ព័ត៍មានទាន់​ហេតុការណ៏
Search

UN អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​លី​ប៊ី ​ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​១,០០០​នាក់​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​នៅក្នុង​ប្រទេស​លី​ប៊ី​ស្រប​ពេលដែល​ចំនួន​អ្នកស្លាប់​ពី​ការវាយលុក​រយៈពេល​បី​ខែ​លើ​ទីក្រុង​ទ្រី​ប៉ូ​លី​បាន​កើន​ឡើងដល់​១,០០០​នាក់​រួមទាំង​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ពី​អាកាស​ដែល​បាន​បុក​ចំ​មណ្ឌល​ឃុំខ្លួន​ជនអន្តោប្រវេសន៍​មួយ​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​រួមមួយ​បាន​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​បាន​ថ្កោលទោស​ការវាយប្រហារ​កា​លពី​យប់​ថ្ងៃ​អង្គារ​នៅ​ជំរំ​ឃុំឃាំង Tajoura ភាគ​ខាងកើត​ទីក្រុង​ទ្រី​ប៉ូ​លី​ហើយ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ឲ្យ​ភាគី​ទាំង​អស់ប​ន្ទូ​រ​បន្ថយ​ស្ថានភាព​នេះ​ជាបន្ទាន់​និង​ប្តេជ្ញាចិត្ត​ចំពោះ​បទ​ឈប់​បាញ់​មួយ​។​

​មេបញ្ជាការ​លី​ប៊ី​លោក Khalifa Haftar ដែល​កងកម្លាំង​របស់​គាត់​បាន​កាន់កាប់​ភាគ​ខាងកើត​ប្រទេស លី​ប៊ី​និង​ភាគច្រើន​នៃ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​នេះ​បានចាប់ផ្តើម​ការវាយលុក​មួយ​កាលពីដើម​ខែមេសា ដើម្បី​ដណ្តើមយក​រដ្ឋធានី​ពី​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ដោយ UN (GNA)​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការវាយប្រហារ​ពី​អាកាស​និង​ការប្រយុទ្ធ​គ្នា​លើដី​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជិត​១,០០០​នាក់​ស្លាប់​និង​៥,០០០​នាក់​រងរបួស​។​

​ការប្រយុទ្ធ​គ្នា​ក៏បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​១០០,០០០​នាក់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​និង​គំរាមកំហែង​ឲ្យ​ប្រទេស​លី​ប៊ី​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​កាន់តែ​ជ្រៅ​ផងដែរ​។​

​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​គឺមាន​៥៣​នាក់​ត្រូវបាន​សម្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ​នៅក្នុង​ការ​វាយឆ្មក់​ពី​អាកាស​លើ​មជ្ឈមណ្ឌល​ឃុំឃាំង​ដែល​ត្រូវបាន​កាន់កាប់​ដោយ GNA ដែល​គេ​ចោទប្រកាន់ថា​ជា​ស្នាដៃ​របស់​កងកម្លាំង​លោក Haftar​។​

​អ្នកនាំពាក្យ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយថា កុមារ​៦​នាក់​គឺ​ស្ថិតក្នុង​ចំណោម​ជន​ចំណាកស្រុក​ដែល​ត្រូវបាន​សម្លាប់​។​

​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​កំណត់ថា​តើន​រណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើ​មណ្ឌល​ដែលមាន​ជនអន្តោប្រវេសន៍​៦០០​នាក់​ដែល​ភាគច្រើន​មកពី​បណ្តា​ប្រទេស​អាហ្វ្រិក​៕ AFP

ដោយ ​​៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114