ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​មានការ​កែប្រែ​មុខមាត់​ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជា ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​មោទនភាព​ជាតិ​ជម្រាប​ជូន​ភ្ញៀវ​បរទេស​ពី​លទ្ធផល​នៃ​ការ​ពុះពារ​និង​ការ ប្រឹងប្រែង​ដើម្បី​រស់​ឡើងវិញ ស្ដារ​កសាង​និង​អភិវឌ្ឍ​ជាតិ​កម្ពុជា​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការ​កែប្រែ​មុខមាត់ ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់​។

ការ​បង្ហាញ​នូវ​មោទនភាព​ជាតិ​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កម្មវិធី​ព្រឹត្តិការណ៍​សង្គម​-​វប្បធម៌ កាលពី​ព្រលប់​ថ្ងៃ​៣ ខែកក្កដា​ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ដែល​កម្ពុជា​ត្រូវ​បាន​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ឲ្យ​ធ្វើជា​ម្ចាស់ កម្មវិធី​សង្គម​-​វប្បធម៌​នេះ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​លោក រ៉ូ​ប៊ែ​រ​តូ អា​ហ្សេ​វ៉េ​ឌូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្រមទាំង​វត្តមាន​លោក លោកស្រី អនុ​ប្រធានាធិបតី​និង​តំណាង​ប្រទេស​នៃ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាច្រើនរូប​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព ក្នុងការ​ជម្រាប​ជូន​ដល់​អស់​លោក​អ្នក​ទាំងអស់​គ្នា​ថា ជា​លទ្ធផល​នៃ​ការ ពុះពារ​និង​ការ​ប្រឹងប្រែង​ដើម្បី​រស់​ឡើងវិញ​និង​អភិវឌ្ឍ​ជាតិ​កម្ពុជា​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការ កែប្រែ​មុខមាត់​ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់​។ ពេលនេះ​ប្រជាជាតិ​កម្ពុជា​កំពុងតែ​សប្បាយរីករាយ​ទទួលផល​ពី​សុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន។ កម្ពុជា​គឺជា​ករណី​ជោគជ័យ​សំខាន់​មួយ​របស់​ប្រទេស​ដែល​ធ្លាប់ ត្រូវបាន​ញាំញី​ដោយ​សង្គ្រាម ហើយ​សម្រេច​បាន​នូវ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ​»​។

សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្ត​ថា នៅក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ខ្លួន​កម្ពុជា​បាន​ជួបប្រទះ​នឹង​គ្រោះមហន្តរាយ​ដ៏​ធំ​មួយ​គឺ​ការ​ធ្លាប់​ចូល​ទៅ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​ក្នុង​ឆ្នាំ ១៩៧០-១៩៧៥ និង​របប​ខ្មែរក្រហម​ឆ្នាំ ១៩៧៥-១៩៧៩ ដែល​បាន​បំផ្លាញ​ដល់​ឫសគល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សង្គម​-​សេដ្ឋកិច្ច របស់​ជាតិ​។ ពួក​ប៉ុលពត​បាន​សម្លាប់​អ្នកចេះដឹង​ស្ទើរតែ​គ្មាន​សល់ ហើយ​បាន​បន្សល់ទុក​នៅ​កម្ពុជា​ដ៏​កំសត់​នា​ពេល​នោះ​នូវ​គំនរ​ផេះផង់​និង​ទឹកភ្នែក។ ថ្វី​ត្បិត​របប​ប៉ុលពត​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃ ៧ មករា ១៩៧៩ តែ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​នៅតែ​បន្ត​អូសបន្លាយ។ ស្ថិត​នៅ​ក្នុង​ស្ថានភាព​«​មាន សង្គ្រាម​ផង និង​សន្តិភាព​» កម្ពុជា​ពេលនោះ​បាន​ប្រើប្រាស់​ដៃ​ម្ខាង​សម្រាប់​ការពារ​ប្រទេស​ពី​ការវិល​ត្រឡប់មកវិញ​នៃ​អំពើ​ប្រល័យ​ពូជ សាសន៍ និង ដៃ​ម្ខាង​ទៀត​សម្រាប់​កសាង​និង​អភិវឌ្ឍ​ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ​។ ក្នុង​កាលៈទេសៈ​ដែល​មាន​ការ​ហ៊ុមព័ទ្ធ​និង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ខាងក្រៅ​ដោយ​អយុត្តិធម៌​។ នា​ពេល​នោះ​ក្នុងនាម​ជា​អ្នក​ដឹកនាំ​កំពូល​មួយ​រូប​នៃ​រដ្ឋាភិបាល​សម្តេច​បាន​ប្រមូល​ធនធានមនុស្ស​ដែល​នៅ​សេសសល់​ពី ស្លាប់ ហើយ​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ចំនួន​មិន​ដល់ ១០០នាក់​ផង ​មក​ធ្វើការ​ក្នុង​ក្រសួង ស្ថាប័ន​របស់​រដ្ឋ ដើម្បី​រៀបចំ​ស្តារ​ប្រទេស និង ជីវភាព​ប្រជាជន​ឡើងវិញ ខណៈ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង មូលដ្ឋាន​ផលិតកម្ម​គ្រប់​ប្រភេទ​ត្រូវ​បាន​បំផ្លាញ​អស់​គ្មាន​សល់​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ពី​ប្រទេស​ដែល​ល្បី​ក្នុង​ការប្រើ​អាវុធ ដើម្បី​ដណ្តើម​អំណាច​គ្នា និង ក្នុង​ការ​ផ្លាស់ប្តូរ​រដ្ឋា​ភិ​បាល ឥឡូវនេះ​កម្ពុជា​បាន​ក្លាយ​ជា​ប្រ ទេស​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ហើយ​គោរព​យ៉ាង​មុតមាំ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​-​ពហុបក្ស​ជាមួយនឹង​ការរៀបចំ​ការ​បោះឆ្នោត​ដោយ ទៀងទាត់ សេរី និង យុ​ត្តិ​ធម៌ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ជ្រើសរើស​មេដឹកនាំ​ប្រទេស។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ពី​ប្រទេស​មួយ​ដែល​ធ្លាប់តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​វាលពិឃាត​ជា​តំបន់​អសន្តិសុខ​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​និង​សំណល់​គ្រាប់មីន​ដ៏​គ្រោះថ្នាក់ និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​អន់ថយ ផុង​ជាប់​ក្នុង​ភាពក្រីក្រ និង​មាន​អសន្តិសុខ កម្ពុជា​បច្ចុប្បន្ន​ទទួល​បាន​សន្តិភាព​ពេញ លេញ និង បានក្លាយ​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ប្រទេស​នាំចេញ​ស្បៀង​អាហារ​មាន​ស្នាដៃ លេចធ្លោ​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ និង​ការកែលំអ​សូចនាករ​សង្គម​នានា និង ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​ពិភពលោក ដែល​ថ្មីៗ​នេះ​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ដោយសារ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់​ក្នុង​រង្វង់​ជាង ៧ ភាគរយ ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​ព្រមទាំង​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​មាន​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​៧,៥%​ជាមួយនឹង ការព្យាករណ៍​ថា​នឹង​អាច​បន្ត​រក្សា​បាន​ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។ អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៥៣,២% ក្នុង​ឆ្នាំ ២០០៤ មក​នៅក្រោម ១០% ក្នុង​ឆ្នាំ ២០១៨​។ ជា​មួយ​គ្នា​នេះ​ដែរ កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ជា​បណ្តើរៗ​នូវ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន ទាំង​ផលិតផល និង​ទីផ្សារ ដែល​ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​បាន​កើន​ពី ៥,៧ ប៊ី​លាន​ដុល្លារ​(​ស្មើនឹង ៤០,៥% នៃ ផសស​) នៅ​ឆ្នាំ ២០១២ មកដល់​១៣ ប៊ី​លាន ដុល្លារ (​ស្មើនឹង ៥៣,២% នៃ ផសស​) នៅ​ឆ្នាំ​២០១៨ និង​បាន​ធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ ពី​ការនាំចេញ​សម្លៀកបំពាក់​ទៅកាន់​ផលិតផល​ផ្សេងទៀត​។

គួរ​កត់​សំគាល់​ថា​ បន្ទាប់​ពី​កម្មវិធី​ព្រឹត្តិការណ៍ សង្គម​-​វប្បធម៌ ដែល​កម្ពុជា​ជា​ម្ចាស់​កម្មវិធី​ត្រូវ​បាន​បញ្ចប់​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទទួលទាន​នំ​បញ្ចុក​និង​បង្អែម​របស់​ខ្មែរ​ក្នុង​បរិយាកាស​រីករាយ​និង​រាក់ទាក់​ជាទី​បំផុត ហើយ​ក្នុង​ពិធី​ក៏​មានការ​បង្ហាញ​ជូន​នូវ​របាំ​ប្រពៃណី​ខ្មែរ​ផងដែរ​។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ពិតជា​រីករាយ​ដែល​នំ​បញ្ចុក​ខ្មែរ​បានមក​ដល់ទី​ស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) កាលពី​យប់មិញ​នៅក្នុង​កម្មវិធី​សង្គម​និង​វប្បធម៌​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ដូច​យើង​ដឹង​ហើយ​ថា ​នំ​បញ្ចុក​គឺជា​អត្តសញ្ញាណ​នំ​របស់​ជាតិ​យើង​ដែល​បង្ហាញ​ពី​សាមគ្គីភាព​ស្អិតរ​មួ​ត​វេញ​ត្របាញ់​ចូលគ្នា​ដូចជា​ចង្វាយ​នំ​បញ្ចុក ដែលមាន​គ្រឿងផ្សំ​ជាច្រើន​នាំមក​នូវ​ក្លិន​ដ៏​ឈ្ងុយ​និង​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​ដែល​នាំមក​នូវ​សុខភាព​ពិតៗ យើង​ចូលរួម​អោយ​តម្លៃ​លើកតម្កើង​ម្ហូបអាហារ​និង​នំចំណី​ខ្មែរ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិធី​សំខាន់ៗ​តូច​ធំ​ទាំង​ក្នុង​និង​ក្រៅប្រទេស។ សូម​អរគុណ​និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​និង​សំណាងល្អ​គ្រប់​ទីកន្លែង​»​។

កម្មវិធី​ព្រឹត្តិការណ៍​សង្គម​-​វប្បធម៌​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្រមទាំង​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ ពាណិជ្ជកម្ម​ពិភពលោក​ជាច្រើន​ផ្សេងទៀត៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114