ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ករណី​ឆក់​កាបូប​ស្ត្រី ជនជាតិ​ចិន នៅ​ណ្តា​ល​ក្រុង​សៀមរាប

សៀមរាប ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​និង​នគរបាល​ខេត្តសៀមរាប ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន​ក្រោយ​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន បានសម្រេច​រួចមក​។

ហេតុការណ៍​ដេញចាប់​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​នៅ វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​០៦​ ខែកក្កដា​ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​វត្ត​បូព៌ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មក​ចាប់បាន​នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​នគរបាល​ស្រុក​ប្រាសាទបាគង​។

លោក​បន្តថា ករណី​ឆក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦​ខែ​កក្កដា​នេះ ស្ថិតនៅ​ចុងស្ពាន​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​ លោក​បន្តថា ​ឈ្មោះ រស់ សុជាតិ ភេទប្រុស អាយុ​១៩ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។ ជិះ​ម៉ូតូ​ម៉ាក Scoopy ពណ៌ ស ពាក់​ផ្លាកលេខ សៀមរាប 1AD- 0354​។

ជនរងគ្រោះ​ជា​ភ្ញៀវ ទេសចរណ៍ ជនជាតិ​ចិន ឈ្មោះ SoLai Sh an Staikayi ស្រី អាយុ ២០ ឆ្នាំ បាន​បាត់បង់​ទូរ​សព្ទ​ដៃ Sumsung ០១​គ្រឿង និង​iPhone ០១ គ្រឿង​។ ដកហូត​ទូរ​សព្ទ​Sumsug និង​iPhone ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។

គួរបញ្ជាក់ នៅ​ក្រុង​សៀមរាប ដែលជា​តំបន់​ទេ​សចណ៍​ដ៏​ទាក់ទាញ​ភ្ញៀវ មួយ​រយះ​ចុង​ក្រោយនេះ មាន​អំពើចោរកម្ម កើត​ឡើងជា​ញឹកញាប់ ជាពិសេស ករណី​ឆក់​កាបូប​ភ្ញៀវ​។ ប៉ុន្តែ​ទោះជា​មាន​ករណីបែបនេះ​ក្ដី​កម្លាំង​នគរបាល​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​ប៉ូលិស​ខេត្តសៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ តែងតែ​ណែនាំ​ដល់​មន្ត្រីនគរបាល​ថ្នាក់ក្រោម​ប្រឹងប្រែង​ទប់ស្កាត់​បង្ក្រាប និង​ឈានទៅដល់​ការបង្ក្រាប​បានជា​បន្តបន្ទាប់​ផងដែរ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114