ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​ ដែល​បង្ក​ផ្ទុះអាវុធ​លើ​ដងផ្លូវ​របួស​បុរស​ម្នាក់

ភ្នំ​ពេ​ញ ៖ យោងតាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក ឯម សុភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ចំរុះ​កំពុង​ញាប់ដៃ​ញាប់​ជើង​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បង្ក​ការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​ហេតុ​ការណ៍​ផ្ទុះអាវុធ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​៤​ខែកក្កដា​ នៅ​តាម​បណ្តោយ​ផ្លូវ​បុរី​សឡា​ កែង​ផ្លូវ​៣៦​ ក្រុមទី​១៣ ភូមិ​ឫស្សី​ទី​១ ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

លោកនាយ​ប៉ុស្តិ៍​បាន​រៀបរាប់​ពី​ដំណើរ​រឿង​នេះ​ថា​ នៅ​ម៉ោង​កើតហេតុ​សាក្សី​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​C125​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ 72 54 ដោយ​មិនដឹង​អក្សរ​ពីមុខ​ពាក់​អាវធំ​ពី​ក្រៅ​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ក្មេងប្រុស​ស្រី​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប៉ុន្តែ​គ្រាប់កាំភ្លើង​បាន​ផ្លាត​ត្រូវ​ចំ​កំប៉េះគូទ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​ទិញ​ឥ​វ៉ាន់​ក្បែរ​កន្លែង​ផ្ទុះអាវុធ​។ បន្ទាប់ពី​បង្ក​ការ​ផ្ទុះអាវុធ​រួចមក​ខ្មាន់កាំភ្លើង​បាន​គេច​ខ្លួន​ផងដែរ​។

ដោយឡែក​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​សាយ សឿន ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​មុខរបរ​កម្មករ​លីសែង​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ ត្រូវរបួស​ចំ​កំប៉េះគូទ​ធ្លាយ​មក​លើ​ថ្ងាស​ប្រដាប់​ភេទ​។ ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្តេច​ឪ​ភ្លាមៗ​ទៀត​ផង​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114