ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ត្រៀម​ បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ថ្វីបើ​មានការ​ព្រមាន

កាលពី​ថ្ងៃ​ពុធ ប្រទេស​អ៊ីរ៉ង់​មិន​អើពើ​ចំពោះ​ការព្រមាន​របស់​អាមេរិក​និង​សហភាព​អឺរ៉ុប​ទេ​ហើយ​បាន​ប្តេជ្ញា​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខ្លួន​នឹង​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​លើស​កម្រិត​ដែល​ខ្លួន​បាន​យល់ព្រម​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១៥​។​

​ប្រទេស​អ៊ីរ៉ង់​កំពុង​ធ្វើ​សកម្មភាព​តាម​ការ​គំរាម​របស់ខ្លួន​កាលពី​ថ្ងៃទី​៨​ខែឧសភា​ក្នុង​ការផ្អាក​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump បន្ទាប់ពី​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​កាលពី​ឆ្នាំមុន​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយថា ការសម្រេចចិត្ត​កាលពី​ថ្ងៃ​ពុធ​គឺជា​ការឆ្លើយតប​ទៅនឹង​ការបរាជ័យ​របស់​ភាគី​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​ក្នុង​ការបន្ត​ការសន្យា​របស់​ពួកគេ​និង​ជួយ​អ៊ីរ៉ង់​ពី​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​។​

​លោក Rouhani បាន​ប្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា “​នៅ​ថ្ងៃទី​៧​ខែកក្កដា កម្រិត​នៃ​ការ​ចម្រាញ់​របស់​យើង​នឹង​លែងមាន​៣,៦៧​ភាគរយ​ទៀតហើយ​។ យើង​នឹង​លែង​គោរព​តាម​ការប្តេជ្ញាចិត្ត​នេះ​។ យើង​នឹង​បង្កើន​កម្រិត​បរិមាណ​លើសពី​៣,៦៧​ភាគរយ​តាម​អ្វីដែល​យើង​ចង់បាន​និង​តាម​អ្វីដែល​យើង​ត្រូវការ​”​។​

​ការ​ចម្រាញ់​ក្នុង​កម្រិត​អតិបរិមា​ដែល​បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ការផលិត​ថាមពល​អគ្គិសនី​ប៉ុន្តែ​ទាប​ជាង​កម្រិត​៩០​ភាគរយ​ដែល​ត្រូវការ​សម្រាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​ប្រទេស​បារាំង​បាន​ព្រមាន​ដល់​ក្រុង​តេ​អេ​រ៉ង់​ថា​ខ្លួន​នឹងមិន​ទទួលបាន​អ្វី​សោះ​សម្រាប់​ការចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះហើយ​បាន​និយាយថា ការជំទាស់​ចំពោះ​កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​ភាព​តានតឹង​ដែល​បាន​ឈានដល់​កម្រិត​ខ្ពស់​រួចទៅហើយ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីរ៉ង់​បាន​ទទូចថា ខ្លួន​មិនបាន​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​ទេ​ដោយ​លើកឡើង​ពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​នឹង​អនុញ្ញាត​ឲ្យ​ភាគី​មួយ​អាច​បោះបង់ចោល​ការប្តេជ្ញា​ចិត្ត​មួយចំនួន​ជា​បណ្តោះអាសន្ន​បាន​ប្រសិនបើ​ខ្លួន​យល់ឃើញថា ភាគី​ម្ខាង​ទៀត​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114