ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​នឹង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​អាស៊ី​ចំនួន​១៥​នៅក្នុង​ឆ្នាំនេះ

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​ កម្ពុជា​នឹង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​នៅ​ចុងឆ្នាំ ២០១៩ នេះ​ជាមួយ ប្រទេស​នៅ​អាស៊ី​ចំនួន ១៥ ដែល​ហៅ​កាត់​ថា RCEP ដែលមាន ផ​.​ស​.​ស ជាង ៣០% នៃ ផ​.​ស​.​ស ពិភពលោក​, គិត​ជា​ទឹកប្រាក់​គឺ​ប្រមាណ​៨៥ ទ្រី លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ការ​ថ្លែង​បើក​នៃ​កិច្ចប្រជុំ​ត្រួត ពិនិត្យឡើងវិញ​ជាស​កល​លើក​ទី ៧ «​ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទីក្រុង​ហ្សឺ​ណែវ​,​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩​។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​បច្ចុប្បន្ន​កម្ពុជា​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាស៊ី​ចំនួន ១៥​ទៀត​ដើម្បី​ចរចា​បញ្ចប់​ក្នុង ឆ្នាំ​២០១៩​នេះ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ ហៅ​កាត់​ថា RCEP ដែល​មាន ផ​.​ស​.​ស ជាង​៣០%​នៃ ផ​.​ស​.​ស​ពិភពលោក​,​គិត​ជា​ទឹកប្រាក់ គឺ​ប្រមាណ ៨៥ ទ្រី​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៨»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ​កម្ពុជា​បាន​រៀបចំ​និង​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​តាំងពី​ឆ្នាំ ២០០១ ហើយ​បាន​កែ​លម្អ​ជា​បន្តបន្ទាប់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កម្រិត​នៃ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា។ ក្នុង​ឆ្នាំ​២០១៩​នេះ​កម្ពុជា បាន​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​រួចរាល់​ជា​ស្ថាពរ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២២៣ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក៏ដូចជា​ឆ្លើយតប​ទៅនឹង​បរិការណ៍​បច្ចុប្បន្ន និង អនាគត​នៃ​ពាណិជ្ជកម្ម​តំបន់​និង​ពិភពលោក​។

​ជា​លទ្ធផល​ពី​កិច្ច​ខំប្រឹងប្រែង​ខាងលើ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧,៧% ប្រកបដោយ​បរិ​យា​ប័ន្ន និង សមធម៌ ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​។ កម្ពុជា​ថែមទាំង​សម្រេចបាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ​គឺ​ការ​ឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ទៅជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥​។ សម្រាប់​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន ៧,៥% និង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​អាច​បន្ត​រក្សា​បាន​ក្នុង​រង្វង់​៧% ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ។ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៥៣,២% ក្នុង​ឆ្នាំ​២០០៤ មក​នៅក្រោម ១០% ក្នុង​ឆ្នាំ​២០១៨។ ជា​មួយ​គ្នា​នេះដែរ​កម្ពុជា​បានធ្វើ​ពិពិធ​កម្ម​ទាំង​ផលិតផល​និង​ទីផ្សារ​ដែល​ក្នុងនោះ​ការនាំចេញ របស់​កម្ពុជា​បាន​កើន​ពី ៥,៧​ប៊ី​លាន​ដុល្លារ (​ស្មើនឹង ៤០,៥% នៃ​ផសស​) នៅ​ឆ្នាំ​២០១២ មកដល់ ១៣ ប៊ី​លាន​ដុល្លារ​(​ស្មើនឹង ៥៣,២% នៃ​ផសស​) នៅ​ឆ្នាំ​២០១៨ និង​បានធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ​ពី​ការនាំចេញ​សម្លៀកបំពាក់​ទៅកាន់​ផលិតផល​ផ្សេងទៀត។

ដូចគ្នានេះដែរ​គោលដៅ​នាំចេញ​ត្រូវបាន ធ្វើ​ពិពិធ​កម្ម​ពី​ការ​ផ្តោតលើ​ទីផ្សារ​សហរដ្ឋអាមេរិក​ទៅ​ផ្តោតលើ​ទីផ្សារ​អឺរ៉ុប​, ជប៉ុន​, តំបន់​អាស៊ាន និង ប្រទេស​ដទៃទៀត​។

ក្រៅ​ពី​នេះ​,​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​តំបន់​, កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​កាតព្វកិច្ច និង​កិច្ចព្រមព្រៀង​នានា​របស់​អាស៊ាន​ ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ និង ចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ប្រែក្លាយ​អាស៊ាន​ទៅជា​ទីផ្សារ​និង​មូលដ្ឋាន​ផលិតកម្ម​រួម។ ជា​តំបន់​ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់​មានការ​អភិវឌ្ឍន៍​ដោយ​សមធម៌ ហើយ​ធ្វើ​សមាហរណកម្ម​ជាមួយ​សេដ្ឋកិច្ចពិភពលោក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ជាមួយនឹង​ការខិតខំ​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុវត្ត​យ៉ាង​ខាប់​ខ្លួន​នូវ​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យសេរី ពហុបក្ស ខិតខំ​រក្សា​សន្តិភាព​,​សន្តិសុខ​, ស្ថិរភាព​នយោបាយ​, សណ្ដាប់ធ្នាប់ សង្គម និង គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន តាមរយៈ​ការ​ដាក់ចេញ និង អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទូលំទូលាយ ជា​អា​ទី យុទ្ធសាស្ត្រ​ចតុកោណ ដែល​ជា​របៀបវារៈ​គោល​នយោបាយ​រួម​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​និង​យុទ្ធសាស្ត្រ តាម​វិស័យ​សំខាន់ៗ​ដទៃទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114