ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណាំ​ម្អម​នៅ​សង្កាត់​ជើង​ទឹក​ ក្រុង​ព្រៃវែង ​ជួប​បញ្ហា​ជំងឺ

ព្រៃវែង​ ៖​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន ​ស្ដីពី​ម្អម​មាន​ជំងឺ លោក​ ប៊ុន ​សា​ខន ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​ និង​ផលិតភាព​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យមើល​ស្ថានភាព ដំណាំ​ម្អម ស្រែ របស់​ប្រជាកសិករ ចំនួន២៩​គ្រួសារ នៅ​ភូមិ​ជើង​ទឹក សង្កាត់​ជើង​ទឹក​ក្រុង​ព្រៃវែង ​ដែល​បាន​​ទទួលរង​ជំងឺ​រលួយ​ងាប់​ជា​ដុំ។

តាម​ការ​សង្កេត​តាមដាន និង​ពិភាក្សា ជាមួយ​កសិករ​ក្នុងភូមិ​ និង​ដំណាំ​ម្អម​ផ្ទាល់​ពី​ឫសគល់​ នៃ​បញ្ហា លើ​ដំណាំ​ម្អម​កើតមាន​ជំងឺ​រួចមក មន្ត្រី​ជំនាញ​អាច​សន្និដ្ឋាន​ជាបឋម​ថា បញ្ហា​នេះ​កើតឡើង​ពី​បញ្ហា​ពូជ ដែល​មិន​ធុន​​ ព្រោះថា​ពូជ​នេះ​កាត់​លើក​ទី​១ ប្រមូល​ផល​បាន​ល្អ ប៉ុន្តែ ដាំ​លើក​ទី​២ កើតមាន​បញ្ហា​ជំងឺ​។ ចំពោះ​ពូជ​នេះ​គាត់​យក​ពី​ខេត្ត​បាត់ដំបង​មក​ដាំ ប៉ុន្តែ​ចំពោះ​ពូជ​ម្អម​ផ្សេងទៀត​ ដែល​បាន​ដាំ​នៅ​ទីនេះ​កន្លង​ មិន​មាន​កើតឡើង​នូវ​ជំងឺ​ឡើយ។

លោក ប៊ុន​ សា​ខន ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​ និង​ផលិតភាព​កសិកម្ម​ខេត្ត បានឲ្យ​ដឹងថា ដំណាំ​ម្អម​ មាន​ប្រជាកសិករ​២០​គ្រួសារ បាន​ប្រកប​របរ​ដាំ​ដំណាំ​ម្អម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ ខេត្ត​ព្រៃវែង​ និង​ភ្នំពេញ (​ផ្សារ​ដើម​គរ​នឹង​ផ្សារ​នាគ​មាស​)​ផ្ទៃដី​ដាំ​សរុប​ប្រមាណ​៣០​ហិកតា ម្អម​មាន​អាយុ​កាល​២០​ ទៅ​៣០​ថ្ងៃ​ អាច​ប្រមូល​ផល​បាន។ ចំពោះ​បរិមាណ​ផល​ម្អម​ក្នុង​១​ហិកតា​ អាច​ប្រមូល​ផល​បាន​៥០​តោន អាច​លក់​ជាទូទៅ​ក្នុងតម្លៃ​៣០០​រៀល​/​គ​ក្រ បើ​សរុប​រួម​ប្រមាណ​១៥​លាន​រៀល ​ក្នុង​ហិកតា។ ចំពោះ​ការ​នាំ​ចេញទៅ​ផ្គត់ផ្គង់​ទីផ្សារ ភ្នំពេញ គឺ ១០​ ទៅ​១២​តោន​ក្នុង​ថ្ងៃ ប៉ុន្តែ​ចំពោះ​មុខ​នេះ​មាន​ការ​ថយ​ចុះ​បន្តិច មូលហេតុ​ដោយសារ​តម្រូវការ​ទីផ្សារ​មានការ​ថយ​ចុះ​ពី​អ្នកបញ្ជា​ទិញ៕

ដោយ ៖ ​សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114