ព័ត៍មានទាន់​ហេតុការណ៏
Search

នំ​បញ្ចុក​ខ្មែរ​បាន​បង្ហាញ​ខ្លួន​ទទួលភ្ញៀវ​បរទេស​នៅ​ឯ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មុន​នេះ​បន្តិច​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​បាន​ឲ្យ​ដឹងថា​ នំ​បញ្ចុក​ខ្មែរ​បាន​បង្ហាញ​វត្ត មាននៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(World Trade Organization-WTO)​និង​មាន​បរទេស​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​តែម្តង។ នំ​បញ្ចុក​ខ្មែរ​ត្រូវ​បាន​ដាក់​បង្ហាញ​ជូន​ភ្ញៀវ​បរទេស​ពិសា​នៅក្នុង​កិច្ចប្រជុំ​កម្មវិធី​សង្គម​និង​វប្បធម៌ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ពិតជា​រីករាយ​ដែល​នំ​បញ្ចុក​ខ្មែរ​បាន​មក​ដល់ទី​ស្នាក់​ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) កាលពី​យប់មិញ​នៅក្នុង​កម្មវិធី​សង្គម​និង​វប្បធម៌​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ដូច​យើង​ដឹង​ហើយ​ថា​នំ​បញ្ចុក​គឺជា​អត្តសញ្ញាណ​នំ​របស់​ជាតិ​យើង​ដែល​បង្ហាញ​ពី​សាមគ្គីភាព​ស្អិតរ​មួ​ត​វេញ​ត្របាញ់​ចូលគ្នា​ដូចជា​ចង្វាយ​នំ​បញ្ចុក ដែល​មាន​គ្រឿងផ្សំ​ជាច្រើន​នាំមក​នូវ​ក្លិន​ដ៏​ឈ្ងុយ​និង​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​ដែល​នាំមក​នូវ​សុខភាព​ពិតៗ យើង​ចូលរួម​ឲ្យ​តម្លៃ​លើកតម្កើង​ម្ហូបអាហារ​និង​នំចំណី​ខ្មែរ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិធី​សំខាន់ៗ​តូច​ធំ​ទាំង​ក្នុង​និង​ក្រៅប្រទេស។ សូម​អរគុណ​និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តី​សុខ​និង​សំណាងល្អ​គ្រប់​ទីកន្លែង​»​។

គួរ​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​សង្គម​-​វប្បធម៌ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទីក្រុង​ហ្សឺ​ណែវ​ប្រ​ទេស​ ស្វីស​ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​លោក រ៉ូ​ប៊ែ​រ​តូ អា​ហ្សេ​វ៉េ​ឌូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្រមទាំង​វត្តមាន​លោក លោកស្រី អនុ​ប្រធានាធិបតី និង តំណាង​ប្រទេស​នៃ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាច្រើនរូប​។

​បន្ទាប់ពី​របាយការណ៍​របស់​លោក រ៉ូ​ប៊ែ​រ​តូ អា​ហ្សេ​វ៉េ​ឌូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សង្គម​និង​វប្បធម៌ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​រួម​មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុងនាម​ជា​ម្ចាស់​នៃ​ការ​ប្រារព្ធ​កម្មវិធី​ព្រឹត្តិការណ៍​សង្គម​និង​វប្បធម៌​មាន​ខ្លឹមសារ​សំខាន់ៗ​ថា​៖​សម្ដេច​ពិតជា​រីករាយ​ដែល បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​សង្គម​វប្បធម៌​នេះ​ដែល​កម្ពុជា​ត្រូវ​បានផ្ដល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ឲ្យ​ធ្វើជា​ម្ចាស់​កម្មវិធី​សង្គម​វប្បធម៌​នេះ​។

សម្តេច​ក៏បាន​កោតសរសើរ​ចំពោះ​រដ្ឋលេខាធិការដ្ឋាន WTO ដែល​បាន​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ WTO រៀបចំ​កម្មវិធី​ដ៏​វិសេសវិសាល​នេះ​ឡើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​សម្តេច​ពិត​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​លោក រ៉ូ​ប៊ែ​រ​តូ អា​ហ្សេ​វ៉េ​ឌូ បាន​លើកទឹកចិត្ត​ដល់ កម្ពុជា​ក្នុង​ជំនួប​ទ្វេ​ភាគី​កាលពី​ខែ តុលា ឆ្នាំ ២០១៨ និង ក្នុងជំនួប​កាលពី​ព្រឹក​ថ្ងៃទី ៣ ខែកក្កដា​នេះ ដោយ​បាន​បញ្ជាក់​ថា​ ទោះ​កម្ពុជា​ស្ថិត​ក្នុងឋានៈ ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្តី តែ​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​អាស៊ាន និង ក្នុង​អង្គការ WTO ជាពិសេស​បានធ្វើ​ជា​អ្នកសម្របសម្រួល បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ២០១៧​ដល់​ឆ្នាំ​២០១៨ ប្រកបដោយ​ជោគជ័យ​។ ជា​ការពិត​ក្នុងនាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច​កម្ពុជា ជឿ​លើ​អត្ថប្រយោជន៍​នៃ​សកលភាវូបនីយកម្ម និង កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ឈរ​លើ​វិធាន​គតិយុត្តិ​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុងចំណោម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​រយៈពេល​កន្លងមក​ហើយក៏​បាន​អំពាវនាវ​ដល់​សមាជិក WTO និង​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​ឲ្យ​បន្ត​ជួយ​ដល់​ប្រទេស​ជា​សមាជិក ក្រីក្រ​ឲ្យ​បាន​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច និង​អាច​បន្ត​ជំរុញ​កិច្ច​ដំណើរការ​អភិវឌ្ឍ​របស់​ខ្លួន​ទៅមុខ​កាន់តែ​លឿន​ថែមទៀត​ស្រប​ទៅ​តាម គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​អង្គការសហប្រជាជាតិ​។ នាឱកាស​នោះ​ផង​ដែរ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​បើក​កម្មវិធី សង្គម​វប្បធម៌​ជា​ផ្លូវការ​ដោយមាន​ការសំដែង​សិល្បៈ​ប្រពៃណី​ខ្មែរ​ជូន​ភ្ញៀវ​ទស្សនា​កំសាន្ត​ផងដែរ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114