ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​

​ភ្នំពេញ ​៖ បន្ទាប់ពី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ហើយ​នោះ​ នៅថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០១៩នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ លោក មី​ឆែ​ល បា​ឆេ​ឡេ (Michelle Machelet) ​ឧ​ត្ត​ម​ស្នងការ​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចូល​ជួប​សម្ដែង​ការគួរសម​ និង​សំណេះ​សំណាល​លើ​ការងារ​មួយចំនួន​។

លោកស្រី​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សម្ដេច​បាន​អញ្ជើញ​មក​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។

លោកស្រី​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានមក​ការិយាល័យ​ ហើយ​លោក​ស្រី​បាន​មានប្រសាសន៍ថា​ ការិយាល័យ​របស់​លោក​ស្រី​នៅ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នេះ ​គឺជា​ការិយាល័យ​ចាស់​ជាងគេ។ ផ្អែកទៅលើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ លោកស្រី​ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថា ​ខាង​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទទួល​ស្គាល់​ដឹងថា​អ្វីដែល​សម្ដេច​តេ​ជោ ​បាន​ធ្វើ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ ជាពិសេស​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម​របស់​ប្រជាពលរដ្ឋ​។​

លោកស្រី​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ថ្ងៃនេះ ​គឺ​របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំនេះ​ នឹង​ចេញ ​ហើយ​លោកស្រី​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​ លោកស្រី​ បាន​ឮថា​ប្រទេស​កម្ពុជា ​បានទទួល​យក ​នៃ​អនុសាសន៍​ជាច្រើន​ដែល​បានលើកឡើង​កន្លងទៅនេះ​។​លោកស្រី​ ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​ លោកស្រី​កត់សម្គាល់ថា​ ជា​ការ​ល្អ​ដែល​យើង​បាន​ទទួល​ហើយនឹង​ធ្វើកា​រ​ទៅលើ​រឿងនេះ។

លោកស្រី​ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​ ការិយាល័យ​របស់​លោកស្រី​ត្រៀម​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ជានិច្ច​ ជាពិសេស​ក្នុងការ​រៀបចំ ​និង​ការពិនិត្យ​មើល​ឡើងវិញ នៅ​ពាក់កណ្ដាល​អាណត្តិ នៃ​របាយការណ៍​នេះ​។​

លោកស្រី​ក៏បាន​កត់សម្គាល់ថា ​កន្លង​មកនេះ ​ពិតជា​មានការ​រីកចម្រើន​គ្រប់ផ្នែក​ទាំង​អស់​ នៃ​ប្រទេស​កម្ពុជា​ ហើយក៏​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ទទួល​យក​នូវ​អនុសាសន៍​ជាច្រើន​នោះ​ជាពិសេស​នៅក្នុង​អនុសាសន៍​នោះ ​នឹង​ឆ្លើយតប​នឹង​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ ​ហើយ​ជាពិសេស​ទៀត​គឺ​ការពង្រឹង​នីតិរដ្ឋ​ផងដែរ​។​

លោកស្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ​លើសពីនេះ​ទៀត​ គឺ​ក៏បាន​ត្រៀម​ដែល​យើង​ហៅថា Ajenda នៅ​ឆ្នាំ​២០៣០ ឬមួយ​របៀបវារៈ​ឆ្នាំ​២០៣០​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោកស្រី​បាន​គូសបញ្ជាក់ថា លោកស្រី​រំពឹង​ផ្ដល់​ការគាំទ្រ​ទៅ​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

នៅក្នុង​ជំនួប​នោះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ឆ្នាំ​កន្លងទៅនេះ​ យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​បន្ត​អាណត្តិ​ នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​​រយៈពេល​២​ឆ្នាំ។

សម្ដេច​បាន​គូសបញ្ជាក់ថា​ ដើម្បី​ចៀសវាង​ការបារម្ភ​យើង​ចុះ​ហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​នេះ រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​ ដើម្បី​កុំ​ឲ្យ​មាន​កង្វល់​។​

សម្ដេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ​នៅពេលណា​គេ​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស​ជាមួយ​យើង​តែ​ម្ដង។ ពាក់ព័ន្ធ​នឹង​ការិយាល័យ​សិទ្ធិមនុស្ស​ ក៏ដូចជា​ពាក់ព័ន្ធ​នឹង​តំណាង​របស់​អគ្គលេខាធិការ​ នៃ​អង្គការសហប្រជាជាតិ ចំណុច​នេះ​សម្ដេច​បាន​គូសបញ្ជាក់ថា ​មានតែ​លោក​អគ្គលេខាធិការ​ នៃ​អង្គការសហប្រជាជាតិ​ទេ​ ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​អ្នកណា​ជា​តំណាង​ ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​កន្លងមកនេះ​ ប្រទេស​កម្ពុជា​ បាន​ទទួល​៦​នាក់​មកហើយ​។​សម្ដេច​បាន​គូស​បញ្ជាក់​ថា​ យើង​មិនដែល​បដិសេធ​ ឬ​ច្រានចោល​ នៃ​ការតែងតាំង ​នៃ​ឯកអគ្គ​រដ្ឋទូត ​ឬ​ការស្នើសុំ​តែងតាំង​តំណាង​របស់​អគ្គលេខាធិកា​រ​ នៃ​អង្គការសហប្រជាជាតិ​ឡើយ​។​មិន​ត្រឹមតែ ប៉ុណ្ណោះ​ទេស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​គូសបញ្ជាក់ថា​ ដែល​កន្លងមកនេះ​ក៏​មាន​ការស្នើសុំ​ដោយ​ខាង​អង្គការសហប្រជាជាតិ​ក្នុងការ​តែងតាំង​ចៅក្រម​សម្រាប់​សាលាក្ដី​ខ្មែរក្រហម គឺ​ខាង​កម្ពុជា​មិនដែល​បដិសេធ​ការស្នើ​តែងតាំង​នោះឡើយ​។ ប៉ុន្តែ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​គូសបញ្ជាក់​ដែរ​ថា​ ការស្នើសុំ​តែងតាំង​ទាំងអស់នេះ​ដោយ​លោក​អគ្គ​លេ​ខាធិការ ការងារ​អស់នេះ​កម្ពុជា​អាច​ទទួលបាន​នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ហើយ​បើ​អ្នក​ក្រោយ​ទៀត​ សម្ដេច​មិន​ច្បាស់​ទេ​។ ​ចំពោះ​ការ​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​គឺ​ប្រទេស​កម្ពុជា​បានធ្វើ​ការងារ​ចប់សព្វគ្រប់​ហើយ។ នៅក្នុង​ចំណោម​ប្រទេស​ចំនួន​៧៣​ដែល​បាន ផ្តល់​អនុសាសន៍​ចំនួន៩៨ ដល់​ប្រទេស​កម្ពុជា​នោះ​រាជរដ្ឋាភិបាល​ទទួលយក១៧៣ រីឯ​២៥ទៀត រាជរដ្ឋាភិបាល​កម្ពុជា ​គ្រាន់តែ​ធ្វើការ​កត់សម្គាល់​តែប៉ុណ្ណោះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​នេះ​ជា​គោលនយោបាយ​ និង​ជា​វិន័យ​របស់​កម្ពុជា​ផងដែរ។ សម្ដេច​តេ​ជោ ​បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ ​មានការ​លាប​ពណ៌​ដល់​ប្រទេស​កម្ពុជា​ ដោយ​រូបភាព​ផ្សេងៗ​នោះ​ ប៉ុន្តែ​អ្វីដែល​កម្ពុជា​នៅតែ​ធ្វើ​លើ​ការងារ​អភិវឌ្ឍន៍​ការ​ប្រកាន់​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ការការពារ ​និង​លើកតម្កើង​សិទ្ធិមនុស្ស​។

លោកស្រី​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ក៏បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​បានទទួល​នូវ​អនុសាសន៍​ពី​បណ្តា​រដ្ឋ​ជា សមាជិក​ នៃ​អង្គការ​សហ​ប្រជា​ជាតិ។

លោកស្រី​បាន​គូសបញ្ជាក់ថា ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ត្រៀម​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​បើសិន​មាន​តម្រូវការ។

លោកស្រី​មាន​ប្រសាសន៍ថា ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ នឹង​ផ្តល់នូវ​អ្វីដែល​កម្ពុជា​ត្រូវការ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ​កន្លងមក​នេះ​ សម្តេច​បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង ការពារ​លើ​បញ្ហា​សិទ្ធិមនុស្សនៅ​កម្ពុជា។ ដូចជា​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ សម្តេច​បានធ្វើ​សកម្មភាព​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែលមាន​ក្តីក្តាំ​ដោយបាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ ក្តី​ជូន​ពួកគេ​ដោយ​ឥតគិតថ្លៃ។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ សម្តេច​បាន​បង្កើន​ថវិកាជាតិ​សម្រាប់​ក្រសួង​កិច្ចការនារី​ ក៏ដូចជា​ក្រសួងយុត្តិធម៌​សម្រាប់ ធ្វើការ​ងារ​ជួយ​ដល់​សំណុំរឿង​របស់​ស្ត្រី​ដែល​ខ្វះ​មេធាវី​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា ​សម្តេច​បាន​បង្កើត​មូលនិធិ​សម្តេច​តេ​ជោ ​ដើម្បី​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​របស់​ស្ត្រី​។​

លោកស្រី​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​មានប្រសាសន៍​ឆ្លើយតប​សម្ដេច​តេ​ជោ​ថា​បច្ចុប្បន្ននេះ ​មាន​ការងារ​ជាច្រើន ​ត្រូវ​យកចិត្តទុកដាក់ លើក​តម្កើង​រួមមាន​ ទាំង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ផងដែរ។ ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​ដែល​កម្ពុជា​បានធ្វើ​ច្រើន​នាពេល​កន្លងមក។​

ជា​ចុងក្រោយ​ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​លោកស្រី​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ទៅ​ទស្សនកិច្ច​នៅ​កម្ពុ ជា​ក្នុង​ពេលវេលា​ដ៏​សមស្រប​ណា​មួយ​។​

លោកស្រី​ឧ​ត្ត​ម​ស្នងការ​បាន​បញ្ជាក់ថា ​លោកស្រី ​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេល​វេលា​សមស្រប​ណាមួយ៕

ដោយ ៖ ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114