ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្ដម អ៊ុំ រាត្រី ពិនិត្យ​មើលផ្លូវ​បេតុង​៧​ខ្សែ ដែល​ស្ថាបនា​រួចរាល់ ក្នុង​ក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ជាច្រើន​ខ្សែ និង​ភ្លើង​បំភ្លឺ​សាធារណៈ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ឆ្នាំ​២០១៩ ដែល​ស្ថាបនា​រួចរាល់ ក្នុង​សង្កាត់​កំពង់ស្វាយ និង​សង្កាត់​អូរ​អំបិល និង​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អម​ដំណើរ​ដោយ​ក្រុមការងារ បច្ចេកទេស​សាលា​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ នៃ​គម្រោង ចុះ​ពិនិត្យមើល។​

គម្រោង​ផ្លូវ​ដែល​បាន​ស្ថាបនា​រួមមាន ៖

១.​ការរៀបចំ​បង្គោល​ភ្លើង​សាធារណៈ ​ស្ថិត​ក្នុង​សង្កាត់ ព្រះ​ពន្លា​ចំនួន​១៣២​ដើម និង​សង្កាត់​កំពង់ស្វាយ​២៩​ដើម​។​

២.​ផ្លូវ​បេតុង​ឆ្អឹង​ដែក​កម្រាស់​១៥​សង់ទីម៉ែត្រ ចំនួន​២​ខ្សែ ១២៤២​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ពី​ផ្លូវ​ជាប់​របស់​សាលាខេត្ត ដល់​មុខ​សាកលវិទ្យាល័យ CUS ក្នុង​សង្កាត់​កំពង់ស្វាយ។

៣.​ផ្លូវ​បេតុង​កម្រាស់​១៥​សង់ទីម៉ែត្រ ចំនួន​២​ខ្សែ ជាប់​របង​ខាងជើង​វិទ្យាល័យ​សិរីសោភ័ណ សង្កាត់​ព្រះ​ពន្លា ប្រវែង​២២០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ។

៤.​ផ្លូវ​បេតុង​ត​ភ្ជាប់​ពី​ផ្លូវភ្លោះ​ទៅក្នុង​ភូមិ​គោ​រដ្ឋា​ន​ សង្កាត់​អូរ​អំបិល​២១០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ។​

៥.​ផ្លូវ​បេតុង ចំនួន​២​ខ្សែ​ សរុប​ប្រវែង​១០០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥៦ ឡើង​ទៅ​កាន់​មណ្ឌល​សុខភាព​កំពង់ស្វាយ និង​ពី​ផ្លូវ​លេខ​៥៦ ឡើង​ទៅ​កាន់​អង់តែន​ទូរស័ព្ទ​ភ្នំ​ខ្លា​កូន។​

ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​នោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បានធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ និង​ទទួល​ការសាងសង់ ដែល​បាន​យកចិត្ត​ទុក អនុវត្តន៍​ទៅតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ល្អ ពិនិត្យឃើញ​មានគុណ​ភាពត្រឹមត្រូវ​តាម​កិច្ចសន្យា។​

​ជាមួយគ្នា​នោះ ឯកឧត្ដម​ ក៏បាន​បានធ្វើការ ណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវមាន ការយកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​ផ្លូវ​បេតុង ផ្លូវ​ក្រាល​កៅស៊ូ ក្រាល​ក្រួស​ក្តី ដែល​បាន​ស្ថាបនា និង​ជួសជុល​ហើយ ដើម្បី​មាន​និរន្តរភាព​ប្រើប្រាស់​បាន​យូរ​អង្វែង ព្រោះ​មាន​ផ្លូវ មាន ក្តី​សង្ឃឹម មានការ​រីកចម្រើន​៕

​ដោយ ៖ អ.​ពៅ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114