ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុមហ៊ុន​វិនិយោគ​នៅ​ប្រទេស​ស្វី​ស ប្រកាស​វិនិយោគ​បង្កើត​មន្ទីរពេទ្យ​ថ្មី​មួយ​នៅ​កម្ពុជា​ដោយ​បោះទុន​ប្រមាណ​៤០​លាន​ដុល្លារ

ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគ​អន្ដរជាតិ​ចំនួន​៦​ នៅ​ប្រទេស​ស្វី​សបាន​បង្ហាញថា ខ្លួន​មាន​គម្រោង​វិនិយោគ​លើ​វិស័យ​បណ្តុះបណ្តាល វិស័យ​សុខាភិបាល វិស័យ​ថាមពល និង វិស័យ​ព័ត៌មានវិទ្យា ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​មួយ​បាន​បញ្ជាក់ថា ខ្លួន​បានសម្រេច​ចិត្ត​រួចហើយ​វិនិយោគ​បង្កើត​មន្ទីរពេទ្យ​ថ្មី មួយ​ជាមួយ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ដោយ​ចំណាយ​ទុន​ប្រមាណ ៤០ លាន​ដុល្លារ​។

ការប្រកាស​របស់​ក្រុមហ៊ុន​ស្វី​ស​ទាំងនោះ​ ធ្វើឡើង​ក្នុងឱកាស​ដែល​ពួកគេ​បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​៤​កក្កដា​នេះ​។

យោងតាម​ការបញ្ជាក់រ​ប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ​ក្រុមហ៊ុន​ទាំង​៦​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់លោក​ចូលជួប​សំដែង​ការគួរ សមនិង​ពិភាក្សា​ការងារ។ តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ទាំង ៦ មានការ​ចាប់អារម្មណ៍​ចង់​មក​ធ្វើការ​វិនិយោគ​ទៅលើ​វិស័យ​សុខាភិបាល​ជាពិសេស​មាន បំណង​ចង់​កសាង​មន្ទីរពេទ្យ​ថ្មី និង មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ។ ក្រុមហ៊ុន​ក៏មាន​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​ថាមពល វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ​។

តំណាង​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​បានរៀបចំ​គម្រោង​រួចហើយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​ដែល​ក្រុមហ៊ុន​បានរៀបចំ​នូវ​គម្រោង​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជា ៤០ លាន​ដុល្លារ ។ ក្រុមហ៊ុន​មានបំណង​ចង់​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​លើ វិស័យ​សុខាភិបាល​នេះ​។

​ការឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្ដេច​គាំទ្រ​រាល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ជាពិសេស​ការកសាង​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ដូចជា​មន្ទីរពេទ្យ​និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​និង​រួមទាំង​វិស័យ​ថាមពល​ផងដែរ​។ សម្ដេច​តេ​ជោ​នាយក​មន្ត្រី​ក៏បាន​អរគុណ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាប់អារម្មណ៍​ចង់ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​ជាពិសេស​លើ​វិស័យ​សុខាភិបាល​នេះ​។ សម្តេច បាន​បញ្ជាក់ថា​ កន្លងទៅ​នេះ​ប្រជាជន​កម្ពុជា​តែងតែ​ទៅ​ព្យាបាល​នៅឯ​ក្រៅប្រទេស​ដូចជា​ប្រទេស​វៀតណាម ប្រទេស​ថៃ និង ប្រទេស​សិង្ហ​បុរី ជាដើម ដូចនេះ​ប្រសិនបើ​មាន​អ្នកវិនិយោគ​ទៅ​ដាក់ទុន​កសាង​មន្ទីរពេទ្យ​ថ្មី​នៅ​ប្រទេស​កម្ពុជា​នោះ វា​ជា​រឿង​ល្អ​ដោយសារ​អាច​ផ្ដល់​សេវា​ផ្នែក​សុខាភិបាល​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង អាចមាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។

សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ដោយសារតែ កម្ពុ​ជាមាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​ដូច្នេះ​វិស័យ​សុខាភិបាល​ដែល​បង្កើត​នៅ​ប្រទេស​កម្ពុជា​នោះ​មិន​ត្រឹមតែ​សម្រាប់​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​អាច​បំរើ​សេវាកម្ម​ផ្នែក​សុខាភិបាល​ទៅដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​ផងដែរ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​សូម​ឲ្យ​ក្រុមហ៊ុន​អ្នកវិនិយោគ​ទាំងអស់​ទៅ​សិក្សា​ក៏ដូចជា​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ​ជាក់ស្ដែង និង ដើម្បី​អាចធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​តែម្ដង​លើ​វិស័យ​ដែលមាន​បំណង​ចង់​វិនិយោគ​នោះ​ជាពិសេស លើ​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្ដេច​បាន​មានប្រសាសន៍ថា ​ប្រសិនបើ​អាច​ចាប់​ជា​ដៃគូ​ជាមួយ​សាលារៀន​ដែលមាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​គឺ​កាន់តែ​ប្រសើរ​។

ជា​ចុងក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា សម្ដេច​ពិតជា​រីករាយ​និង​ស្វាគមន៍​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំង​អស់ហើយ សម្តេច​បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ការបណ្ដុះបណ្ដាល​ផងដែរ ជាពិសេស​លើ​វិស័យ​ដែល​ក្រុមហ៊ុន​ចង់ទៅ​វិនិយោគ​នោះ​។

ក្រុមហ៊ុន​ទាំង ៦ នោះ​រួមមាន​ក្រុមហ៊ុន Auster Group ,​ក្រុមហ៊ុន Stivet international , ក្រុមហ៊ុន Spring Energy,​ក្រុមហ៊ុន Executer Con sullting , ក្រុមហ៊ុន One Planet Education និង ក្រុមហ៊ុន Sinetso limited៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114