ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ថ្កោលទោស​ចំពោះ​ការ​ស្ទាក់ចាប់​កប៉ាល់​ដឹក​ប្រេង​ក្នុង​ប្រទេស​ហ្គី​ប្រា​ល់តា

ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ថ្កោលទោស “​ការ​ស្ទាក់ចាប់​ដោយ​ខុសច្បាប់​” លើក​ប៉ាល់​ដឹក​ប្រេង​របស់ខ្លួន​មួយគ្រឿង​នៅក្នុង​ប្រទេស ហ្គី​ប្រា​ល់តា ដែល​នៅ​ទីនោះ អាជ្ញាធរ​បាន​និយាយ​ថា ពួកគេ​សង្ស័យ​ថា កប៉ាល់​នេះ​កំពុង​ដឹក​ប្រេង​ឆៅ​ទៅ​ប្រទេស​ស៊ី​រី​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។​

​ការឃាត់ទុក​កប៉ាល់ Grace 1 បាន​កើតឡើង​ចំពេល​វេលា​ដ៏​រសើប​ក្នុង​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​និង​សហភាព​អឺរ៉ុប​ខណៈដែល​ប្លុក​មួយ​នេះ​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ទីក្រុង​តេ​អេ​រ៉ង់​ដែល​បានប្រកាសថា ខ្លួន​នឹង​រំលោភ​លើ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​កម្រិត​អតិបរមា​ដែល​ខ្លួន​បាន​យល់ព្រម​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។​

​ស្របពេល​ជាមួយគ្នានេះដែរ ប្រទេស​អ៊ីរ៉ង់​បាន​កោះហៅ​ឯកអគ្គរាជទូត​អង់គ្លេស​ដើម្បី​ជាការ​តវ៉ា​។​

​លោក Abbas Moussavi អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ថា “​បន្ទាប់ពី​ការស្ទាក់ចាប់​ដោយ​ខុសច្បាប់​លើក​ប៉ាល់​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​នៅក្នុង​ច្រក​សមុទ្រ ហ្គី​ប្រា​ល់តា ដោយ កងទ័ពជើងទឹក​អង់គ្លេស​, ឯកអគ្គរដ្ឋទូត​រប​ស់​ប្រទេស​នេះ​ប្រចាំ​ទីក្រុង​តេ​អេ​រ៉ង់​ត្រូវបាន​កោះហៅ​ទៅ​ក្រសួងការបរទេស​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក John Bolton បាន​គាំទ្រ​ការស្ទាក់ចាប់​កប៉ាល់​ដឹក​ប្រេង​នេះ​។​

​លោក Bolton និយាយថា “​ព័ត៌មាន​ល្អ ចក្រភព​អង់គ្លេស​បាន​ឃាត់ទុក​កប៉ាល់​ដឹក​ប្រេង Grace 1 ដែល​ផ្ទុក​ប្រេង​អ៊ីរ៉ង់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ស៊ី​រី​ក្នុងការ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​”​។​

​កប៉ាល់​ដឹក​ប្រេង Grace 1 ត្រូវបាន​ស្ទាក់ចាប់​នៅពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ភ្នាក់ងារ​ប៉ូលិស​និង​គយ​ក្នុងប្រទេស ហ្គី​ប្រា​ល់តា ដែលជា​ដែនដី​របស់​ចក្រភព​អង់គ្លេស​ដ៏​តូច​នៅលើ​ចុង​ភាគខាងត្បូង​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។ វា​ត្រូវបាន​អមដោយ​កង​ម៉ា​រី​ន​អង់គ្លេស​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114