ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ទ័ព ហើយ​កំពង់ចាម​ជួប​អគ្គីសនី​កម្ពុជា​និង​យុវជន​បាទី​ប៉ះ​គីរីវង់

ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប៉ះ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ហើយ​ក្រុម​ខេត្តកំពង់ចាម​ជួប​ក្រុម​អគ្គីសនី​កម្ពុជា​និង​ក្រុមយុវជន​បាទី​ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប្រចាំ​សប្ដាហ៍​ទី​១៤ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2019) នៅ​ល្ងាច​ថ្ងៃ​សោ​រ៍ ទី​៦ ខែកក្កដា ឆ្នាំ​២០១៩​លើ​៣​ទីលាន​ផ្សេងគ្នា​។

*​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ទ័ព​
ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វា​កីឡដ្ឋាន​ខេត្តសៀមរាប របស់ខ្លួន​ទទួល​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វិញ​កំពុងតែ​ស្រេច​ឃ្លាន​ជ័យជម្នះ​ព្រោះ​ត្រូវ​ប្រជែង​យក​ពិន្ទុ​បន្ថែម​ប្រដេញ​តំបន់​កំពូល​តារាង​។ លោក Oriol Mohedano គ្រូបង្វឹក​ក្រុម​នៅ​ខេត្តសៀមរាប មួយ​នេះ​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​តារាង​រួម​ដែលមាន​១៤​ក្រុម​។ ក្រុម​នេះ​មានបំណង​បំបែក​កំណត់ត្រា​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ប្រកួត​បាន​ច្រើនជាងគេ​៥០០០​នាក់​ផងដែរ​។ ចំពោះ​ក្រុម​ក្រសួងការពារជាតិ នៅ​មិនទាន់​អស់​ឱកាស​ក្នុងការ​ប្រជែង​យក​ជើងឯក​នោះទេ ទោះបីជា​ប្រកួត​កន្លងមក​ឈ្នះ​៧​លើក​ស្មើ​២​លើក​និង​ចាញ់​៤​លើក​ក៏ដោយ​។ លោក ទេព ឡុង​រចនា អ្នកចាត់ការ​ទូទៅ​ក្រុម​បាន​បន្ថែម​សមាជិក​ថ្មី​មួយចំនួន​ដើម្បី​ប៉ះប៉ូវ​ដល់​កីឡាករ​ចាស់ៗ​ដែល​ចាកចេញ​។ ប៉ុន្តែ​ក្រុម​នេះ​សំបូរ​ទៅដោយ​កីឡាករ​ឆ្នើមៗ​ច្រើន​។

*​កំពង់ចាម ប៉ះ​អគ្គីសនី​កម្ពុជា​
ក្រុម​ខេត្តកំពង់ចាម ដែល​ខ្ចី​កីឡដ្ឋាន​ស្តា​ត​ចាស់​ធ្វើជា​ទឹកដី​របស់ខ្លួន​បណ្តោះអាសន្ន​ក្នុង​ជើង​ទី​២​នេះ ត្រូវ​ទទួល​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី ផងដែរ​។ កាលពី​ជំនួប​ជើង​ទី​១​រវាង​ក្រុម​ទាំង​២​ឃើញថា​ក្រុម​ខេត្តកំពង់ចាម ធ្លាប់​យកឈ្នះ​អគ្គីសនី​កម្ពុជា ១​ទល់​០​ផងដែរ​។

ក្រុម​ខេត្តកំពង់ចាម កំពុងតែ​ស្ថិតនៅ​បាត​តារាង ពោល​គឺមាន​ត្រឹម​៣​ពិន្ទុ​ប៉ុណ្ណោះ ព្រមទាំង​ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៥​គ្រាប់​ប៉ុណ្ណោះ​ ហើយ​របូត​គ្រាប់​បាល់​វិញ​ដល់​ទៅ​១៣១​គ្រាប់​។ ក្រុម​មួយ​នេះ​បានប្រកាសថា​នឹង​សហការ​ជាមួយ​ក្រុម​Singburi Bangrajun F.C របស់​ថៃ​ដើម្បី​រៀបចំ​ក្រុម​នៅ​ជើង​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។ ចំណែក​ក្រុម​អគ្គីសនី​កម្ពុជា ជា​ក្រុម​ដែល​មិន​ប្រើប្រាស់​កីឡាករ​បរទេស​នោះទេ ហើយ​ក្រុម​នេះដែរ​ដឹកនាំ​ដោយ​លោកគ្រូ ប្រាក់ វុទ្ធី មាន​១០​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​ឈ្នះ​បាន​៣​លើក ស្មើគ្នា​១​លើក​និង​ចាញ់​៩​លើក​។

*​យុវជន​បាទី​ប៉ះ​គីរីវង់
ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​បើកទ្វា​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ទទួល​ក្រុម​អ្នក​ក្បែរ​ខាង​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​Youtube របស់ CNCC ផងដែរ​។ ជំនួប​កាលពី​ជើង​ទី​១​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ធ្លាប់បាន​យកឈ្នះ​លើ​ក្រុមយុវជន​បាទី​៤​ទល់​១​។

ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី កំពុងតែ​ដឹកនាំ​ដោយ​លោក Koji Gyotoku ជា​គ្រូបង្វឹក​ជនជាតិ​ជប៉ុន ខណៈ​ក្រុម​នេះ​ ហាក់​ចាប់ផ្តើម​មិនសូវ​បានល្អ​ក្នុង​ជើង​ទី​១​នេះ​ដោយ​ឈ្នះ​បាន​១​លើក និង​ចាញ់​១២​លើក​មាន​៣​ពិន្ទុ​ឈរ​លេខ​រៀង​ទី​១៣​ក្នុងចំណោម​សមាជិក​ទាំង​១៤​ក្រុម​។ ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ របស់លោក​គ្រូបង្វឹក​Ekapob Potisai ជនជាតិ​ថៃ មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ​ដែរ ក្រោយ​រកបាន​ជ័យជម្នះ​បាន​៤​លើក​និង​ចាញ់​៩​លើក​មាន​១២​ពិន្ទុ​ក្នុង​ដៃ​។ កីឡាករ ដាវ នឹម ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​នាពេល​កន្លងមក​ក្រោយ​រកបាន​គ្រាប់​បាល់​៩​គ្រាប់​ម្នាក់ឯង​ច្រើនជាង​មិត្ត​រួម​ក្រុម​ដទៃ​។

​ចំណែក​ប្រកួត​៤​គូ​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​១៤​នេះ​ បន្ត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែកក្កដា ឆ្នាំ២០១៩ ដោយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហើយ​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ខ​.​ភ​.​ម ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជួប​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium និង​ក្រុម​សូល​ទី​ឡូ​អង្គរ ជួប​វិសាខា នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

សូមបញ្ជាក់ថា ​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ដំណើរការ​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114