ព័ត៍មានទាន់​ហេតុការណ៏
Search

ភាគី​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​2019 Homless World Cup នៅ​ចក្រភព​អង់គ្លេស

នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រុមបាល់ទាត់​កម្ពុជា​ចំនួន ៨​រូប នឹងធ្វើ​ដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជន​អាណា​ថា​ពិភពលោក (Homeless World Cup 2019) ខណៈ​នេះ​ជា​លើក​ទី​១១​ហើយ​ដែល​កម្ពុជា បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​។

​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៩ នេះ​នឹង​មាន ៧២​ក្រុម មកពី ៤៨​ប្រទេស​ចូលរួម​ប្រកួត នៅក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់ Homeless World Cup នេះ​ស្រប​ពេលដែល​កម្ពុជា គឺ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី HFCA (Happy Football Cambodia Australia) ជា​អ្នកទទួលបន្ទុក​នាំ​កីឡាករ​ទៅ​ប្រកួត​។

លោកអ្នក​ស្រី Tina Redshaw ឯកអគ្គរាជទូត​តំណាង​ចក្រភព​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្នកស្រី​ស្វាគមន៍​ចំពោះ​ក្រុមបាល់ទាត់​កម្ពុជា ដែល​ធ្វើដំណើរ​ទៅ​ចក្រភព​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ពានរង្វាន់​ខាងលើ នៅ​ទីក្រុង Cardiff​។

ចំណែក​លោក Paraic Gorgan ស្ថាបនិក​របស់​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា ការ​ចេញទៅ​ប្រកួត​នេះ​បាន​ទទួល​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Smart Axiata​។

តាម​ការស្ទង់មតិ​នោះ​ថា ៩៤​ភាគរយ និយាយ​ថា ​ពានរង្វាន់​បាល់ទាត់​ជន​គ្មាន​ទីពឹង បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​របស់​ពួកគេ​។ ៨៣​ភាគរយ បាន​ចាត់ទុកថា ​បាល់ទាត់​ពិភពលោក​ជន​គ្មាន​ទីពឹង នេះ​បាន​បង្កើត​ទំនាក់ទំនង​សង្គម​ជាមួយ​គ្រួសារ និង​មិត្ត​ភ័ក្តិ​។ ៧៧​ភាគរយ បានចាត់ទុក​ថា​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​បាន​យ៉ាងច្រើន ដោយសារតែ​ការចូលរួម​របស់​ពួកគេ​ជាមួយ​បាល់ទាត់ និង ៧១​ភាគរយ ប្រកាស​ថា ​នៅ​បន្ត​លេង​កីឡាបាល់ទាត់​។

លោក Alex Ferguson អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លឹប Manchester United របស់​លី​គ​កំពូល​អង់គ្លេស ក៏បាន​ចេញ​សារ​ពី​ប្រទេស​របស់​លោក​មក​ថា កម្មវិធី​ប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជន​អាណា​ថា​នេះ បាន​បង្ហាញថា​ កីឡាបាល់ទាត់​គឺជា​ឧបករណ៍​ដ៏​មាន​ថាមពល​មួយ​ក្នុង​ការផ្លាស់​ប្ដូរជីវិត​មនុស្ស​ហើយ​វា​ពិតជា​ល្អ​ណាស់​ដែល​យើង​បានរួម​ចំណែក​ជាមួយ​វា​។

ពានរង្វាន់ Homeless World Cup នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០០៣ មកម្ល៉េះ ហើយ​ពានរង្វាន់​នេះ​បង្កើតឡើង​ក្រោម​ប្រតិបត្តិការ​រវាង​គណៈកម្មកា​រ Homeless World Cup ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA​ដោយ​កំណត់​ឲ្យ​ប្រកួត​ក្នុង​ទីលាន​ធម្មតា​មួយ​ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ហ្វូ​ត​សាល ប្រើ​ថិរវេលា ១៤ នាទី (៧ នាទី​ក្នុង​មួយតង់​) សម្រាប់​ប្រកួត​ខណៈ​ក្រុម​នីមួយៗ​អនុ​ញ្ញាត​ឲ្យ​កីឡាករ​ចូល​លេខ​ម្ខាង ៤ នាក់​។

កម្ពុជា ធ្លាប់​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​១០ លើក​មកហើយ ​ដោយ​កាលពី​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ ដែល​រៀបចំឡើង​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី លើក​ទី​២ នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ ២០០៩ លើក​ទី​៣ ឆ្នាំ ២០១០ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល លើក​ទី​៤ នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​ក្នុង​ឆ្នាំ ២០១១ លើក​ទី​៥ នៅ​ទីក្រុង Mexico City ប្រទេស​ម៉ិចស៊ីកូ ឆ្នាំ ២០១២ លើក​ទី​៦​នៅ​ទីក្រុង Poznan ប្រទេស​ប៊ូ​ឡូញ ឆ្នាំ ២០១៣ លើក​ទី​៧​ឆ្នាំ ២០១៤ នៅ​ទីក្រុង Santiago City ប្រទេស​ឈី​លី លើក​ទី​៨ ឆ្នាំ​២០១៥ នៅ​ទីក្រុង Amsterdam ប្រទេស​ហុ​ល្លង់ លើក​ទី​៩​ឆ្នាំ​២០១៦ នៅ​ទីក្រុង Glasgow ប្រទេស​ស្កុ​តឡែ​ន និង​លើក​ទី​១០ ឆ្នាំ​២០១៨ នៅ​ទីក្រុង Oslo ប្រទេស​ន័​រវេ​ស​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114