ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរខេត្ត​ព្រៃវែង​ ដាំ​ និងចែក ដើមឈើ​​ចំនួន​៥០០០​ដើម​នៅ​ស្រុក​ពោធិ៍​រៀង

ព្រៃវែង ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង បាន​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៩​​ ​ដោយ​មាន​កូនឈើ​ចំនួន​៥០០០ ដើម ​ដែល​​ធ្វើ​នៅក្នុង​បរិវេណ​វត្ត​ព្រះវិហា​ស្វាយ ​​ស្ថិតនៅ​ភូមិ​ស្វាយ ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង។

ពិធី​ដាំ​កូនឈើ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត និង​លោក​ជំទាវ រួមទាំង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី សិស្សានុសិស្ស ប្រជាពលរដ្ឋ​ប្រមាណ ៨៣៩ នាក់​។

​នៅក្នុង​ឱកាស​នោះដែរ ​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ បានអោយដឹងថា ការងារ​ដាំ​ដើមឈើ​ត្រូវបាន​ជុំរុញ​យ៉ាងសកម្ម ដោយ​មាន​ការចូលរួម​យ៉ាង​ផុលផុស​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ហើយ​ជា​បណ្តើរៗ​សកម្មភាព​ដ៏​ទូលំទូលាយ​នេះ ​បាន​ក្លាយជា​ចលនា​សង្គម​គំរូ​មួយ ដែល​នៅ​ទីបំផុត​ត្រូវ​ទទួលស្គាល់​ជា​ពិធី​ប្រពៃណីជាតិ មួយ​ហៅថា​“​បុណ្យ​រុក្ខទិវា​”(​ដែល​កំណត់ដោយ​ព្រះរាជ​ក្រឹត្យ​លេខ ៧៣៨ ន​.​ស ចុះ​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​១៩៥២)។

នៅក្នុង​ឆ្នាំ​២០១៩​នេះ គិត​ត្រឹម​ឆមាស​ទី​១ ខណ្ឌ ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បានធ្វើការ បណ្តុះ​កូនឈើ​ចម្រុះ​ប្រភេទ​បាន​ចំនួន ៣៤.០៣០​ដើម​។ ការដាំ​កូនឈើ​ថ្ងៃនេះ​មាន​ក្រញូង​, បេង , កកោះ , គគីរ , ឈើទាល និង កូនឈើ​ហូប​ផ្លែ ខ្នុរ ,​ស្វាយ , ល្មុត​ជាដើម​។

​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត បាន​មានប្រសាសន៍​ដោយ​លើកឡើងថា ជាការ​ពិតណាស់​ដើមឈើ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ជីវិត​មនុស្ស​សត្វ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​វា​ផ្ដល់​សារៈប្រយោជន៍​យ៉ាងច្រើន​ដូចជា ផ្ដល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សម្រាប់​ដុត ជា​ឈើ​សំណង់ ជា​ជម្រក​សត្វព្រៃ ជម្រក​មច្ឆជាតិ ជា​របាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំមក​នូវ​ទឹកភ្លៀង​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​មនុស្សលោក​។ ហេតុដូចនេះ​យើងទាំងអស់គ្នា​ដែលជា​អ្នកទទួល​ប្រយោជន៍​ពី​ដើមឈើ​នេះ​គប្បី​ចូលរួម​ថែរក្សា​ការពារ និង​ស្រឡាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​យើង​ផ្ទាល់ និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ និង​ប្រព័ន្ធ​ជីវៈចម្រុះ​នោះ​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ចំពោះ​ព្រះថេរានុថេរ​គ្រប់​ព្រះអង្គ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សូម​ព្រះមេត្តា​និង​មេត្តា បង្កើន​សកម្មភាព​ដាំ​ដុះ​ដើមឈើ​គ្រប់​ប្រភេទ នៅតាម​ទីវ​ត្ត​អារាម ទីធ្លា​សាធារណៈ ក្នុង បរិវេន​គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាម​ដង​ផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រឡាយ តាម​ភូមិដ្ឋាន​នានា​និង​តាម​ភ្លឺស្រែ ចំការ អោយបាន​ច្រើន​។ សៅ​គ្រី​

ឯកឧត្តម​ក៏បាន​ចែក​នូវ​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្សានុសិស្ស និង​ក្រណាត់ ស មួយ​ដុំ​ជូន​តាជី​យាយជី និង​បាន​អញ្ជើញ​ទៅ​ដាំ​ដើមឈើ​ជា​និមិត្តរូប​ផងដែរ៕

ដោយ ៖ សៅគ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114