ព័ត៍មានទាន់​ហេតុការណ៏
Search

យុទ្ធនាការ​ឃោសនាបោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន​ បាន​ចាប់ផ្ដើម​ខណៈ​ក្តីសង្ឃឹម​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​របស់លោក Abe មាន​ភាព​ស្រពិចស្រពិល

យុទ្ធនា​ការឃោសនា​សម្រាប់​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន​នៅ​ថ្ងៃទី​២១​ខែកក្កដា​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្លុក​កំពុងកាន់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe រំពឹងថា​នឹង​រក្សា​សំឡេង​ភាគច្រើន​ប៉ុន្តែ​ប្រហែល​ជាមាន​អាសនៈ​តិចជាង​មុន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ចំពោះ​ក្ដីសង្ឃឹម​ដើម្បី​សម្រេច​គោលដៅ​របស់លោក​ក្នុងការ​កែសម្រួល​រដ្ឋធម្មនុញ្ញ​។​

​លោក Abe ដែល​បាន​ឡើងកាន់តំណែង​កាលពី​ខែធ្នូ​ឆ្នាំ​២០១២​ជាមួយ​ការសន្យា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​ពង្រឹង​ការការពារ​ជាតិ​គឺ​កំពុង​ជំរុញ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក​ឲ្យ​ក្លាយជា​ភាគី​ល្អ​បំផុត​សម្រាប់​ស្ថេរភាព​នយោបាយ​និង​បាន​គូសបញ្ជាក់​អំពី​ជំនាញ​ការទូត​របស់លោក​រួមទាំង​ចំណងមិត្តភាព​ផ្ទាល់ខ្លួន​ដ៏​កក់ក្តៅ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ផងដែរ​។​

​លោក Abe ក៏​កំពុង​គូសបញ្ជាក់​ផងដែរ​អំពី​ការអំពាវនាវ​របស់លោក​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្រោយ​សង្គ្រាម​ដើម្បី​ធ្វើ​ឲ្យ​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន (SDF) កាន់តែ​ត្រឹមត្រូវ​តាមច្បាប់​។​

​ទីភ្នាក់ងារ​ព័ត៌មាន Kyodo បាន​ដកស្រង់​សម្តី​លោក Abe ដែល​បាន​និយាយ​នៅក្នុង​សុន្ទរកថា​យុទ្ធនា​ការឃោសនា​លើកដំបូង​របស់លោក​ក្នុង​តំបន់ Fukushima ថា “​យើង​បាន​សន្យា​ក្នុង​គោលការណ៍​បក្ស​របស់​យើង​ដើម្បី​បញ្ចូល SDF ទៅក្នុង​រដ្ឋធម្មនុញ្ញ​”​។​

​គណបក្សប្រឆាំង​កំពុង​ផ្តោតលើ​អ្វីដែល​ពួកគេ​ហៅថា​ជាការ​គំរាមកំហែង​ដល់​ហិរញ្ញវត្ថុ​អ្នកបោះឆ្នោត​រួមទាំង​ផលប៉ះពាល់​ដល់​ការចំណាយ​ពី​ការកើនឡើង​ពន្ធ​លើ​ការលក់​កាលពី​ខែតុលា​ដល់​១០​ភាគរយ​និង​ភាពទន់ខ្សោយ​ក្នុង​ប្រព័ន្ធ​ប្រាក់​សោធន​សាធារណៈ​ផងដែរ​។​

​ការស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បង្ហាញថា គណបក្ស LDP កំពុង​នាំមុខ​គណបក្សប្រឆាំង​គឺ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ​ជប៉ុន​និង​គណបក្ស​ដទៃទៀត​។​

​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​បី​ឆ្នាំ​ម្តង​សម្រាប់​អាសនៈ​ពាក់កណ្តាល​របស់​សភា​ហើយ​អាណត្តិ​របស់​សមាជិក​មាន​រយៈពេល​ប្រាំ​មួយឆ្នាំ​។ កំណែទម្រង់​កាលពី​ឆ្នាំ​មុននឹង​បង្កើន អាសនៈ​សភា​ជាន់ខ្ពស់​ពី​២៤២​ដល់​២៤៥​ហើយ​អាសនៈ​ចំនួន​១២៤​នឹង​ត្រូវបាន​បោះឆ្នោត​នៅក្នុង​ជុំ​នេះ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114