ពុជា​នា​បច្ចុប្បន្ន និង ទៅ​អនាគត​ក្នុងការ​ទ្រទ្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី និង ការ​បន្ត​រក្សា​មាគ៌ា​សេរីភាវូបនីយកម្ម​ជា​សកល​។

នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​យ៉ាងសកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុងការ​បង្កើត​ឲ្យ​មាន​វិធាន​នានា​ដ៏​ពេញលេញ​ដែល​ក្លាយជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ធ្វើ​សេរីភាវូបនីយកម្ម​ជាស​កល និង​សម្រាប់​ពាណិជ្ជកម្ម​ពហុភាគី ធានា​ដល់​ស្ថិរភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​ដោយ​សេរី រលូន និង អាច​ព្យាករណ៍​បាន ក៏ដូចជា​ក្នុង​ការ​កៀងគរ​ជំនួយ​នានា សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិ​ច្ច​ថ្នាក់​ជាតិ​, តំបន់ និង អន្តរជាតិ​តាមរយៈ​កា​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចំនួន ៦​លើក​រួចមកហើយ​។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏បាន​ជួយ​ជំរុញ​ផង​ដែរ​នូវ​កម្មវិធី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​អភិ វឌ្ឍន៍​តិចតួច​ហើយ​បាន​ជួយ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ បង្កើត​ការងារ​និង កាត់បន្ថយ​ភាព​ក្រីក្រ នៅក្នុង​បញ្ហា​ប្រទេស​ជា​សមាជិក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលេច​ពី​ការ​ខិតខំ​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​តូច ជឿ​លើ​អត្ថប្រយោជន៍​នៃ​សកលភាវូបនីយកម្ម និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ឈរ​លើ​វិធាន​គតិយុត្តិ គឺ​ទស្សនវិជ្ជា​នេះហើយ​ដែល​បាន​ជំរុញ​យើង​ឲ្យ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០៤ មុនគេ​នៅក្នុង​ចំណោម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ចំនួន​២ ។ ទោះបីជា​កម្ពុជា​កាល​ពី​ពេល​នោះ​នៅ​មិនទាន់មាន​ការ​អភិវឌ្ឍ​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​បាន​រឹងមាំ ក៏ប៉ុន្តែ​លើ​មូលដ្ឋាន​នៃ​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​បើកចំហ​របស់ខ្លួន​កម្ពុជា​បាន​សន្យា​ចងពន្ធ​គយ​លើ​គ្រប់មុខ​ទំនិញ និង បើក​ច្រក​ទីផ្សារ​ពាណិជ្ជកម្ម​ផ្នែក​សេវា​ប្រមាណ​ជាង ៩៤​វិស័យ​និង​អនុវិស័យ​នៅក្នុង​ឆ្នាំ​២០០៤ ដែល​ជា​ចំនួន​មួយ​ច្រើន​លើសលប់ បើ​ធៀប​ទៅនឹង​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់ ដែល​ចូល​ជា​សមាជិក WTO មុន​កម្ពុជា​។

ជា​មួយ​គ្នា​នេះ​ដែរ ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កម្ពុជា​បាន​ខិតខំ​បំពេញ​នូវ​តួនាទី​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​តាមរយៈ​ការ​ដាក់ចេញ និង ការរៀបចំ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​,​ច្បាប់​,​បទប្បញ្ញត្តិ​ផ្សេងៗ និង​វិធាន​នានា ដើម្បី​ឲ្យ​មាន​អនុលោមភាព​និង​សង្គតិភាព​ទាំងស្រុង​ជាមួយ​បទ​ប្បញ្ញត្តិ​អន្តរជាតិ​ជាពិសេស​ឲ្យ​ស្របតាម​ការសន្យា​រប​ស់​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ កម្ពុជា​បានរៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា តាំងពី​ឆ្នាំ​២០០១ ហើយ​បាន​កែលម្អ​ជា​បន្តបន្ទាប់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​រួចរាល់​ជា​ស្ថាពរ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២២៣ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​កម្ពុជា ក៏ដូចជា​ឆ្លើយតប​ទៅ​នឹង​បរិការណ៍​បច្ចុប្បន្ន និង អនាគត នៃ​ពាណិជ្ជកម្ម​តំបន់ និង​ពិភពលោក​។

ជា​លទ្ធផល​ពី​កិច្ច​ខំ​ប្រឹងប្រែង​ខាងលើ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧,៧% ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ​។ កម្ពុជា​ថែមទាំង​សម្រេចបាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​ការ​ឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥​។ សម្រាប់​ឆ្នាំ​២០១៨ កន្លងទៅនេះ អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន​៧,៥% និង​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​អាច​បន្ត​រក្សាបាន​ក្នុង​រង្វង់​៧% ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។ អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ពី ៥៣,២% ក្នុង​ឆ្នាំ​២០០៤ មក​នៅក្រោម​១០% ក្នុង​ឆ្នាំ​២០១៨។

ជា​មួយ​គ្នា​នេះ​ដែរ កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ទាំង​ផលិតផល និង ទីផ្សារ ដែល​ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា បាន​កើន​ពី ៥,៧​ប៊ី​លាន​ដុល្លារ (​ស្មើនឹង ៤០,៥% នៃ​ផសស​)​នៅ​ឆ្នាំ​២០១២ មកដល់ ១៣​ប៊ី​លាន​ដុល្លារ (​ស្មើនឹង ៥៣,២% នៃ​ផសស​) នៅ​ឆ្នាំ​២០១៨ និង​បាន​ធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ​ពី​ការនាំចេញ​សម្លៀកបំពាក់​ទៅកាន់​ផលិតផល​ផ្សេងទៀត​។​ ដូច​គ្នា​នេះដែរ គោលដៅ​នាំចេញ​ត្រូវបានធ្វើ​ពិពិធ​កម្ម ពី​ការ​ផ្តោត​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ទៅ​ផ្តោតលើ​ទៅ​ផ្សារ​អឺរ៉ុប​, ជប៉ុន​, តំបន់​អាស៊ាន និង ប្រទេស​ដទៃទៀត​។

​ដើម្បី​ជា​ការ​តបស្នង​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏ដូចជា​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការចរចា​ក្រោម​ក្រប​ខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ពង្រឹង​តួនាទី​របស់​អង្គការ​នេះ ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ទទួលរង​នូវ​ការ​គំរាម​ពី​នយោបាយ​គាំពារ​និយម និង​សង្គ្រាម​ពាណិជ្ជកម្ម ទោះបី​កម្ពុជា នៅ​ត្រូវ​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស និង ហើយ​ធនធាន​ថវិកា​ក៏​នៅមានកម្រិត​ក៏ដោយ​, ក្នុងនាម​ជា​រាជរដ្ឋាភិបាល​កម្ពុជា​,​ខ្ញុំ​បានសម្រេច​ឲ្យ​បង្កើត​ស្ថាន​បេសកកម្ម​ប្រចាំ​អង្គការ​នេះ​នៅ​ឆ្នាំ​២០១៧ ហើយ​បាន​ណែ​នាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​អគ្គរាជទូត​របស់​យើង​នៅទីនេះ​ខិតខំ​បំពេញ​តួនាទី​ធ្វើជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឆ្នាំ​២០១៧-២០១៨ ឱ្យបាន​ជោគជ័យ និង​បន្ត​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងនាម​ជា​សមាជិក ត្រោយ​កា (TROIKA) ជួយ​ដល់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​និង​សាធារណរដ្ឋ​ឆាត​ក្នុង​ការដឹកនាំ​សម្របសម្រួល​ក្រម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំង ៣៦ ប្រទេស លើ​ការចរចា​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឲ្យបាន​ជោគជ័យ​បន្តទៀត​។

ជោគជ័យ​ចម្បង​មួយទៀត​នោះ គឺ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​គម្រោង​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម​នៅ​ឆ្នាំ​២០១៨។ បន្ថែម​លើ​នេះ​ទៀត ​កម្ពុជា​ក៏បាន​ខិតខំ​ប្រឹងប្រែង និង ម្ចាស់ការ​លើ​ការអនុវត្ត​កាតព្វកិច្ច នានា​, រួម​ទាំង​កាតព្វកិច្ច​នៃ​ការ​ជូនដំណឹង និង​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​, បាន​ចំនួន​ពីរលើក​រួចមកហើយ ក្នុង​ឆ្នាំ ២០១១ និង ២០១៧ ព្រមទាំង​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បាន​អនុ​វត្តបទ​ប្បញ្ញត្តិ ប្រមាណ​ជាង ៧០% រួច​មកហើយ​ផង​ដែរ​។ ជោគជ័យ​ដូច​បាន​ជម្រាប​ខាងលើ​បាន​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្ត្រ​ដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប លោក រ៉ូ​ប៊ែ​តូ អា​ហ្ស​យ័​ដូ កាលពី​ខ្ញុំ​ជួប​ឯកឧត្តម​ឆ្នាំ​២០១៨ ថា «​ដាក់​នុយ​តូច ដើម្បី​ស្ទូច​យក​ត្រី​ធំ មានន័យថា បង្កើត​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ទទួល​បាន​សមិទ្ធផល​ធំៗ​។

ក្រៅ​ពី​នេះ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​តំបន់ កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច និង កិច្ចព្រមព្រៀង​នានា​របស់​អាស៊ាន ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ និង​ចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ប្រែក្លាយ​អាស៊ាន​ទៅជា​ទីផ្សារ និង មូលដ្ឋាន​ផលិតកម្ម​រួម​។ ជា​តំបន់​ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់ មានការ​អភិវឌ្ឍ​ដោយ​សមធម៌ ហើយ​ធ្វើ​សមាហរណកម្ម​ជាមួយ​សេដ្ឋកិច្ច​ពិភពលោក​។ បច្ចុប្បន្ន​កម្ពុជា​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាស៊ី​ចំនួន ១៥​ទៀត ដើម្បី​ចរចា​បញ្ចប់​ក្នុង​ឆ្នាំ​២០១៩​នេះ នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ ហៅ​កាត់​ថា RCEP ដែលមាន ផ​.​ស​.​ស ជាង ៣០% នៃ ផ​.​ស​.​ស​ពិភពលោក​, គិត​ជា​ទឹកប្រាក់ គឺ​ប្រមាណ ៨៥​ទ្រី​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៨៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114