ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប Atletico Madrid ទិញយក​កីឡាករ Joao Felix ពី​ក្លិប Benfica ក្នុងតម្លៃ​១៤២​លាន​ដុល្លារ

កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ក្លិប Atletico Madrid បាន​ចុះហត្ថលេខា​ទិញយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​១៩​ឆ្នាំ Joao Felix ពី​ក្លិប Benfica​ក្នុងតម្លៃ​១២៦​លាន​អឺរ៉ូ ដែល​ស្មើនឹង​១៤២​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការអះអាង​ឲ្យ​ដឹង​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​។

តម្លៃ​ខ្លួន​នេះដែរ គឺជា​កំណត់ត្រា​ផងដែរ​សម្រាប់​ក្លិប​ព័រ​ទុយ​ហ្គា​ល់ Benfica និង​ក្លិប Atletico Madrid ហើយ​ពួកគេ​បានធ្វើ​ឲ្យ​កីឡាករ​វ័យក្មេង​ម្នាក់នេះ ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។

​ក្លិប Atletico Madrid បាន​បង្ហោះ​វីដេអូ​របស់​កីឡាករ​នៅលើ Twitter ជាមួយនឹង​សារ​សរសេរ​ថា “​កីឡាករ​មាន​ទេពកោសល្យ​បំផុត​” មុន​ពេល​ដែល​គាត់​ងាក​មុខ ញញឹម​ដាក់​កាមេរ៉ា ជាមួយនឹង​ចំណងជើង​ថា “​ស្វាគមន៍ Joao Felix គឺជា​កីឡាករ​មាន​ទេពកោសល្យ​ពិតប្រាកដ​ម្នាក់​”​។

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា កីឡាការិនី Felix បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៧​ឆ្នាំ ហើយ​គាត់​នឹង​ក្លាយជា​អ្នក​ចូល​លេង​ជំនួស​កីឡាករ Antoine Griezmann ដែល​រកបាន​១៣៣​អំឡុង​៥​រដូវ​កាល​ជាមួយ​ក្លិប Atletico Madrid ។

ក្លិប Atletico Madrid បាន​និយាយ​រួចទៅហើយ​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ម្នាក់នេះ នឹងត្រូវ​ចាកចេញ​ទៅ ហើយ​បើតាម​ការគ្រោងទុក គាត់​អាច​នឹង​ផ្ទេរ​ទៅលេង​ជាមួយ​ក្លិប Barcelona ពេលដែល​ប្រការ​ដោះលែង​ធ្លាក់​មក​នៅត្រឹម ១២០​លាន​អឺរ៉ូប​របស់គាត់ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​មាន​នោះ​។

កាលពី​ព្រឹក​ថ្ងៃ​ពុធ​នោះដែរ ក្លិប Atletico Madrid​បានប្រកាស​ចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ​ម៉ិ​ក​ស៊ិក Hector Herrera​ពី​ក្លិប Porto ក្នុងនោះ​ខ្សែបម្រើ​របស់​ពួកគេ​ម្នាក់ទៀត គឺ​កីឡាករ Rodrigo Hernandez នឹង​ចាកចេញ​ទៅកាន់​ក្លិប Man City​ក្នុងតម្លៃ​៧០​លាន​អឺរ៉ូ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114