ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ី​វ៉ា​ ៖ ​យើង​គ្រប់គ្រង​ថ្ងៃស្អែក​មិនបាន​ទេ​ ហើយក៏​កែប្រែ​ម្សិលមិញ​មិនបាន​ដែរ

ភ្នំពេញ ​៖ ​តារាចម្រៀង​សាច់​សខ្ចី​ដូច​ពងមាន់​បក​ម្ចាស់​បទ មុខ​ប៉ោង​បាន​Cute​ កញ្ញា អ៊ី​វ៉ា មុន​នេះ​បន្តិច​ បាន​សរសេរ​សារ​បរិយាយ​សម្រាយ​ពី​ដំណើរ​ផ្លូវ​ជីវិត​ក្នុងន័យ​បំផុស​ស្មារតី​មហាជន​ក៏ដូចជា​ខ្សែជីវិត​ផ្ទាល់​ខ្លួនឯង​ផងដែរ​។​ ខណៈ​ន័យ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​គំនិត​ដ៏​មាន​ប្រយោជន៍​សម្រាប់​សង្គម​មួយ​នេះ។

តារា​ចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ​របស់​ផលិតកម្ម​សាន់​ដេ​ កញ្ញា អ៊ី​វ៉ា បាន​រៀបរាប់​ភ្ជាប់​ជាមួយ​អត្ថន័យ​រម្លឹកស្មារតី​ថា​ យើង​គ្រប់គ្រង​ថ្ងៃស្អែក​មិនបាន​ទេ ហើយក៏​កែប្រែ​ម្សិលមិញ​មិនបាន​ដែរ​។​ ប៉ុន្តែ​បើ​ថ្ងៃនេះ​យើង​អាច​ភ្ញាក់​ដឹងខ្លួន​ពី​ដំណេក​បាន​យើង​ក៏​អាច​បង្កើត​អតីតកាល​មួយ​ដែល​យើង​ចង់បាន ហើយក៏​អាច​ចាប់ផ្ដើម​អនាគត​មួយ​ដែល​យើង​ចង់ឃើញ។

កញ្ញា អ៊ី​វ៉ា បានលើកឡើង​ទៀតថា​ ឆាកជីវិត​នេះ​ខ្លី​ណាស់​ហ្ន៎​! ទម្រាំ​យើង​អាច​ស្គាល់​នរណា​ម្នាក់​បាន វា​ក៏​ចំណាយ​ពេល​វេលា​យូរ​ជិត​ពាក់កណ្ដាល​ជីវិត​ទៅហើយ​។ ឆ្លងកាត់​ឆាកជីវិត​ជា​មនុស្ស​នេះ វា​ដូចជា​ការធ្វើដំណើរ​ឆ្លង​កាត់​គ្រាប់​ភ្លៀង​អ៊ីចឹង ភ្លៀង​មាន​រាប់​លាន​ដំណក់ តែ​យើង​ក៏​មិនមែន​សុទ្ធតែ​ត្រូវ​ប៉ះ​នឹង​ភ្លៀង​គ្រប់​ដំណក់​នោះ​ក្នុងពេល​តែមួយ​ទេ​។​

បន្ថែម​ពីលើ​នេះ​តារា​ស្រី​ធ្លាប់មាន​ប្រជាប្រិយភាព​ក្នុង​វិថី​សិល្បៈ​កញ្ញា អ៊ី​វ៉ា បាន​និយាយ​សង្កត់ធ្ងន់​ដែរ​ថា មនុស្ស​លើ​លោក​នេះ​មាន​ច្រើនណាស់ ប៉ុន្តែ​យើង​ស្គាល់​និង​រាប់អាន​មនុស្ស​មិនបាន​ច្រើន​ទេ​។​ចុងក្រោយ​វា​មិន​សំខាន់​ថា​នឹងមាន​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យើង​ស្គាល់ ឬក៏​ស្គាល់​យើង​ទេ ប៉ុន្តែ​គឺ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ផ្ដល់​ការចងចាំ​ល្អ​បំផុត​សម្រាប់​យើង​…..​។​

តារា​ចម្រៀង​កញ្ញា អ៊ី​វ៉ា បើតាម​ការ​កត់សម្គាល់​មួយ​រយៈពេល​ចុងក្រោយ​នៃ​អំឡុង​ពេល​២​ឆ្នាំនេះ​សម្រាប់​ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​មាន​ភាព​រង្វើល​ខុសប្លែក​ពី​គ្រា​ចូល​វិស័យ​ចម្រៀង​ដំបូង​ៗ​ ដែល​ការ​គាំទ្រ​ និង​ប្រជាប្រិយភាព​របស់​នាង​ហាក់​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ប៉ុន្មាន​ឡើយ​។​ ប៉ុន្តែ​បន្ទាប់​មាន​ដំណឹង​អាស្រូវ​រឿង​ស្នេហា​តារា​ស្រី​រូបនេះ ​គឺមាន​ភាព​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ស្ទើរ​ហៅ​ឈ្មោះ​លែង​ឮ​តែម្តង៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114