ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ការងារ​ពិសេស​ លុបបំបាត់​ជំងឺ​គ្រុនចាញ់​ខេត្ត​ត្បូងឃ្មុំ​ បើក​កិច្ចប្រជុំ​ដោះស្រាយ​រក​វិធីសាស្ត្រ លុបបំបាត់​ជំងឺគ្រុនចាញ់

ត្បូងឃ្មុំ​ ៖ ​ក្រុមការងារ​ពិសេស​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​រក​វិធីសាស្ត្រ​ក្នុង​ការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​អស់​ពី​ខេត្ត​ត្បូងឃ្មុំ ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

កិច្ចប្រជុំ​ពិសេស​នេះ​ ក្រោម​អធិបតីភាព​ឯកឧត្ដម គន់ សុភា អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​ត្បូង​ឃ្មុំ និង​មានការ​ចូលរួម​ពី អនុប្រធាន​មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។​

ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត បាន​ថ្លែងថា ជំងឺ​គ្រុនចាញ់​ហាក់​មានការ​កើនឡើង​ក្នុង​មួយ​រយៈ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​របស់​យើង​។

ឯកឧត្ដម បាន​បន្តទៀតថា ការកើនឡើង​ នៃ​ជំងឺ​គ្រុនចាញ់​នេះ គឺ​កើតឡើង​ភាគច្រើន​ទៅលើ​បងប្អូន​ចំណាកស្រុក ដែល​រកស៊ី​នៅក្នុង​ព្រៃ ហើយ​ជំងឺ​គ្រុនចាញ់​នេះ​ក៏​កើតមាន​ស្ទើរ​គ្រប់​តំបន់ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​យើង​នេះ។

ជាមួយគ្នានេះ​ផងដែរ ឯកឧត្ដម គន់ សុភា ក៏បាន​សំណូមពរ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​យកចិត្ត​ទុក​ដាក់ ផ្គត់ផ្គង់​ឱសថ​សម្ភារៈ​បរិក្ខារ ទាក់ទង​នឹង​ជំងឺ​គ្រុនចាញ់​នេះ​កុំ​ឲ្យ​ដាច់​។ មន្ទីរ​សុខាភិបាល​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​បន្ត ទាក់ទង​នឹង​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​គ្រុនឈាម ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត ដូចជា​សំបក​កំប៉ុង សំបក​កង់ឡាន ​និង​អ្វីដែល​ទាក់ទង​នឹង​សំបុក​មូស​ត្រូវ​សំអាត​ឲ្យ​បាន​ស្អាត​។​

ជាមួយក្នា​នោះ ​ឯកឧត្ដម អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​សំណូមពរ​ដល់​មន្ទីរ​/​អង្គភាព អភិបាលក្រុង​/​ស្រុក ត្រូវធ្វើ​ការផ្សព្វផ្សាយ​តាម​មូលដ្ឋាន តាមរយៈ​កិច្ចប្រជុំ​របស់​ក្រុង ស្រុក ដែល​មាន​សមាសភាព​ឃុំ ភូមិ​ចូលរួម​ត្រូវ​ផ្សព្វផ្សាយ​បន្ត ដើម្បី​ឲ្យ​សហគមន៍​របស់​យើង​បាន​ទទួល​នូវ​សេវា​សុខ​ភាព​ល្អ ទាល់​តែ​រដ្ឋបាល​យើង​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​ត្រូវតែ​ផ្សព្វផ្សាយ ហើយ​ផ្សព្វផ្សាយ​ទៀតឲ្យ​គាត់​យល់ដឹង​ពី​បញ្ហា​ការពារ​បរិស្ថាន​ជុំវិញ​ទាក់ទង​នឹង​ជម្រក​មូស ដែល​បណ្តាលឲ្យ​កើត​ជំងឺ​គ្រុនចាញ់​គ្រុនឈាម​ដែល​យើង​មិន​បាន​ដឹង​ជាមុន​។​

ឯកឧត្ដម គន់ សុភា អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេលដែល​សង្ស័យ​ថា មាន​ជំងឺ​គ្រុនចាញ់ ឫ​គ្រុនក្ដៅ​ត្រូវ​នាំ​អញ្ជើញ​ទៅ​ពិនិត្យ​ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព កុំ​ឲ្យ​ព្យាបាល​ពេទ្យ​ឯកជន​តាម​ភូមិ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។

បើតាម​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត ម៉ា សុខន អនុប្រធាន​ការិយាល័យ​បច្ចេកទេស​ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ ៖ ​ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនចាញ់​នៅ​ខេត្ត​ត្បូងឃ្មុំ មានការ​កើត​ឡើង​ចំនួន​២៩៩០​ករណី តែ​គ្មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ​។ ទាក់ទង​នឹង​បញ្ហា​ជំងឺ​គ្រុន​ចាញ់ និង​វិធីសាស្ត្រ​ដែល​យើង​ត្រូវ​លុបបំបាត់​ជំងឺ គឺ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ តែង​ធ្វើ​សកម្មភាព​នៅ​គ្រប់​ក្រុង​ស្រុក​ទាំងអស់​ទូទាំង​ខេត្ត ដូចជា​ការចែក​មុង​គ្រែ​មុង​អង្រឹង​ជ្រលក់​ថ្នាំ ​ក៏ដូចជា ការ​ផ្សព្វផ្សាយ​ពី​ការ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ក្នុង​គោលបំណង​បំបាត់​សំបុក​មូស​ខ្លា​ផងដែរ៕

ដោយ ៖ សាន វិ​ឡែ​ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114