ព័ត៍មានទាន់​ហេតុការណ៏
Search

លោកអ៊ិន សុ​ភិន អំពាវនាវ​ឲ្យ​គាំទ្រ​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ចំណែក​ និង​ជា​ផ្នែក​មួយ​ នៃ​ការចូលរួម​ផ្សព្វផ្សាយ ​និង​កេណ្ឌ​ប្រមូល​ថវិកា​ជូន​មូលនិធិ​​គន្ធបុប្ផា​កម្ពុជា​នោះ​ នា​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ខាងមុខនេះ​ នឹង​មានការ​រៀបចំ​បើក​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌​រវាង​ក្លឹប​បាល់ទាត់​មួយ​នៅ​កម្ពុជា ​និង​ក្លឹប​បាល់ទាត់​មួយទៀត​នៅ​ប្រទេស​ថៃ។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​។​

ការប្រកាស​ខាងលើនេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្ដីពី​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌​កម្ពុជា​-​ថៃ​ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៩ ​ស្ថិតនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​មាន​ការចូលរួម​ពី​សំណាក់​ដៃគូ​សហការ​ដូច​ជា ​៖ ​ម្ចាស់​ផលិតកម្ម​មហាហង្ស​,​ក្រុមហ៊ុន​All That Once.,LTD ក្រុម​ក្លឹប​បាល់ទាត់​ONCE UNITED​ប្រទេស​ថៃ​,​ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​នៅ​កម្ពុជា។

ជាមួយគ្នានេះដែរ ​ក៏​មាន​ការ​សម្របសម្រួល​ដោយ​លោក​Sak chanbotum ពី​All Stars Charity Soccer Match និង​ជាទី​ព្រឹក្សា​របស់​សម្ដេច​ព្រះ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​ នៃ​គណៈ​មហានិកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

កម្មវិធី​នេះដែរ​ គឺមាន​ការប្រកួត​រវាង​ក្រុម​កីឡាករ​នៃ​ក្លឹប​បាល់ទាត់​កម្ពុជា​និង​កីឡាករ​មកពី​ក្លឹប​បាល់​ទាត់​ប្រទេស​ថៃ​និង​ការប្រកួត​រវាង​ក្រុម​តារា​សិល្បៈ​កម្ពុជា​-​ថៃ​ព្រមទាំង​មានការ​ប្រគំ​តន្ត្រី​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ទៀតផង។

​បើតាម​ការលើកឡើងរ​ប​ស់​ លោក អ៊ិន សុ​ភិន ​ថៅកែ​ផលិតកម្ម​មហាហង្ស​ដែល​បាន​រួម​សហការ​ក្នុង​ការរៀបចំ​ការប្រកួត​នេះ​ឡើង​បាន​បញ្ជាក់ថា ​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ គឺធ្វើឡើង​ដើម្បី​រួម​ចំណែក​គាំទ្រ ​និង​ប្រមូល​ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​ចូលរួម​ទស្សនា​ពី​ទស្សនិកជន​យក​ទៅ​ចូលរួម​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា ​គឺ​គន្ធបុប្ផា​។

ជាមួយគ្នានេះ​ លោក​ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​មហាជន​ដែល​ស្នេហា​ចូលចិត្ត​វិស័យ​កីឡាបាល់ទាត់ ​និង​តារា​សិល្បៈ​ខ្មែរ​ទាំងអស់​ឲ្យ​ចូលរួម​គាំទ្រ​ ព្រោះ​នេះ​ជា​ផ្នែក​មួយ​ នៃ​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោក អ៊ិន សុ​ភិន បាន​បន្ថែមទៀតថា​ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌​នា​ថ្ងៃទី​១៩​កក្កដា ខាងមុខនេះ​ គឺមាន​ក្រុម​កីឡាករ​ដែល​មាន​អាជីព​ជា​អ្នក​សិល្បៈ​ចូល​រួម​ប្រមាណ​៥០​នាក់​និង​តារា​សម្តែង​-​ចម្រៀង​ប្រមាណ​១០០​នាក់​ផងដែរ។ កម្មវិធី​នេះ​ជា​គម្រោង​ និង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​សំបុត្រ​ចូក​រួម​ទស្សនា​ចាប់ពី​១​ម៉ឺន ​ដល់​២ម៉ឺន​រៀល​។​

​ដោយឡែក​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ប្រធាន​ក្លឹប​បឹងកេត​កម្ពុជា​បាន​លើកឡើង​ថា​ ចំពោះ​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌​កម្ពុជា​-​ថៃ​ដើម្បី​ប្រមូល​ថវិកា​ជូន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​ ក៏មាន​ការចូលរួម​ពី​សំណាក់​កីឡាករ​បាល់ទាត់​ផ្នែក​ជម្រើស​ជាតិ​ល្បី​ប្រចាំ​ក្លឹប​ដូចជា ​៖​ កីឡាករ ចាន់ ​វឌ្ឍនាកា និង លី វ៉ា​ហេ​ត ជាដើម​។​ លោក​សង្ឃឹមថា ​បងប្អូន​ដែល​តែងតែ​ចូល​ចិត្តនឹង​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​នឹង​ចូក​រួមចំណែក​ក្នុង​ការ​ទស្សនា​ ដើម្បី​ជា​ផ្នែក​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114