ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ប្រទេស​ដែល​រិះគន់​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​គួរតែ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ឲ្យ​ច្រើន​ដូច​ចិន

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ច្រានចោល​ចំពោះ​ការលើកឡើង​ដែលថា​ ប្រទេស​ចិន​កំពុង​បង្កើត​អន្ទាក់​ដើម្បី​ធ្វើ​អាណានិគម​ន៍​លើ​កម្ពុជា​តាមរយៈ​ការផ្តល់​ប្រាក់កម្ចី​។ ដោយ​សម្ដេច​បានចាត់ទុក​ការព្យាយាម​រិះគន់​និង​បង្កើត​កា​រប​ន្ទុ​ច​បង្អាក់​នានា​លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន គឺជា​រឿង​ភូមិសាស្ត្រ​នយោបាយ​។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អឺរ៉ុប​ប្រមាណ​ជាង ១,២០០ នាក់​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​សនា​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​បច្ចុប្បន្ន​មិនមែន​ខ្ចីប្រាក់​តែ​ប្រទេស​ចិន​នោះទេ គឺ​បាន​ខ្ចី​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ថែមទៀត​។ ប៉ុន្តែ​អត្រា​បំណុល​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ត្រឹម​ប្រមាណ​២១​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ខណៈដែល​ច្បាប់​កម្ពុជា​អនុញ្ញាត​ឲ្យ​រហូតដល់​ជិត​៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នោះ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ទៀតថា​ ការខ្ចី​នេះ​ទៀតសោត​កម្ពុជា​បាន​គិតគូរ​ល្អិតល្អន់​និង​ច្បាស់លាស់​ណាស់ ពោល​កម្ពុជា​ខ្ចី​តែ​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​តែប៉ុណ្ណោះ​។ សម្តេច​តេ​ជោ​ក៏បាន​លើកឡើង​ដែរ​ថា ប្រទេស​ដែល​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​មានតែ​៣​ប៉ុណ្ណោះ គឺ​ប្រទេស​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រម្លឹក​ពី​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុង​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ដោយ​គូស​រំលេច​ថា ចិន គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​បាន​ចោទ​ជា​សំណួរ​ថាបើ​គ្មាន​ចិន​ជួយ​ទេតើ​នរណា​បំពេញ​ចន្លោះប្រហោង​របស់​កម្ពុជា​។

សម្តេច​តេ​ជោ​បាន​ថ្លែងថា “​បើ​មិនមាន​វត្តមាន​ចិន​តើ​ស្ពាន​ជ្រោយចង្វារ​ទី​២​កើត​ទេ​ស្ពាន​ព្រែក​ក្តាម​ស្ពាន​ព្រែ​កតា​ម៉ាក់​ស្ពាន​សេកុង​ស្ទឹងត្រែង​…​កើត​ទេ​និង​ផ្លូវ​ប្រវែង​ជាង​២​ពាន់​គីឡូម៉ែត្រ​វា​កើត​ទេ​បើ​ចិន​មិន​ជួយ​”​។

សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​រិះគន់​ចំពោះ​មជ្ឈដ្ឋាន​មួយចំនួន​ដែល​បានធ្វើកា​វាយប្រហារ​ជុំវិញ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា ដោយ​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា​មាន​ប្រទេស​ជាច្រើន​សុទ្ធតែ​បាន​រកស៊ី​ជាមួយ​ចិន តែ​ហេតុអ្វី​ក៏មាន​ការរិះគន់​រឿង​កម្ពុជា​រកស៊ី​ជាមួយ​ចិន​ទៅវិញ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចំអក​ថា​ប្រទេស​ដែល​រិះគន់​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ថា ម៉េះ​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​ច្រើន​ដូច​ប្រទេស​ចិន​ទៅ បើ​ខ្លាច​ចិន​ជះឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា​តាមរយៈ​ការវិនិយោគ​នោះ​។ សម្តេច​តេ​ជោ​បន្ថែមថា​កម្ពុជា​មិនមាន​ការរើសអើង​សម្រាប់​អ្នកវិនិយោគ​បរទេស​នោះទេ​។

ពាក់ព័ន្ធ​ព័ត៌មាន​ដែលថា​ កម្ពុជា​បើកដៃ​ឲ្យ​ចិន​កសាង​មូលដ្ឋាន​កងទ័ព​នៅ​កំពង់ផែ​សមុទ្រ​រាម ឬ​តំបន់​ទេសចរណ៍​តារា​សាគរ ក្នុង​ខេត្ដ​កោះកុង​នោះ សម្តេចនាយក​រដ្ឋមន្ដ្រី​បានប្រកាសថា “​ខ្ញុំ​សូមបញ្ជាក់​ជា​ឱឡារិក​មិន​ថា​កងទ័ព​ចិន ឬ​អ្នកណា​ទេ គឺ​មិន​ត្រូវមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​ទេ​”​។ សម្ដេច​តេ​ជោ​ក៏បាន​លើក​ជា​សំណួរ​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ថា​ តើ​កម្ពុជា​ត្រូវការ​វត្តមាន​កងទ័ព​បរទេស​មក​ធ្វើ​អ្វី​មានការ​ចាំបាច់​ទេ​ហើយ​ទៅ​វាយ​ជាមួយ​អ្នកណា​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​គូសបញ្ជាក់​ទៀតថា​“​វា​គ្មាន​ការចាំបាច់​ទាល់តែសោះ ឯ​ចិន​វិញ​ចាំបាច់​មក​ដាក់​ទ័ព​នៅ​ស្រុក​ខ្មែរ​ធ្វើ​អ្វី បើ​ចិន និង​យើង​នៅ​ជិតគ្នា​ហ្នឹង​”​។ សម្ដេច​តេ​ជោ​លើក​ហេតុផល​ថា​ ប្រវត្តិសាស្ត្រ​របស់​ចិន​មិនដែល​នាំ​ទ័ព​ចេញ​ក្រៅ​ព្រំដែន​នោះទេ​ហើយ​ម្យ៉ាងទៀត​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ក៏​មិន​អនុញ្ញត​ឲ្យ​បរទេស​បង្កើត​មូលដ្ឋានទ័ព​លើ​ទឹកដី​របស់ខ្លួន​ដែរ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114