ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមចម្រុះ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Abe ឈានទៅរក​ការ​ឈ្នះ​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត

ការស្ទង់មតិ​មួយ​បានបង្ហាញ​នៅ​ថ្ងៃ​សៅរ៍​ថា ក្រុមចម្រុះ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Shinzo Abe កំពុងស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ការ​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ថ្ងៃទី​២១​ខែកក្កដា​ហើយ​ក្តី​សុ​បិ​ន្ត​របស់គាត់​ក្នុងការ​កែសម្រួល​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​នៅតែ​អាចទៅរួច​ប្រសិនបើ​សម្ព័ន្ធភាព ក៏​ទទួលបាន​ជ័យជម្នះ​ផងដែរ​។​

​ការ​ស្ទាបស្ទង់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​បាន​បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក Abe និង​ដៃគូ​ចម្រុះ​របស់ខ្លួន​គឺ Komeito ត្រូវបាន​គេ​រំពឹងថា​នឹង​ឈ្នះ​អាសនៈ​ជាង​៦៣​ដែលជា​សំឡេង​ភាគច្រើន​នៃ​អាសនៈ​ទាំង​១២៤​ដែល​ត្រូវបាន​ប្រកួតប្រជែង​។ ការ​ស្ទាបស្ទង់​នេះ​បាន​បន្ថែមថា ពួកគេ​អាច​ទទួលបាន​អាសនៈ​រហូតដល់​ទៅ​៧៧​។​

​ការស្ទង់មតិ​ដទៃទៀត​ដែល​រាប់បញ្ចូល​ទាំង​ការស្ទង់មតិ​ដោយ​កាសែត Asahi និង Sankei​ក៏បាន​បង្ហាញ​ផងដែរ​ថា ក្រុមចម្រុះ​របស់លោក Abe មានឱកាស​ឈ្នះ​អាសនៈ​ភាគច្រើន​សម្រាប់​ការជាប់ឆ្នោត​ជាថ្មី​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកបោះឆ្នោត​ជាច្រើន​នៅតែ​មិនទាន់បាន​សម្រេចចិត្ត​ហើយ​លទ្ធផល​អាច​នឹង​ផ្លាស់ប្តូរ​។​

​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ត្រូវបាន​ប្រារព្ធ​ឡើង​រៀងរាល់​បី​ឆ្នាំ​ម្តង​ដោយ​អាណត្តិ​របស់​សមាជិក​មាន​រយៈពេល​៦​ឆ្នាំ​។ គណបក្ស LDP បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ​២០១៣​ប៉ុន្តែ​ទទួលបាន​សំឡេង​តិចជាង​មុន​ក្នុង​ឆ្នាំ​២០១៦​។​

​កំណែទម្រង់​កាលពី​ឆ្នាំមុន​បាន​បង្កើន​ចំនួន​អាសនៈ​នៅក្នុង​សភា​ជាន់ខ្ពស់​ចំនួន​៣​ពោលគឺ​ឡើងដល់​២៤៥​អាសនៈ​។​

​ការយកចិត្តទុកដាក់​ក៏​នឹង​ផ្តោត​ផងដែរ​ទៅលើ​ថា​តើ​ប្លុក​ដែល​កំពុង​កាន់អំណាច​រួមជាមួយ​គណ​តូចៗ​នៅតែ​រក្សា​សំឡេង​ភាគច្រើន​ពីរភាគបី​ដែល​ចាំបាច់​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ក្រោយ​សង្គ្រាម​ដែលជា​គោលដៅ​យូរអង្វែង​របស់លោក Abe ដែរ​ឬក៏​អត់​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114