ព័ត៍មានទាន់​ហេតុការណ៏
Search

Hun Sen Cup ៖​ សូល​ទី​ឡូ​អង្គរ​ឈ្នះ​រតនគីរី ហើយ​វិសាខា ឈ្នះ​ប៉ូលីស ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​១​ថ្នាក់ជាតិ​វគ្គ​១៦​ក្រុម​ចុងក្រោយ

ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ (Hun Sen Cup 2019) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​សេនាធិការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​) បាន​ចាប់​ផ្ដើម​ពី​ចុងខែ​កុម្ភៈ មកម្ល៉េះ​ដោយមាន​ការប្រកួត​បែង​ចែកចេញជា​២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨ ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​។

គិត​ត្រឹម​ពេលនេះ​ ការប្រកួត​បាន​ធ្វើ​ឡើង​ដល់​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ហើយ ពោល​គឺ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​ ការប្រកួត​ជើង​ទី​១​ធ្វើឡើង​បាន​ចំនួន​៦​គូ​រួចរាល់​ហើយដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល ១០​ទល់​០​ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល​៤​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

ចំណែក​ក្រុម​បឹងកេត យកឈ្នះ​ក្រុម​ខេត្តសៀមរាប ៦​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​អគ្គីសនី​កម្ពុជា ប្រកួត​ស្មើគ្នា​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ លើ​ទីលាន​អគ្គីសនី​កម្ពុជា​។ ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​យកឈ្នះ​លើ​ក្រុម​ណាហ្គា​វើ​ល ២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​ហើយ​ក្រុម​អាស៊ី​អឺរ៉ុប បាន​ប្រកួត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។

​ចំណែក​លទ្ធផល​២​គូ​ចុងក្រោយ​ក្នុង​ជើង​ទី​១​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៤​ខែកក្កដា ឆ្នាំ​២០១៩ នេះ​វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ យកឈ្នះ​លើ​ក្រុម​ខត្ត​រតនគីរី ដោយ​លទ្ធផល​១១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​សូល​ទី​ឡូ​អង្គរ រកបាន​ដោយ​កីឡាករ ប្រាក់ ចាន់​រតនា​, លី សា​រ័ត្ន​,​រ័ត្ន សំណាង​,​លី ម៉ូ​ស្លី​ម និង​សឿង បញ្ញា ម្នាក់​២​គ្រាប់ ចំពោះ​គ្រាប់​បាល់​វាយបក​របស់​ក្រុម​រតនគីរី រកបាន​ដោយ​កីឡាករ សម្បត្តិ បញ្ញា​។ មួយ​គួ​ទៀត​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាញ់​ក្រុម​វិសាខា ៦​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​វិសាខា រកបាន​ដោ​យក​កីឡាករ ស៊ិន កក្កដា ២​គ្រាប់ កីឡាករ ទិ​ត្យ ឌី​ណា​, កែវ សុខ​ផេង​, សាន គឹម​ហេង និង​ស៊ិន ផាន់​ណាត រកបាន​ម្នាក់​១​គ្រាប់​។

តាម​គម្រោងការ​ប្រកួត​ធ្វើ​ចំនួន ២​ជើង ចាប់ផ្ដើម​ជើង​ទី​១ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្រុម​ទាំង​៨​គូ​ត្រូវ​ប្ដូរ​ទឹកដី​គ្នា​វិញ ហើយ​ក្រុម​ដែល​ឈ្នះ​ត្រូវ​បន្ត​ទៅ​វគ្គ​បន្ត​ចំនួន​២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១​ជើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114