ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ តំណាងរាស្ត្រ​អឺរ៉ុប ដែល​ចង់​ចូល​ស្រុក​ខ្មែរ ត្រូវមាន​វិ​សា​ឲ្យ​ត្រឹមត្រូវ​

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​តំណាងរាស្ត្រ​ក្នុង​សហភាព​អឺរ៉ុប​ថា​ពួកគេ​ត្រូវតែ​សុំ​វី​សា​សិន​មុននឹង​ចូលមក​កម្ពុជា​។ សម្តេច​បាន​ព្រមាន​ថា «​បើ​ខ្ញុំ​មិន​ឲ្យ​អ្នកឯង ចូល​សាកល​មើល៍​…​។ តំណាងរាស្ត្រ​ថៃ​ចូល​កម្ពុជា កម្ពុជា​កាត់ទោស​តំណាងរាស្ត្រ​ថៃ​។ សុំ​ចាំ​ឲ្យ​ច្បាស់​»​។

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នេះ​ទៅកាន់​តំណាងរាស្ត្រ​ក្នុង​សហភាព​អឺរ៉ុប​ដែលមាន​បំណង​អមដំណើរ​លោក​សមរង្ស៊ី​ចូលមក​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ក្រុម​សមាជិកសភា​សហភាព​អឺរ៉ុប​ថា សមត្ថកិច្ច​នឹងមិន​ធ្វើ​អ្វី​ចំពោះ​ពួកគេ​ឡើយ​បើ​ពួកគេ​ចូលមក​កម្ពុជា​ដោយមាន​វី​សា​ត្រឹមត្រូវ​។

ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​មាន​តំណាងរាស្ត្រ​ពី​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប​នឹង​អមដំណើរ​លោក​សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង​មក​កម្ពុជា​។

អ្នកស្រី មូរ សុខ​ហួរ បានប្រកាស​នាពេល​ថ្មីៗ​នេះ​ថា​ លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ខាង​ប្រឆាំង នឹងធ្វើ​មាតុភូមិនិវត្តន៍​នៅ​ខែសីហា​ឬ​ឈានចូល​ខែកញ្ញា ឆ្នាំ​២០១៩​។ អ្នកស្រី​ក៏បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​មាន​តំណាងរាស្ត្រ ក្នុង​សហភាព​អឺរ៉ុប​៦​នាក់​ហើយ​ដែល​បានបញ្ជាក់​ពី​ការរួម​ដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រឆាំង​មក​កម្ពុជា​។

ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ជាថ្មី​ថា​នឹង​វាយខ្នោះ​លោក សម រង្ស៊ី និង​អ្នកប្រឆាំង​មួយចំនួនទៀត​ដែលមាន​ដីកាចាប់ខ្លួន​នៅពេលណា​ពួកគេ​ចូល​មកដល់​កម្ពុជា​។

សម្តេច​បាន​បញ្ជាក់ថា​៖«​អ្នកឯង​កំពុង​រត់ចេញ​ពី​គុក​ឥឡូវ​បើ​ទៅវិញ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដើម្បី​យក​អ្នកឯង​ចូល​គុក​។ ទៅ​ព្រៃ​ស ឬ​ត្រពាំង​ផ្លុ​ង​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ពន្យល់ថា ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ចូលមក​ប្រទេស​កម្ពុជា​ជា​សិទ្ធិ​គ្មាន​នរណា​ហាមឃាត់​ទេ​ទៅ​ពេលណា​ក៏បាន​ដែរ​។ សម្តេច​បានបញ្ជាក់​បន្ត​ថា​មិនមែន​សម្តេច​ជា​អ្នកកំណត់​ឲ្យចូល ​ឬ ​មិន​ចូល​នោះទេ ប៉ុន្តែ​អ្នកមាន​ដីកា​ជាប់​ខ្លួន​ត្រូវតែទៅ​ចូល​គុក​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទ​ទៅ​សួរ​ក្រុមប្រឆាំង​ថា​ហេតុអ្វី​ទៅ​ចាប់​សម្តេច​ស្រួលៗ​ម្ល៉េះ​។ សម្តេច​តេ​ជោ​បាន​ផ្តាំ​ថា​ កុំ​ជឿ​អ្នក​ដែល​ជួយ​ខ្លួនឯង​មិនបាន​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា​ ជួយ​ខ្លួនឯង​មិនបាន​ផង​តើ​ទៅ​ជួយ​នរណា​បាន​? សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​ទណ្ឌិត សម រ​ង្ស៊ី ជា​មនុស្ស​ភូត​ដូរ​បាយ​។

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​បបួល​ទណ្ឌិត សម រ​ង្ស៊ី មេក្រុម​ប្រឆាំង​ក្រៅប្រទេស ស្បថ​ដាក់​ជីវិត​ទាំង​ក្រុម​តែម្តង​ ចំពោះ​ការចោទប្រកាន់ថា​អ្នក​ដែល​ទៅ​គ្រាំទ្រ​សម្តេច​រាប់ពាន់នាក់​នៅ​ប្រទេស​ស្វី​ស​ថា​ ត្រូវបាន​ជួល​ក្នុងតម្លៃ​២០០ ដល់​២០០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។ ទោះបី​សម្តេច​តេ​ជោ​មិនបាន​និយាយ​ឲ្យ​ចំឈ្មោះ​ក៏ដោយ​ចោះ​តែ​គេ​ដឹង​ច្បាស់​ថា​ អ្នក​ដែល​ចោទប្រកាន់​សម្តេច​ថា​ បាន​ជួល​មនុស្ស​ឲ្យ​ទៅ​ចាំ​ទទួល​សម្តេច​នៅ​គឺ​លោក សម រង្ស៊ី ។

លោក សម រ​ង្ស៊ី បានលើកឡើង​លើ Facebook របស់លោក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួល​មនុស្ស​ឲ្យ​មក​ស្វាគមន៍​ដោយ​ឲ្យ​កម្រៃ​ពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ​ម្នាក់​អាស្រ័យ​លើ​មកពី​ជិត​-​ឆ្ងាយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានចាត់ទុក​ការចោទប្រកាន់​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​ពលរដ្ឋ​ខ្មែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ការជួបគ្នា​រវាង​សម្តេច និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​គឺជា​ការរត់​រកគ្នា​នៃ​ឈាម​ខ្មែរ​ដូចគ្នា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មកជួប​សម្តេច​ស្បថ​ឱ្យស្លាប់​ទាំងអស់គ្នា បើសិន​ជំនួប​នេះ​មាន​ការជួល​ឬ​ទិញដូរ​នោះ​។ ផ្ទុយទៅវិញ​បើ​មិនមាន​ការជួល​ឬ​ទិញដូរ​គឺ​ឱ្យ​អ្នកចោទ​នោះ​ស្លាប់​ដូចគ្នា​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការជួបគ្នា​រវាង​សម្តេច និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប គឺជា​ការរត់​រកគ្នា​នៃ​ឈាម​ខ្មែរ​ដូចគ្នា​។

​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ការរៀបចំ​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សម្តេច​នៅ​ទីក្រុង​ហ្សឺ​ណែវ​តែ​ត្រូវ​បរាជ័យ​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានបង្ហាញ​រូបថត​អតីតមន្ត្រី​របប​លន់ ណុល ក្នុង​ការបញ្ជា​ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច​នៅ​ទីក្រុង​ហ្សឺ​ណែវ​។

គួរ​បញ្ជាក់ថា ​ក្រុមប្រឆាំង​ដែលមាន សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​ជា​ប្រធាន​បានប្រកាស យក​ថ្ងៃទី​៥ ខែកក្កដា​នេះ​ ដើម្បី​ប្រមូល​អ្នកគាំទ្រ​ខ្លួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សម្តេច​តេ​ជោ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វី​ស។ គឺ​ចំ​ថ្ងៃ​ដែល​សម្តេច​តេ​ជោ​ចាកចេញ​ត្រឡប់មក​មាតុភូមិ​វិញ ដែល​នេះ​គឺជា​ល្បិចកល​មួយ​ចង់យក​ការចាកចេញ​របស់​សម្តេច ថាស​ម្តេច​ត្រូវបាន​រត់ចេញ​ពី​ទីក្រុង​ហ្សឺ​ណែវ ដោយសារតែ​ខ្លាច​បាតុកម្ម​របស់​ពួកគេ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ពន្យល់ថា ហេតុ​បានជា​គេ​សុំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​៥​កក្កដា​នេះ​ព្រោះថា​បាតុកម្ម​ថ្ងៃទី​៥ ច្បាស់​ណាស់​គេ​នឹង​និយាយថា​លោក ហ៊ុន សែន នឹង​រត់​ដោយសារ​ខ្លាច​បាតុកម្ម​របស់គេ​។ ប៉ុន្តែ​ខ្ញុំ​បាន​ជម្រាប​ហើយ​ខ្ញុំ​មាន​វត្តមាន​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៥ កក្កដា នៅ​ទីក្រុង​ហ្សឺ​ណែវ​ចុះ​ហេតុអ្វី​មិន​មក ធ្វើបាតុកម្ម​ថ្ងៃ​២ ថ្ងៃ​៣ ថ្ងៃ​៤ ទៅមក​ធ្វើ​ថ្ងៃ​៥ ដែលជា​ថ្ងៃ​ខ្ញុំ​ទៅវិញ​អញ្ចឹ​ង​ខ្ញុំ​ឆ្ងល់​ណាស់​។

​សម្តេច​បាន​លើកឡើងថា «​ហេតុអ្វី​បានជា​មក​ធ្វើបាតុកម្ម​ថ្ងៃ​ដែល​ខ្ញុំ​ទៅវិញ​ឆ្ងល់​នោះ​វា​ឆ្ងល់​ពេក​ហើយ ។ បើ​ថា​ខ្លួន​បរាជ័យ​ក្នុងការ​ជ្រើសរើស​ប្រមូល​មនុស្ស​មក​ធ្វើបាតុកម្ម​មិនបាន​ទទួលស្គាល់​ពី​បរាជ័យ​របស់ខ្លួន​ទៅ ! »​។ ជាមួយគ្នា​នោះដែរ​សម្តេច​ក៏បាន​លើកឡើង​ថា​បង្ហាញ​រូបភាព​របស់​បុរស​ម្នាក់​ដែលជា​អតីតរដ្ឋមន្ត្រី​ជំនាន់​លន់ ណុល​ថា បើ​ធ្វើបាតុកម្ម​មិន​បានទេ​ឈប់​ធ្វើ​នយោបាយ​ទៅ ទៅ​លក់​បាយ​វិញ​ទៅ​។ សម្តេច​បន្តថា ឥឡូវនេះ​បើសិន​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​៥ កក្កដា តើ​បាតុកម្ម​នោះ​មាន​ប្រយោជន៍​អ្វី​មក​ដេញ​ហ៊ុន សែន នោះ​បើ​ហ៊ុនសែន​ទៅ​បាត់​ហើយ។ វា​មិន​ខុសពី​ហ៊ុន ម៉ា​ណែ​ត បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ក្របី​ស៊ី​ស្រូវ​បង​មិន​ហ៊ាន​ដេញ ក្របី​ដើរចេញ​បង​ដេញ​ឲ្យ​ស្រី​មើល​។

ជាមួយគ្នា​នោះដែរ​ សម្តេច​ក៏បាន​លើកឡើង​ថា​ ក្រុមប្រឆាំង​ទើបតែ​សុំច្បាប់​ពី​ប៉ូលិស​ធ្វើបាតុកម្ម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ប៉ុន្តែ​តាម​បញ្ញត្តិ​របស់​ប្រទេស​ស្វី​ស​៤៨​ម៉ោង ក្រោយ​ទើប​អាច​ធ្វើបាន​ដូច្នេះ​ថ្ងៃទី​៥ កក្កដា​មិនអាច​ធ្វើបាន​ដដែល​ដល់​ថ្ងៃទី​៦ កក្កដា ទើប​អាចធ្វើ​បានតែ​ធ្វើ​មាន​ប្រយោជន៍​អ្វី​បើ ហ៊ុន សែន ដល់​ស្រុក​ខ្មែរ​វាយកូនគោល​ហើយ​ហ្នឹង​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114