ព័ត៍មានទាន់​ហេតុការណ៏
Search

UN ថ្កោលទោស​ចំពោះ​ចំនួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​អ្នក​ដែល​ទំនងជា​ត្រូវ​ប្រហារជីវិត​ក្នុងប្រទេស វេ​ណេ​ហ្ស៊ូ​អេ​ឡា

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ជិត​៧​ពាន់​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ប្រតិបត្តិការ​សន្តិសុខ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លងមក​នេះហើយ​ព្រមាន​ថា ការសម្លាប់​ជាច្រើន​ទំនងជា “​ការប្រហារជីវិត​”​។​

​នៅក្នុង​របាយការណ៍​ថ្មី​មួយ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី Michelle Bachelet បាន​និយាយថា រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ចុះបញ្ជី​ថា មនុស្ស​យ៉ាងតិច​៦,៨៥៦​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​ជាមួយ​កងកម្លាំង​របស់​រដ្ឋ​ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មក។​

ការិយាល័យ​របស់លោក​ស្រី Bachelet បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ឧប្បត្តិហេតុ​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​កងកម្លាំង​សន្តិសុខ​គឺមាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​”​។​

យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​បាន​ចុះបញ្ជី​នៃ​ការសម្លាប់​មនុស្ស​ចំនួន ៥,២៨៧​នាក់​ដែល​ត្រូវបាន​គេ​អះអាងថា​បាន​តស៊ូ​ជាមួយ​អាជ្ញាធរ​អំឡុង​ប្រតិបត្តិការ​បែបនេះ​ចន្លោះ​ថ្ងៃទី ១​ខែមករា​ដល់​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​នេះហើយ​ការសម្លាប់​ស្រដៀង​គ្នា​ចំនួន​១,៥៦៩​នាក់​ផ្សេងទៀត​ត្រូវបាន​ចុះបញ្ជី​។​

អ្នកនាំពាក្យ​លោកស្រី Ravina Shamdasani បាន​ប្រាប់ AFP ថា ចំនួន​នេះ​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទៅ​ការិយាល័យ​សិទ្ធិមនុស្ស UN ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​មួយ​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នេះ​ដោយ​ក្រុមការងារ​បច្ចេកទេស​មួយ​កាលពី​ខែមីនា​។ អ្នកនាំពាក្យ​បាន​បន្ថែមថា នេះ​ជា​លើកដំបូង​ហើយ​ដែល UN បញ្ចេញ​តួលេខ​នេះ​។​

ប្រមុខ​សិទ្ធិមនុស្ស UN ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ខែ​មុន​បាន​ព្រមាន​នៅក្នុង​របាយការណ៍រ​បស់​លោកស្រី​ថា “​មាន​ហេតុផល​សមស្រប​ជាច្រើន​ដើម្បី​ជឿថា ការសម្លាប់​ទាំងនេះ​គឺ​បង្ក​ទៅជា​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​ប្រព្រឹត្តឡើង​ដោយ​កងកម្លាំង​សន្តិសុខ​”​។​

របាយការណ៍​ដែល​លោកស្រី Bachelet នឹង​បង្ហាញ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ទីក្រុង​ហ្សឺ​ណែវ​គឺ​បាន​ចង្អុល​ជាពិសេស​ទៅលើ​កងកម្លាំង​ពិសេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​មានការ​ព្រួយបារម្ភ​ថា អាជ្ញាធរ​អាច​ប្រើ​កងកម្លាំង​ពិសេស​និង​កងកម្លាំង​សន្តិសុខ​ផ្សេងទៀត​ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​គ្រប់គ្រង​សង្គម​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114