ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ ប្រទេស​និង​ស្ថាប័ន​មួយចំនួន​ បាន​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​ ឬ​ ការអនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រទេស​និង​ស្ថាប័ន​មួយចំនួន​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ថា បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ដ៏​អាក្រក់​បំផុត ដោយបាន​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ទាក់ទង​នឹង​ការ​ផ្តល់ជំនួយ ឬ​ ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ថ្លែង​បែបនេះ​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៤១ នៅ​ទីស្នាក់ការ​ធំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សនា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​នេះ ។

នៅ​ចំពោះមុខ​ក្រុមមន្ត្រី​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា «​វា​ជា​រឿង​ចម្លែក​ណាស់​ដែល​កម្ពុជា​ត្រូវ​បាន​ស្នើ​ឲ្យ​ពង្រឹង​លិទ្ធ​ប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​ ពួកគេ​ចោទប្រកាន់​យើង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ »​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា «​អាក្រក់​ជាង​នេះ​ទៀត ប្រទេស​និង​ស្ថាប័ន​មួយចំនួន​បាន​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​ ឬ​ ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា»។

​សម្តេច​តេ​ជោ​បាន​បន្ត​ថា យើង​មានការ​សោកស្ដាយ​ជា​ពន់ពេក​ក្នុង​ការ​រំលេច​នូវ​តថភាព​ដែលថា សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​ បាន​ក្លាយ​ទៅជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន​ឬក៏​អាច​និយាយ​បាន​ថា ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ​គឺជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក​លើ​អធិបតេយ្យភាព​និង​ឯករាជ្យ​ភាព​របស់​ប្រទេស​ទន់ខ្សោយ​។

នៅក្នុង​សុន្ទរកថា​ដែល​មាន​៧​ទំព័រ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ជម្រាប​ជូន​កិច្ចប្រជុំ​ទាំងមូល​អំពី​ការពិត​ជាក់ស្តែង​ដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស សង្គម​ស៊ីវិល និង​ប្រជាធិបតេយ្យ​។​ ដោយ​សម្តេច​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​លើ​ទំព័រ​សារព័ត៌មាន​និង​របាយការណ៍​នានា​ធៀប​នឹង​កម្ពុជា​ពិត មាន​ភាព​ខុស​គ្នា​ច្រើន ​ឬ ​ពេលខ្លះ មាន​ភាព​ខុសគ្នា​ស្រឡះ​តែម្តង​។

សម្តេច​បាន​រំលឹក​ឡើងវិញ​អំពី​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា ​ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​។ បន្ទាប់មក​ធ្លាក់​ទៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​បាន​បំផ្លាញ​ប្រទេស​កម្ពុជា​ដល់​ឫសគល់ និង​ជា​របប​មួយ​ដែល​សិទ្ធិមនុស្ស​ទាំងអស់​រប​ស់​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​លុបបំបាត់​ទាំងស្រុង​រាប់ទាំង​សិទ្ធិ​រស់រាន​មាន​ជីវិត​។ ទោះបី​ចេញផុត​ពីរ​បប​ប្រល័យពូជសាសន៍ តែ​កម្ពុជា​នៅតែមាន​សង្គ្រាមស៊ីវិល​ប​ន្ត​ទៀត។ ស្ថិត​ក្នុង​ស្ថានភាព​មាន​សង្គ្រាម​ផង​និង​សន្តិភាព​ផង​កម្ពុជា​ពេល​នោះបាន​ប្រើប្រាស់​ដៃ​ម្ខាង​សម្រាប់​ការពារ​ប្រទេស​ពី​ការ​វិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​និង​ដៃ​ម្ខាង​ទៀត​សម្រាប់​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ ក្នុង​កាលៈទេសៈ​ដែលមាន​ការហ៊ុមព័ទ្ធ​និង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ខាងក្រៅ​ដោយ​អយុត្តិធម៌ ពី​សំណាក់​បណ្ដា​ប្រទេស​ដែល​តែងតែ​អួតអាង​អំពី​មនុស្សធម៌ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។

សម្តេច​បន្ត​ថា ទោះបី​កម្ពុជា​ទើប​បាន​ទទួល​សន្តិភាព​និង​ឯកភាព​ជាតិ​ពេញលេញ​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៨ ប៉ុន្តែ​បន្ទាប់ពី​ការបោះឆ្នោត​លើកទីមួយ​នៅ​ឆ្នាំ​១៩៩៣ ហើយ​យើង​បាន​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តាមរយៈ​ការរៀបចំ​យ៉ាង​ទៀងទាត់​និង​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសតាំង​តំណាង​ដឹកនាំ​ប្រទេស​ព្រមទាំង​បាន​ខិតខំ​ពេញទំហឹង​ក្នុង​ការ​កសាង​ប្រទេស​ឲ្យ​ក្លាយជា​នីតិរដ្ឋ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​និង​ម៉ត់ចត់​នូវ​វិធាន​នៃ​ច្បាប់​និង​ជា​រដ្ឋ​អធិបតេយ្យ​ដែលមាន​ឯករាជ្យ​និង​បូរណភាព​ទឹកដី​ពេញលេញ​។

​នៅ​ឆ្នាំ​២០១៨ កន្លងទៅនេះ កម្ពុជា​បានរៀបចំ​បោះឆ្នោត​សកល​ជាថ្មី​ម្ដងទៀត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​មានការ​ចូលរួម​ពី ២០​គណបក្សនយោបាយ​និង​មាន​អត្រា​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​រហូតដល់​៨៣,០២​ភាគរយ​ដែលជា​តួលេខ​មួយ​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​ដែល​បាន​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​ជា​យូរ​មក​ហើយ​។ ក្នុង​កិច្ចដំណើរការ​បោះឆ្នោត​ទាំង​ក្នុងអំឡុងពេល​ឃោសនា ថ្ងៃ​បោះឆ្នោត​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត ដំណើរការ​ទាំងមូល​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា​និង​ការ​គំរាមកំហែង​សូម្បី​តែមួយ​ករណី។ កិច្ចដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ក្រោម​ការត្រួតពិនិត្យ​និង​ឃ្លាំមើល​ដែល​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ៥០០​នាក់ អ្នកសង្កេតការណ៍​ជាតិ​ចំនួន ៨​ម៉ឺន​នាក់​និង​អ្នកសង្កេតការណ៍​គណបក្ស​ចំនួន​៩០០០​នាក់​។ ជា​អកុសល​ប្រទេស​មួយចំនួន​មិនបាន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ចូលរួម​នោះទេ តែ​បានចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃថា ការបោះឆ្នោត​មាន​ភាពមិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ចំណុច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើសុំ​អង្គប្រជុំ​ពិចារណា បើ​មិនបាន​ទៅ​មើល​និង​មិនបាន​ឃើញជាក់ស្ដែង​ផង តើ​ប្រទេស​ទាំងនោះ​វាយតម្លៃ​ការបោះឆ្នោត​របស់​យើង​តាមរបៀប​ណា ?​។​

​ ​សម្តេច​បាន​បន្តទៀតថា ក្នុង​និយាម​នៃ​ការអនុវត្ត​ជា​សកល​លទ្ធិប្រជាធិបតេយ្យ ត្រូវតែដើរ​ទន្ទឹមនឹង​នីតិរដ្ឋ​។ ការអនុវត្ត​ប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ​និង​នាំទៅដល់​អនាធិបតេយ្យ​។ ក្នុង​ស្មារតី​នេះ​យើង​ចង់​ឲ្យ​តួអង្គ​ទាំងអស់​នៅក្នុង​កិច្ច​ដំណើរការ​ប្រជាធិបតេយ្យ មានការ​ទទួលខុសត្រូវ​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​អុចអាល និង​មិន​បង្កើត​ការ​ស្អប់​រវាង​ពូជសាសន៍ មិន​អោន​ក្បាល​បម្រើ​ផលប្រយោជន៍​បរទេស ជាពិសេស​មិន​សាបព្រោះ​នូវ​ការ​ស្អប់​រវាង​ជនជាតិខ្មែរ​និង​ខ្មែរ​ដែល​អាច​នាំ​មកវិញ​នូវ​សង្គ្រាមស៊ីវិល​។

​សម្តេច​ក៏បាន​លើកឡើង​ផង​ដែរ​ថា កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ឋានសួគ៌​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ដែល​អង្គការ​ខ្លះ​បានទទួល​ថវិកា​ពី​បរទេស តែ​មិនដែល​រាយការណ៍​អំពី​ប្រភព​ថវិកា​ទេ​។ រហូតមកដល់​ពេលនេះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​ប្រមាណ ៥៤០០ ទាំង​អង្គ​ការ​ធ្វើ​ការងារ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ​តាម​មូលដ្ឋាន ។​ល​។ ដើម្បី​ជំរុញ​ភាពជា​ដៃគូ​នេះ​បន្ថែមទៀត​រាជរដ្ឋាភិបាល​បាន​រៀប​ចំ​ជា​វេទិកា​ពិគ្រោះ​យោបល់​ជា​ទៀងទាត់​ ជាមួយនឹង​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការរើសអើង​និង​ដោយ​លក្ខណៈ​ស្ថាបនា​ក្រោម​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។

សម្តេច​តេ​ជោ​បន្ត​ថា ពាក់ព័ន្ធ​នឹង​សេរីភាព​សារព័ត៌មាន​កម្ពុ​ជា​មាន​កាសែត​ចំនួន ៥៥០ កាសែត ជា​វេ​ប​សាយ​ចំនួន ១៤៨ ស្ថានីយ​វិទ្យុ​ចំនួន ២១១ ទូរទស្សន៍​ចំនួន ២១​ប៉ុស្តិ៍ ទូរទស្សន៍​ខ្សែកាប​ចំនួន ១១៣ ប៉ុស្តិ៍​និង​សមាគម​អ្នកកាសែត​ចំនួន​៣៩ ។ ប្រជាជន​កម្ពុ​ជាមាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ប្រភព​គ្រប់​ប្រភេទ​និង​មាន​សិទ្ធិ​បញ្ចេញមតិ​លើ​គ្រប់​ប្រធានបទ។ បន្ថែម​លើ​នេះ​ខ្ញុំ​តែងតែ​រៀបចំ​កិច្ចប្រជុំ​ជាមួយនឹង​អង្គភាព​សារព័ត៌មាន​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​និង​បណ្ដាញសារព័ត៌មាន​រួមគ្នា​ប្រយុទ្ធ​ប្រ ឆាំង​អំពើពុករលួយ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម​។

សម្តេច​តេ​ជោ​បន្តថា រាជរដ្ឋាភិបាល​មិន​ដែល​មាន​គោលបំណង​បំបិទ​នៃ​សិទ្ធិ​បញ្ចេញមតិ​ពី​ប្រជាពលរដ្ឋ​ទេ​មានតែ​លើកទឹកចិត្ត​ថែម ព្រោះ​រាជរដ្ឋាភិបាល​ទាំងមូល​កំណត់​យក​មតិ​យោបល់​ពី​ប្រជាជន​ជា​កញ្ចក់​ឆ្លុះ​ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​របស់​ខ្លួន​និង​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្សេងៗ​ទៅ​ថ្ងៃ​អនាគត ។ ក្នុងនាម​រាជរដ្ឋាភិបាល​យើង​គ្រាន់តែ​ស្នើសុំ​ឲ្យ​ការ​បញ្ចេញមតិ​ទាំងអស់​ធ្វើឡើង​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​និង​ចែក​ឲ្យ​ដាច់ពីគ្នា​រវាង​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​លើ​បញ្ហា​អ្វីមួយ​និង​ការ​ជេរប្រមាថ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការអំពាវនាវ​ឲ្យ​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​នឹង​អាច​នាំមក​នូវ​ភាពចលាចល​និង​ការបែកបាក់​ក្នុងសង្គម​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ក្នុងចំណោម​សិទ្ធិសេរីភាព​នានា​សិទ្ធិ​ការងារ​គឺជា​សិទ្ធិ​មួយ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បុ​រេ​សកម្ម​និង​ដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ​និង​សហជីព ។ កម្ពុជា​បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​ទាំង​៨ និង​អនុសញ្ញា​ផ្សេងទៀត​ចំនួន​៥ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​តែមួយគត់​នៅក្នុង​អាស៊ាន​ដែល​បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ច្រើនជាងគេ​ដើម្បី​ធានាថា សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ​ដែល​បាន​អនុវត្ត​ប្រកបដោយ​តម្លាភាព​ពេញលេញ​គ្មាន​ការរើសអើង​ដោយ​ឈរលើ​គោលការណ៍​នីតិរដ្ឋ​។

គិត​ត្រឹម​ខែឧសភា​ឆ្នាំ​២០១៩ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​៥០១២ ក្នុង​នោះ​មាន​សហជីព​មូលដ្ឋានចំនួន​៤៧៨០ សហព័ន្ធ​សហជីព​ចំនួន​១៩៣ សហភាព​សហជីព​ចំនួន​២៩ និង​សមាគម​និយោជក​ចំនួន ១០។

សម្តេច​បន្តថា កម្ពុជា​ជា​ប្រទេស​មួយ​ធ្លាប់​ហែល​ឆ្លងកាត់​នៃ​របត់​មួយ​ដែល​មិន​ផ្ដល់​សិទ្ធិ​អ្វី​ទាំងអស់​ដល់​ប្រជាជន ពិតជា​ត្រូវការ​ណាស់​នូវ​សិទ្ធិ​គ្រប់យ៉ាង ។ ជាមួយ​ហេតុផល​នេះ​រាជ រដ្ឋាភិបាល​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស។ កម្ពុជា​ច្បាប់​ថា​ការគោរព​សិទ្ធិមនុស្ស​ការលើកកម្ពស់​សេរី​ភាពជា​មូលដ្ឋាន ការប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​លើកកម្ពស់​នីតិរដ្ឋ​ក៏ដូចជា​ការ​កសាង​មូលដ្ឋាន​ទាំងនេះ​នៅក្នុង​សង្គមជាតិ​និង​នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព ភាព​សុខដុមរមនា និង យុត្ដិធម៌​សង្គម​ជា​និរន្ត​ន៍ ក៏ដូចជា​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​ផងដែរ​។ លើស​ពី​នេះ​ទៀត​យន្តការ​ជាតិ​ស្តីពី​ការការពារ​និង​ការលើកកម្ពស់​សិទ្ធិមនុស្ស​ក៏ត្រូវ​បានចែង​ក្នុង​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​គំរូ​និង​នាំមុខគេ​ក្នុង​តំបន់​ក្នុងនាម​ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ី​ដែល​អនុញ្ញាត​ឲ្យ​មានការ​បើក​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​និង​ទទួល​ឲ្យ​មាន​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស ចាប់តាំងពី​ឆ្នាំ ១៩៩៣។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង​និង​សម្រេចបាន​នូវ​លទ្ធផល​ជាច្រើន ជា​មិនដែល​បានទទួល​នូវ​ការ​សាទរ​ឬ​សរសើរ​ពី​ក្រុម​ឬ​ស្ថាប័ន​មួយចំនួន​ដែលមាន​របៀបវារៈ​នយោបាយ​តែមួយគត់ គឺ​ការផ្លាស់ប្ដូរ​របប​ទោះ​នៅក្នុង​តម្លៃ​ណាក៏ដោយ ។ ពួកគេ​តែងតែ​លាប​ពណ៌​ខ្មៅ​មកលើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទោះបីជា​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​ប្រទេស​របស់​ពួកគេ​ខ្លួនឯង​ពោរពេញ​ទៅដោយ​ការ​ស្អប់​លើ​ជនបរទេស ការរើសអើង​ពូជសាសន៍ ការប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​ជនអន្តោប្រវេសន៍​។​ល​។ លើស​ពី​នេះ​ទៀត​ពួកគេ​មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្តង់ដារ​ពីរ​ចំពោះ​ការវាយតម្លៃ​ទៅលើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដើម្បី​បន្ទច់បង្អាក់​ការអភិវឌ្ឍ​ក៏ដូចជា​កម្ទេច​នូវ​កិត្តិយស​របស់​ជាតិ​យើងខ្ញុំ​នោះទេ​។

​សម្តេច​មានប្រសាសន៍ថា «​ខ្ញុំ​សូម​សង្កត់​ធ្ងន់​ថា​ កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ​ក្នុង​ភាពជា​ដៃគូ​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជំរុញ​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ។ ក៏ប៉ុន្តែ​យើង​ក៏​ចង់​គូស​បញ្ជាក់ដែរថា ការគោរព​ចំពោះ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នានា ភាព​មិន​លម្អៀង និង​មិន​រើសអើង​គប្បី​ត្រូវ​បាន​កំណត់​ជា​គោលការណ៍​ណែនាំ​ដែល​ទាំងអស់គ្នា​មិន​ថា​ប្រទេស​ធំ​ឬ​តូច​ត្រូវ​គោរព​ប្រតិបត្តិ​នៅក្នុង​ការខិតខំ​លើកកម្ពស់​សិទ្ធិមនុស្ស​ដោ​យ​គិតគូរ​ពី​បរិការណ៍​នយោបាយ​ប្រវត្តិសាស្ត្រ​និង​សង្គម​របស់​ប្រទេស​នីមួយៗ​។ បញ្ហា​សិទ្ធិ មនុស្ស​គួរតែ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​បរិការណ៍​ពិភពលោក​ដោយ​ឈរ​លើ​អភិក្រម​ស្ថាបនា​ប្រើប្រាស់​ស្តង់ដារ​តែមួយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា មិន​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នយោបាយ​និង​ផ្អែកលើ​កិច្ចសន្ទនា​»​។

​ក្នុង​ស្មារតី​នេះ​ សម្តេច​សូម​ស្នើ​ឲ្យ​ភាគី​ទាំងអស់​ពិនិត្យមើល​បញ្ហា​ទាំងឡាយ​ជា​ប្រព័ន្ធ​ពោល​គឺ​មើល​ព្រៃ​ទាំងមូល​ហើយ​សូមកុំ​មើល​តែ​ឈើ​មួយ​ដើមៗ ដោយ​ភ្ជាប់​ជាមួយ​នូវ​របៀបវារៈ​នយោបាយ​របស់ខ្លួន​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114