ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ភ្នំពេញ​ក្រោ​ន ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​ខ្មែរ​បារាំង Thomas Sam Sochenn

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​កូន​ខ្មែរ​-​បារាំង Thomas Sam Sochenn ដែលជា​ខ្សែបម្រើ​ប្រចាំ​ក្រុម​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ខណៈ​កីឡាករ​រូបនេះ​មិនបាន​ជួយ​ក្រុម​បាន​ច្រើន​នោះទេ​ក្នុង​ពាក់កណ្ដាល​រដូវ​កាល​មកនេះ​។

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ជូនដំណឹង​ថា «​ក្លិប​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ក៏ដូចជា​អ្នកគាំទ្រ​ឲ្យ​បាន​ជ្រាប​ថា ក្លឹប​បានសម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ Thomas Sam Sochenn ក្រោយ​រូបគេ​បាន​ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​រយៈពេល​កន្លះ​រដូវ​កាល​មកនេះ​។ សូម​ជម្រាប​ជូន​ថា ដោយ​ឈរលើ​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ភាគី​ក្លឹប និង​សាមីខ្លួន យើង​បានសម្រេច​មិន​លើក​បង្ហាញ​មូលហេតុ​នៃ​ការចាកចេញ​នេះ​មក​បង្ហាញ​ទាំង​នោះ​ឡើយ ហេតុនេះ​សូម​សាធារណជន​ជាពិសេស​អ្នកគាំទ្រ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​មេត្តា​យោគយល់​ដោយ​ក្តី​អនុគ្រោះ​។

​ជា​មួយ​គ្នា​នេះ​ ក្លិប​ភ្នំពេញ​ក្រោ​ន ក៏បាន​ជូនពរ​ដល់​អតីត​កីឡាករ​របស់ខ្លួន​ផងដែរ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ Thomas នាពេល​កន្លងមក ក៏ដូចជា​សូម​ជូនពរ​រូបគេ​សូម​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​នា​ពេល​អនាគត​។ កីឡាករ​រូបនេះ​ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន ចុះកិច្ចសន្យា​ដំណាលគ្នា​នឹង​កីឡាករ​ខ្មែរ​បារាំង​មួយរូប​ទៀត​គឺ​Pich Owen ដែរ​ខណៈ​កីឡាករ​ទាំង​២​ក៏ត្រូវ​ក្លិប​បញ្ចប់​កិច្ចសន្យា​ក្រោយ​ចប់​ជើង​ទី​១​នៃ​លី​គ​កំពូល​កម្ពុជា​ដូចគ្នា​។

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ធ្លាប់មាន​បទពិសោធន៍​មួយចំនួន​នៅ​លី​គ​ទី​បី​នៃ​ប្រទេស​បារាំង មុននឹង​សម្រេចចិត្ត​មក​ភ្នំពេញ​ក្រោ​ន​កាលពី​ខែមីនា កន្លងទៅ​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​ខ្សែបម្រើ​កណ្តាល​រូបនេះ ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ហើយ​រូបគេ​ក៏បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន តែម្តង​។​មុន​មក​កម្ពុជា រូបគេ​បានចាប់ផ្តើម​លេង​បាល់ទាត់​នៅ​ប្រទេស​បារាំង ជាមួយ​ក្រុម Olympique Marseille រយៈពេល​៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៤ ហើយ​បាន​បន្ត​លេង​នៅ​ក្លិប Marignane Gignac F.C ដែលជា​សមាជិក លី​គ​ទី​បី​ប្រទេស​បារាំង​រយៈពេល​២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​២០១៨៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114