ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម ស ខេង ដាក់ពាក្យ​ប្តឹង​លោក សម រ​ង្ស៉ី ទារ​សំណង​១​លាន​ដុល្លារ

​ភ្នំពេញ ​៖ ក្រុម​មេធាវី​របស់​ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​មាន​លោក​មេធាវី ហាក់ សៀក​លី​, មេធាវី ពេជ្រ សូរិយា និង​មេធាវី ចៅ ប៊ុន​ហួន បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក សម រ​ង្ស៉ី អតីត​មេដឹកនាំ​ក្រុមប្រឆាំង​ពីបទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ទាមទារ​ឱ្យ​តុលាការ ចាត់ការ​លោក សម រ​ង្ស៉ី ទៅតាម​ផ្លូវច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​។​

​បើតាម​ពាក្យបណ្ដឹង ចុះ​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០១៩ ហើយ​កម្ពុ​ជាថ្មី​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ទាក់ទង​ការទទួល​មរណៈភាព​រប​ស់​លោក ហុង ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​លោក ឌី វិជ្ជា ដឹង​ពី​ករណី​ឃាតកម្ម​នេះ ហើយ​កំពុង​គិតគូរ​ពី​ផែនការ​សង់​ទឹក​វិញ ដែល​មាន​ផែនការ​នេះ មានការ​គាំទ្រ​ពី​ សម្ដេច​ក្រឡាហោម ស ខេង​….។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់​ក្រុម​មេធាវី​សម្ដេច​ក្រឡាហោម ស ខេង បានចាត់ទុក​ការលើកឡើង​នោះ​ថា ជាការ​ប្រឌិត​ព័ត៌មាន​ទម្លាក់កំហុស និង​មួលបង្កាច់ និង​មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់ បំផុស​បំផុល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល ​នៃ​រាជរដ្ឋាភិបាល ក៏ដូចជា​ជួរ​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មាន​ចលាចល និង​ភាព​វឹកវរ​យ៉ាង​ធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម បំផ្លិចបំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ និង​សន្តិភាព​របស់​ជាតិ​ទាំងមូល ហើយ​បាន​ទាមទារ​២​ចំណុច គឺ​ទី​១,សុំ​ឲ្យ​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ ផ្ដន្ទាទោស ​ឈ្មោះ សម រង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់។

ទី​២,ទាមទារ​ឲ្យ​ឈ្មោះ សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន​៤​ពាន់​លាន​រៀល ដល់​ សម្ដេច​ក្រឡាហោម ស ខេង​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ផ្លូវការ​របស់​ខ្លួន​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ លើ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ការសម្លាប់​នេះ ដោយសារតែ​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី ហុក ឡង់ឌី ដឹង​រឿង​ច្រើនពេក ហើយ​បច្ចុប្បន្ន លោក​ឧត្ដមសេនីយ៍ ឌី វិជ្ជា ជា​កូនប្រុស​ច្បង របស់​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី កំពុងតែ​គិតគូរ​អំពី​ផែនការ​សងសឹក​។​

​ទាក់ទង​ករណី​ចោទប្រកាន់​នេះ កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានប្រកាស​បបួល​ទណ្ឌិត សម រ​ង្ស៉ី ចេញ​មក​ស្បថ​ដាក់​ជីវិត​ខ្លួនឯង ក្រុមគ្រួសារ និង​សាច់ញាតិ ព្រមទាំង​មនុស្ស​ជំនិត​១០០​នាក់​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា តើ​អ្វី​ដែល សម រង្ស៊ី លើកឡើង​នោះ​ជា​ការ​ពិត ឬ​យ៉ាងណា​?​។​

ជាមួយគ្នា​នោះ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា នឹង​រៀបចំ​ឯកសារ​ប្ដឹង​ទណ្ឌិត​ សម រង្ស៊ី ទៅ​កាន់​តុលាការ​ប្រទេស​បារាំង​ផងដែរ លើ​ករណី​ដែល​សម រង្ស៊ី បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា សម្ដេច​ជា​អ្នក​សម្លាប់​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី ហើយ​ទណ្ឌិត​រូប​នោះ ក៏បាន​ចោទ​ជា​សាធារ​ណៈ​ផងដែរ​ថា សម្ដេច​ក្រឡាហោម ស ខេង បាន​រៀបចំ​ផែនការ ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​រីឯ​លោក​ឧត្ដមសេនីយ៍​ឯក ឌី វិជ្ជា កូនប្រុស​របស់​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៩ ដែរ​ថា លោក​កត់សម្គាល់​ឃើញថា កន្លងមក​បុគ្គល​ទណ្ឌិត សម រង្ស៊ី និង​ បក្ខពួក បាន​ព្យាយាម​បង្ក​ចលាចល ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​មានការ​ភ័ន្ត​ច្រឡំ ជុំវិញ​ការស្លាប់​របស់​ឪពុក​លោក កាលពី​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​កន្លងទៅ​។

លោក​អះអាងថា ការស្លាប់​របស់​ឪពុក​លោក ជា​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដោយសារ​កត្តា​អាកាសធាតុ ប៉ុន្តែ​ត្រូវបាន​ទណ្ឌិត សម រង្ស៊ី យក​ទៅ​ធ្វើជា​ឧបាយកល​ទុច្ចរិត​ក្នុងការ​បម្រើ​មហិច្ឆតា នយោបាយ​របស់ខ្លួន ដោយ​ឥត​អៀនខ្មាស ដើម្បី​ប្រឌិត​រឿង​បំបែកបំបាក់​ផ្ទៃក្នុង ​នៃ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិបាល ក៏ដូចជា​ក្រុមគ្រួសារ​របស់លោក​។​

​តាម​លោក​ឧត្ដមសេនីយ៍​ឯក ឌី វិជ្ជា នេះ​មិនមែនជា​រឿងលើក​ទី​១ ​ទេ ដែល​ទណ្ឌិត សម រង្ស៊ី ហ៊ាន​ប្រឌិត​ព័ត៌មាន​មិន​ពិត និង​បង្កើត​ព័ត៌មាន​ញុះញង់ ដើម្បី​បំផ្លាញ​ស្ថិរភាព​សង្គម និង​សាមគ្គីភាព​ជាតិ​។ ជាក់ស្ដែង​ដូច​កន្លងមក មានការ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល វាយ​ប្រហារ​ទៅលើ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ឲ្យ​យោធា​ធ្វើ​សកម្មភាព ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាដើម ហើយ​ការ​និយាយ​ផ្ដេសផ្ដាស​គ្មាន​ការពិត និង​ខ្វះ​ការទទួលខុសត្រូវ បាន​ក្លាយទៅជា​ទម្លាប់​របស់​ទណ្ឌិត សម រង្ស៊ី ទៅ​ហើយ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​កំពុង​ឲ្យ​មេធាវី​សិក្សា និង​ពិនិត្យមើល​រៀបចំ​ឯកសារ ដើម្បី​ប្ដឹង​ទណ្ឌិត​រូប​នោះ​៕

ដោយ ៖ កោះ​កែវ​





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114