ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ស​ម្តែ​ង​នូវ​ការខកចិត្ត ចំពោះ​សមាជិកសភា​សហភាព​អឺរ៉ុប មួយចំនួន​តូច ដែល​ចង់​ហែហម​ទណ្ឌិត សម រង្សី វិល​ត្រលប់​ចូលមក​កម្ពុជា​វិញ

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្តែង​នូវ​ការខកចិត្ត ចំពោះ​សមាជិកសភា​សហភាព​អឺរ៉ុប មួយចំនួន​តូច ដែល​ចង់​ហែហម​ទណ្ឌិត សម រង្សី វិល​ត្រលប់​ចូលមក​កម្ពុជា និង​បានចាត់ទុក​ទង្វើ​ទាំងនោះ​ថា ជា​ទង្វើ​គ្មាន​លក្ខណៈ​កា​ទូត មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ​របស់​កម្ពុជា នេះ​បើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១៩​។

សេចក្តី​ថ្លែង​ការ​ណ៍​របស់​អ្នកនាំពាក្យ​លើកឡើងថា វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែលថា “​សមាជិកសភា​សហភាព​អឺរ៉ុប​” មួយចំនួន​តូច តាមរយៈ​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ពី​បំណង​របស់​ពួកគេ​ក្នុងការ​ហែហម​ទណ្ឌិត​រត់គេចខ្លួន សម រង្សី ដែល​ប្រកាស​ដដែលៗ​ពី​ការវិល​ត្រលប់​របស់ខ្លួន​មក​កម្ពុជា​វិញ ក្នុង​កាលបរិច្ឆេទ​មួយ​មិន​ច្បាស់លាស់​។ អ្នកនាំពាក្យ​រំលឹកថា ទណ្ឌិត សម រង្ស៊ី ត្រូវ​បានទទួល​ការចោទប្រកាន់ និង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​ករណី ដែលមាន​ជាអាទិ៍ អំពើ​ក្បត់ជាតិ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ប្រមាទ​ចំពោះ​អង្គ​ព្រះមហាក្សត្រ នរោត្តម សីហមុនី បទ​ញុះញុង​មិន​ឲ្យ​យោធិន​ស្ដាប់​បញ្ជា​ជាដើម​។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់ថា នៅក្នុង​បរិបទ​នេះ បើប្រសិន​ជាមាន​ការអនុវត្ត​បែបនេះ ពី​សំណាក់​សមាជិកសភា​សហ​ភាព​អឺរ៉ុប​មួយចំនួន​តូច​អស់ទាំងនោះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង និង​ចាត់ទុក​ទង្វើ​អស់ទាំង​នេះ ជា​ទង្វើ​គ្មាន​លក្ខណៈ​កា​ទូត មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

តាម​អ្នកនាំពាក្យ កម្ពុជា​ស្វាគមន៍​ដល់​ភ្ញៀវ​បរទេស​គ្រប់រូប​ទាំងអស់ ដែល​គោរព​ច្បាប់ មានបំណង​ល្អ និង​ស្មោះត្រង់​ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន និង​កិច្ចសហប្រតិបត្តិការ ដែល​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាំបាច់​ត្រូវ​ក្រើនរំលឹក​ដល់​សមាជិកសភា​សហភាព​អឺរ៉ុប​មួយចំនួន​តូច​អស់ទាំងនោះ ពី​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​កម្ពុជា ឆ្នាំ​១៩៩៤ ដែល​ចែង​អំពី​កាតព្វកិច្ច ដែល​ត្រូវបំពេញ​មុន​ចូល​ប្រទេស​កម្ពុជា ការអនុញ្ញាត​ឲ្យ​ចូល​ត្រូវ​គិតគូរ​ពី​សន្តិសុខ​ជាតិ និង​ផលវិបាក​ចំពោះ​ការចូល​ដោយ​លបលាក់ បន្លំ ឬ​ដោយ​មធ្យោបាយ​ខុសច្បាប់​ផ្សេងទៀត ដែល​ផ្ទុយ​នឹង​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា​។

លើសពីនេះ​ទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​រំលឹក សមាជិកសភា​សហភាព​អឺរ៉ុប​អស់ទាំងនោះ ពី​មាត្រា​៤១ នៃ​សន្ធិសញ្ញា​ទីក្រុង​វី​យ៉ែ​ន ឆ្នាំ​១៩៦១ ស្ដីពី​ទំនាក់ទំនង​ការទូត ដែល​តម្រូវ​ឲ្យ​បុគ្គល​ទាំងអស់ “​ដែល​ទទួលបាន​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ ត្រូវគោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​រដ្ឋ​ម្ចាស់ផ្ទះ​។ បុគ្គល​ទាំងនោះ ក៏មាន​កាតព្វកិច្ច​មិនត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ម្ចាស់ផ្ទះ​ផងដែរ​”​។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានស្នើ​យ៉ាងទទូច​ដល់​អ្នកនយោបាយ​បរទេស​ខាងលើ​អស់ទាំងនោះ ពិចារណា​ឡើងវិញ​ពី​ការសម្រេចចិត្ត​ដោយ ខ្វះ​ព័ត៌មាន​ច្បាស់លាស់ និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ ដែល​បង្កប់​ដោយ​ឧបាយកល នយោបាយ និង​គ្មាន​លក្ខណៈ​ការទូត​។

ម្យ៉ាងវិញទៀត ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អះអាង​សារជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​នីតិរដ្ឋ និង​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​សព្វថ្ងៃ​នេះ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114