ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Cori Gauff បន្ត​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​នាង​នៅ Wimbledon

​កីឡាការិនី​វ័យ​១៥​ឆ្នាំ​សញ្ជាតិ​អាមេរិក Cori Gauff បានបង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ទាក់ទាញ​របស់​នាង ដូចជា​នៅ​ការប្រកួត​ជុំ​ទី​១ ជា​កន្លែង​ដែល​នាង​យកឈ្នះ​កីឡាការិនី Venus Williams នោះ ជាមួយនឹង​ការ​ផ្តួល​គូប្រកួត Magdalena Rybarikova ក្នុង​លទ្ធផល​ពិន្ទុ 6-3 6-3 ដើម្បី​ឡើងទៅ​ជុំ​ទី​៣ Wimbledon កាលពី​ថ្ងៃ​ពុធ​។

កីឡាការិនី Gauff​ ដែល​ជា​គូប្រកួត​វ័យក្មេង​ជាងគេ​បំផុត ឡើងដល់​វគ្គ​ចាប់​គូ Wimbledon តាមរយៈ​ការប្រកួត​វគ្គ​ជម្រុះ​នោះ បាន​ធ្វើ​ឲ្យ​គូប្រកួត​វ័យ​៣០​ឆ្នាំ​របស់​នាង ជួប​នូវ​ការ​លំបាក​ខ្លាំង​ក្នុងការ​តដៃ ពេលដែល​ការ​បង្ហាញ​ខ្លួន​លើកដំបូង​របស់​នាង នៅតែ​បន្ត​ក្រោម​ដំបូល​ទីលាន​ប្រកួត Court One។

កីឡាការិនី Rybarikova ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៧​នោះ បាន​សង្ឃឹមថា ទម្រង់​លេង​របស់​កីឡាការិនី Gauff នឹង​ធ្លាក់ចុះ តែ​ផ្ទុយទៅវិញ បែរជា​នាង​លេង​កាន់តែ​មុត​ស្រួច​ជាង​មុន​ទៅវិញ បើទោះបីជា​នាង​នៅ​ក្មេង​យ៉ាងណាក្តី​។

លោក John McEnroe គឺជា​វិ​រ​បុស​វាយ​តឺ​ន្នី​ស​អាមេរិក បាន​និយាយប្រាប់ BBC​ថា លោក​មិន​ជឿ​ទាល់តែសោះ​ថា នាង​មាន​អាយុ​១៥​ឆ្នាំ​។

លោក​បន្ត​ថា ទោះបីជា​យ៉ាងណាក៏ដោយ សូម្បីតែ​ខ្លួន​នាង​ផ្ទាល់​ក៏​ធ្លាប់បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ថា វា​គឺ​ជា​ការ​ពិតមែន​។ អ្នក​អាច​កាឡៃ​វា​បាន តែ​សម្រាប់​នាង គឺ​នាង​មិន​កាឡៃ​ការពិត​នោះទេ​។

ក្រោយពី​មាន​សប្តាហ៍​ដ៏​អស្ចារ្យ​បែបនេះ កីឡាការិនី Gauff​នៅសល់​ជ័យជំនះ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​កីឡាការិនី​វ័យក្មេង​ជាងគេ​បំផុត​ឡើងដល់​ជុំ​ទី​៤ Wimbledon ចាប់តាំងពី​កីឡាការិនី Jennifer Capriati ធ្វើបាន​សម្រេច​កាលពី​ឆ្នាំ​១៩៩០ ពេលដែល​នាង​មាន​អាយុ​១៤​ឆ្នាំ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114