ព័ត៍មានទាន់​ហេតុការណ៏
Search

ជាប់រវល់​ចេញ​ក្រៅ​ផ្ទះ​ប្រហែល​២​ម៉ោង ចោរ​គាស់​ចូល​លួច​ទ្រព្យសម្បត្តិ​គ្មាន​សល់​

បាត់ដំបង ៖ លុយរាប់​ម៉ឺន​ដុល្លារ និង គ្រឿង​អលង្ការ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ ចូល​ប្រមូល​គ្មាន​សល់​ ខណៈដែល​ម្ចាស់ផ្ទះ​មានធុរៈ​ចេញទៅ​ខាង​ក្រៅ​ផ្ទះ រយៈពេល​ប្រហែល​២ម៉ោង​តែប៉ុណ្ណោះ។​

ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​ចន្លោះ​ពី​ម៉ោង៨និង៣០​នាទី ទៅ​ម៉ោង១០ព្រឹក នៅ​ចំណុច​ក្រុម​៧ ភូមិ​កំពង់​ម្តោ​ក ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង គឺ​ក្រុម ចោរ​បាន​គាស់​ផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ ម៉ាច សុជា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ។

តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ​បាន​បញ្ជាក់ថា នៅ​ព្រឹក​នោះ គឺ​ម្តាយ​របស់គាត់​បាន​ចេញទៅ​ផ្សារ​អន្លង់​វិល​មុន ដើម្បី​ទៅរក​ទិញ​ម្ហូប លុះ​នៅ​ម៉ោង​៨​និង​៣០​នាទី រូបនាង​ជាមួយនឹង​ស្វាមី ព្រមទាំង​កូន២​នាក់ ផង​នោះ បានចេញ​រថយន្ត​នាំគ្នា​ទៅ​បង់ថ្លៃ​ភ្លើង នៅឯ​ក្រុង​បាត់ដំបង ដោយ​ទ្វារផ្ទះ​បាន​ចាក់សោ​ទាំង​អស់។​

ជនរងគ្រោះ​បាន​បន្តថា លុះ​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល នៅពេលដែល​នាង​ត្រឡប់មកវិញ ក៏​បាន​ចាក់សោ​ចូល​ផ្ទះ​ជាធម្មតា ប៉ុន្តែ​អ្វីដែល​ប្លែក​ គឺ​ទ្វារក្រោយ​បាន​របើក​ចំហ ទើប​មានការ​សង្ស័យ ​ក៏​ស្ទុះ​ទៅ​មើល​បន្ទប់​របស់ខ្លួន​ដែល​ខ្លួន​មិនបាន​ចាក់សោ ក៏​ស្រាប់តែ​ឃើញ​ទូរ​សម្រាប់​ដាក់​លុយ និង​គ្រឿង​អលង្ការ មាន​សភាព​រប៉ាត់រប៉ាយ ព្រមទាំង​បាត់អស់​នូវ​ទ្រព្យសម្បត្តិ​ដែល​បាន​ទុក​នៅក្នុង​ទូរ​នោះ។

ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ប្រាក់​ដុល្លារ ចំនួន​១២២០០​ដុល្លារ អាមេរិក​ ប្រាក់រៀល ចំនួន​១០០០០០០​រៀល ខ្សែដៃ​មាស​០១​ខ្សែ​ទម្ងន់​៥​ជី ខ្សែ​កមាស​០១​ខ្សែ​ទម្ងន់​៥​ជី ចិញ្ចៀន​មាស​០១​វង់​ទម្ងន់​មិន​ចាំ​តម្លៃ​៤០០​ដុល្លារ​អាមេរិក​ កងដៃ​កូន​ចំនួន​០២​ កង​ប្លាទីន ខ្សែ​.​ក កូន​០១​ខ្សែ​ប្លាទីន​ទម្ងន់​មិន​ចាំ និង ខ្សែ​.​ក ​ជើង​០១​ ខ្សែ​ប្លាទីន តម្លៃ​១៥០​ដុល្លារ​អាមេរិក។​

បច្ចុប្បន្ន​ ទាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ក៏ដូចជា​លោក​ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ កំពុងធ្វើការ​សិក្សា​ទៅលើ​បញ្ហា​នេះ​ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114