ព័ត៍មានទាន់​ហេតុការណ៏
Search

កោះ​ផ្ដើម​ស្នេហ៍ ពង្រីក​វិសាល​ភាពជា​កន្លែង​បោះតង់​សម្រាប់​ទេសចរណ៍​លើ​កោះ​ទ្រង់

​ក្រចេះ​ ៖ តំបន់​ទេសចរណ៍​ខ្លះ​ ទោះ​ជាមាន​វិសាលភាព​ភូមិសាស្ត្រ​តូច​ក៏ពិតមែន​ តែ​បាន​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ ក៏​ដោយសារតែ​តំបន់​នោះ​មាន​អំណោយផល​ច្រើន​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ ជាអាទិ៍​ដូចជា ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​ទ្រង់​ខេត្ត​ក្រចេះ​បាន​និង​កំពុង​ពង្រីក​វិសាលភាព​មូលដ្ឋាន​ដី​បន្ថែមទៀត​ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​សេវា​បោះតង់​ដែល​មាន​ឈ្មោះ​កោះ​ថ្មី​ថា​កោះ​ផ្ដើម​ស្នេហ៍។

​បើតាម​ប្រសាសន៍​អះអាង​របស់​លោក ប៊ុន បាន ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កោះ​ទ្រង់​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គម្រោង​ក្នុងការ​ពង្រីក​វិសាលភាព​ដី​កោះ​នេះ ឃ្លាត​ពី​រមណីយដ្ឋាន​ចាស់​តែ​ចម្ងាយ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ។ ដោយ​គោលដៅ​ផ្តោតទៅលើ​ការបម្រើ​សេវាកម្ម​បោះតង់ និង​ការ​ទទួល​អាហារ​ហូប​ចុក​ដែល​មាន​តម្លៃ​ទាប​បំផុត។ ផ្អែកលើ​សេវាកម្ម​បោះតង់​ទទួល​ភ្ញៀវ​ទេសចរ​នេះ​ក្នុងតម្លៃ​តង់​មួយ​ពី​១៥​ ទៅ​២៥​ដុល្លារ និង​ការ​ហូបចុក​៤​ដុល្លារ​ផងដែរ។

លោក​ ប៊ុន បាន បន្តថា ​តាម​ការណែនាំ​និង​ការ​ចុះមក​ពិនិត្យ​ដល់​ទី​កន្លែង​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បានធ្វើ​ការណែនាំ និង​រៀបចំ​សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អ រួម​នឹង​ការ​ជំរុញ​លើកស្ទួយ​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ ធ្វើ​ឲ្យ​តំបន់​ដែន​កោះ​ផ្តើម​ស្នេហ៍​មានការ​វិវត្តន៍​លឿន​ឆាប់រហ័ស៕

ដោយ ៖ កញ្ញា​វ៉ាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114