ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ស្រា​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ ត្រូវ​នគរបាល​ដាក់​ខ្នោះ​ដឹក​ដៃ ​ឡើង​តុលាការ

ភ្នំពេញ ​៖ ​បុរស​ម្នាក់​ ដែល​និយម​ប្រើ​ហិង្សា​លើ​ប្រពន្ធ​កូន​ពេល​ស្រវឹង​ស្រា ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់​ដាក់​ខ្នោះ​ដឹក​ដៃ​ឡើង​តុលាការ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ឆ្នាំ​២០១៩​នេះ។

ជន​ដៃដល់​ ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​តុលាការ​ឲ្យ​រាងចាល​នេះ ​ឈ្មោះ ជិន សិ​ដ្ឋ អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ។

សមត្ថកិច្ច​បាន​បន្ថែម​ថា ដោយសារតែ​ជនសង្ស័យ​ឈ្មោះ ជិន សិ​ដ្ឋ តែងតែ​ផឹក​ស្រា​ស្រវឹង​វាយ​ប្រពន្ធ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​ញឹកញាប់​ពេក ទើប​ប្រពន្ធ និង​ម្ដាយ​ក្មេក​សម្រេចចិត្ត​ប្ដឹង​សមត្ថ​កិច្ច​ឲ្យ​ចាប់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាមច្បាប់​តែ​ម្ដង​ទៅ។

បច្ចុប្បន្ន សមត្ថកិច្ច​ បាន​នាំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ជិន សិ​ដ្ឋ ឡើង​ទៅ​ជាន់​ទី​២ នៃ​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ចំណាត់​ការ​របស់​តំណាង​អយ្យ​សម្រេច​តាមច្បាប់៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114