ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូ លីកា ប្រថុយ​ខ្លាំង ​ស្កាត់​ចេញពី​ភ្នំពេញ​ ទៅ​បាត់ដំបង​ទាំង​យប់ ​ខណៈ​លោកយាយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ និង​ជា​ថៅកែ​ស្រី​វ័យក្មេង​កញ្ញា ម៉ូ លីកា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​និង​បារម្ភ​បំផុត​ខណៈដែល​អ្នកមាន​គុណ​គឺ​លោកយាយ​ជាទី​ស្រលាញ់​របស់​នាង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​រវើរវាយ​ស្រែកហៅ​រកតែ​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​ដាច់ចិត្ត​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទាំង​កណ្តាលយប់​ស្កា​ត់ទៅ​ជួប​លោកយាយ​របស់ខ្លួន។

បើ​តាម​ការ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ដ៏​កម្សត់​​​​​រាយរាប់​ប្រាប់​ពី​ប្រវត្តិ​ជា​ក្មេង​កំព្រា​រស់នៅ​ក្រោម​ការ​មើល​ថែ​ឃុំគ្រង​ពី​សំណាក់​លោកយាយ​ខ្លួន​នោះ​ កញ្ញា ម៉ូ លីកា បាន​លើកឡើងថា ​សូមទោស​ដល់​អតិថិជន​ទាំងអស់​គ្នា​ផង សម្រាប់​ការ​យឺតយ៉ាវ​នូវ​អីវ៉ាន់ ព្រោះ​ខ្ញុំ​មាន​ភារកិច្ច​ត្រូវ​តបស្នង​សង​គុណ​ដល់​លោកយាយ​របស់ខ្ញុំ ដោយសារតែ គាត់​មាន​ជំងឺ​ធ្ងន់​ និង​ជំងឺ​ប្រចាំ​កាយ (​ទឹកនោមផ្អែម លើសឈាម ខ្ញុំ​ជា​កូនកំព្រា​បាន​គាត់​យកមក​ចិញ្ចឹម តាំងពី​កើត គាត់​បាន ផ្ដល់​អ្វី​គ្រប់យ៉ាង​ឲ្យ​ខ្ញុំ​…)។​

កញ្ញា ម៉ូ លីកា បានបញ្ជាក់​ទៀតថា ​លោកយាយ​ជួយ​ឲ្យ​ខ្ញុំ​រៀន​បាន​ខ្ពង់ខ្ពស់​ពេល​ខ្ញុំ​ចង់​រៀន​អ្វី ​ក៏​ឲ្យ​រៀន​ដែរ មិនដែល​ជំទាស់​ចិត្ត​ចៅ ហើយ​មួយទៀត ខ្ញុំ​ចង់​ក្លាយ​ជា​អ្នកចម្រៀង ចង់​ឡើង​មក​ភ្នំពេញ ម្នាក់ឯង ដើម្បី​បាន​រៀន​រាំច្រៀង​ក៏​យាយ​ឲ្យ​ខ្ញុំ​មក​ដែរ ដែល​គ្រប់​គ្រួសារ​ហាមឃាត់ មិនឲ្យ​មកហើយ​បោះពាក្យ​សម្តី​មើលងាយ ថា​កុំ​តាមចិត្ត​វា​ពេក តែ​វា​ឡើងទៅ​ដឹង​តែ​ក្លាយជា​សំផឹង​ហើយ ​តែ​លោក​យាយ​ដឹង​ពី​ខ្ញុំ ថា​ចរិត​ខ្ញុំ​របៀប​ម៉េច​នោះ​គាត់​ដឹង គាត់​ក៏​ប្រថុយឲ្យ​ខ្ញុំ​ឡើងមក​ភ្នំពេញ​។​

​តារា​ចង្កា​ស្រួច​ កញ្ញា ម៉ូ លីកា បាន​និយាយទៀតថា ​ពេល​ខ្ញុំ​មក​ភ្នំពេញ​បាន​ចូល​ជា​អ្នកចម្រៀង ក្នុង​ក្រុម​មួយ​ដែលមាន ឈ្មោះថា F2B ហើយ​ខ្ញុំ​ក៏បាន​ជ្រើស​ចូលទៅក្នុង​ផលិតកម្ម​មួយ ដែល​ឈ្មោះថា ផលិតកម្ម Rock​ ចូល​បាន​មួយរយៈ​ ក៏​ខ្ញុំ​មាន​គំនិត​ចង់​រកស៊ី​ ចាប់ផ្ដើម​ដំបូង​លក់​ជ្រក់​ជើង​មាន់​បន្ទាប់​មក​ក៏​លក់​ផលិតផល​ដែល​បានមក​ដល់​សព្វថ្ងៃនេះ គឺ ព្រោះតែ​លោកយាយ​ម្នាក់ ដែល​បាន​ចិញ្ចឹម​ខ្ញុំ​តាំងពី​បាតជើង​ក្រហម​ម្ល៉េះ​។​

​ខ្ញុំ​ជា​ក្មេង​កំព្រា​ តាំងពី​តូច​ដល់ពេលនេះ​ ដល់​វេន​ខ្ញុំ​ម្ដង​ហើយ​ ដែល​ត្រូវ​មើលថែ​លោកយាយ​ម្ដង លោក​យាយ​ខ្ញុំ​ទន់​អស់ហើយ​ដើរ​លែង​ចង់​កើត​ហើយ ខ្ញុំ​ត្រូវ​ឡើង​មក​បាត់ដំបង​ទាំង​យប់ ព្រោះ ឮ​ដំណឹង​ថា​លោកយាយ​ខ្ញុំ ថ្ងូរ​រក​ខ្ញុំ មមើ​រក​ខ្ញុំ​រហូត ចង់​ជួប​ខ្ញុំ។ ​អញ្ចឹង​ហើយ​ បាន​ខ្ញុំ​មិនអាច​ទុក​គាត់​ចោល​បាន​ ខ្ញុំ​បាន​ដល់​សព្វថ្ងៃនេះ​ គឺ​បាន​គាត់ លោកយាយ​របស់ខ្ញុំ ឆាប់​ជា​ផង​ចុះ នេះ​ជា​ជីវិត​របស់​ខ្ញុំ​ពិត សូម​ផ្ដាំ​ដល់​អ្នក​ទាំងអស់គ្នា​ថា ធ្វើបុណ្យ​ឲ្យ​ទាន់​ខែភ្លឺ​ ទោះ​រវល់​យ៉ាងណាក៏ដោយ ត្រូវ​មក​ជួប​ព្រះ​រស់​មក​មើល​ព្រះ​រស់​ កញ្ញា ម៉ូ លីកា បន្ថែម​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114