ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​​ ក្រុម​គ្រួសារ​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម

កំពង់ឆ្នាំង ​៖ ​បុរស​ជនរងគ្រោះ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ ចំណុច​ជ្រៃ​គោក​ដែល​មាន​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ពី ភូមិ​ត្រពាំង​ក្រវ៉ាន់ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង។

ហេតុការណ៍​ភ្ញាក់ផ្អើល ប្រទះឃើញ​សព​​ជនរងគ្រោះ​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៩។ នៅ​ក្នុង​ករណី​នេះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​សង្ស័យ​ថា ​ជា​អំពើ​ឃាតកម្ម។

ប្រភព​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ៖ ​ជនរងគ្រោះ​ឈ្មោះ លាង គីម (​ហៅ​ហេង​)​អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​ និង​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ។ នៅ​ថ្ងៃ​កើតហេតុ​ជនរងគ្រោះ​ បាន​ទៅ​ទាក់​ក្រូច​អឺត និង​ដាក់​អន្ទាក់​សត្វ នៅ​ចំណុច​ព្រៃ​កើតហេតុ​ខាង​លើ​ដូច​ទម្លាប់​សព្វដង ដោយ​ចេញ​ពី​ផ្ទះ​តាំងពី​ម៉ោង​៨​ព្រឹក លុះ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី ​ប្រពន្ធ​ក៏បាន​ទូរស័ព្ទ​រក​ប្ដី ​តែ​ពេលនោះ​ទូរស័ព្ទ​មិន​ចូល ប្រពន្ធ​នឹកស្មាន​ថា ​ប្ដី​របស់​ខ្លួន​ទៅ​ទាក់​សត្វ​ជា​ធម្មតា ក៏​ពុំបាន​ចាប់អារម្មណ៍​ថា​មាន​កើតហេតុ​ការណ៍​អ្វី​ឡើយ។ បន្ទាប់មក​នៅ​ម៉ោង​២​និង​១៥ នាទី រសៀល​ទើប​មាន​អ្នក​ស្រុក មក​ប្រាប់​ថា ជនរងគ្រោះ​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​បាត់​ទៅ​ហើយ​ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ នាំគ្នា​ទៅ​កន្លែង​កើតហេតុ និង​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ។

ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​៖ ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​គេ​ឃើញ​នៅ​លើ​ខ្លួន​សាកសព​មាន​ស្នាម​ត្រូវរបួស​នឹង​គ្រាប់កាំភ្លើង​ខ្យល់ មួយ​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង ដែល​គ្រាប់​កាំភ្លើង​នោះ​គឺជា​គ្រាប់​កង់ ដែល​មាន​ទំហំ​៤​លី និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ស្មា​ត​ហ្វូ​ន​មួយ​គ្រឿង នៅលើ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង គឺ​នៅ​គ្រប​ពី​លើ​មុខរបួស​របស់​ជនរងគ្រោះ។ ចំណែក​ដៃ​ជនរងគ្រោះ​ខាងស្ដាំ​ឃើញ​មាន​ស្នាម​បែក​ជាំ​ដុំៗ និង​ផ្នែក​ក​ខាងក្រោយ ក៏​ឃើញ​មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង ដែល​ក្រុម​គ្រួសារ​ជា​អំពើ​ឃាតកម្ម សម្លាប់​ជនរងគ្រោះ​ដោយសារ​គំនុំ​អ្វី​មួយ។

ជុំវិញ​រឿង​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​​ សំណូមពរ​សមត្ថកិច្ច​ជំនាញ​មេត្តា​ជួយ​ស៊ើបអង្កេត ​ករណី​ស្លាប់​ខាង​លើ​នេះ​ឲ្យ​អស់ពី​សមត្ថភាព​ផង ដើម្បី​ឲ្យ​អស់​ការសង្ស័យ​ ព្រោះថា បើ​សង្ស័យ​ថា ​គាត់​រាល​កាំភ្លើង​ចំ​ដើមទ្រូង​ស្លាប់ បើ​រាល​ចំ​បែបនេះ​តើ​រាល​ម៉េច​កើត​ទៅ​កាំភ្លើង​វែង​បែប​នោះ មានតែ​ទៅ​ឈរ​នៅ​ពីមុខ​យក​ជើង​ជាន់​កៃ …!!! ។ ដូច្នេះ​ការ​សន្និដ្ឋាន​ថា គាត់​រាល​កាំភ្លើង​ចំ​ដើមទ្រូង​ស្លាប់​ដោយ​ខ្លួនឯង ដូចជា​មិន​សម​ហេតុផល​នោះទេ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៩ ​នេះ ក្រុម​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ លោក ប៉ុល វុទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ដោយ​ផ្ទាល់។ ឆ្លង​កាត់​តាម​ការ​ស្រាវជ្រាវ​សមត្ថកិច្ច​ខាងលើ​ បាន​សន្និដ្ឋាន​ជាបឋម ដោយ​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ​ខាង​លើ​នេះ គឺ​បណ្ដាល​មកពី​រាល​កៃ​កាំភ្លើង​ខ្យល់​ស្លាប់ ដោយ​ខ្លួនឯង។

នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ បាន​រក​ឃើញ​កាំភ្លើង​ខ្យល់​១​ដើម របស់​ជនរងគ្រោះ នៅ​ក្នុង​ព្រៃ​ចម្ងាយ​ពី​សព​ជនរងគ្រោះ​៥​ម៉ែត្រ និង​នៅ​ជិត​សព​ជនរងគ្រោះ​មាន​ថង់​ស្ពាយ​មួយ ដែល​ក្នុង​ថង់​នោះ​មាន​អន្ទាក់​ក្រួច​អឺត​ចំនួន​៤ និង​គ្រាប់​កង់​សម្រាប់​បាញ់​កាំភ្លើង​ខ្យល់​ចំនួន​៧៧ គ្រាប់។ ក្រៅ​ពី​នេះ​សមត្ថកិច្ច​រក​មិន​ឃើញ​ស្លាកស្នាម​នៅ​ក្បែរ​សព​ជនរងគ្រោះ ដែល​គួរ​ឲ្យ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​នោះឡើយ។

ជុំវិញ​រឿង​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​៖ នៅតែ​បើក​ការស៊ើបអង្កេត​បន្ត​ទៀត ដើម្បី​ស្វែងរក​ការពិត ឲ្យ​អស់​ការសង្ស័យ ជុំវិញ​ករណី​ស្លាប់​បុរស​ខាង​លើ​នេះ៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114