ព័ត៍មានទាន់​ហេតុការណ៏
Search

សាលាឧទ្ធរណ៍​ថា ក្រឡាបញ្ជី​ដែល​ត្រូវ ACU ឃាត់ខ្លួន​នោះ ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយសារ​អំពើពុករលួយ​

ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​នាំខ្លួន​ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍​ម្នាក់ យកទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ហើយ​តាម​សាលាឧទ្ធរណ៍​អះអាងថា ក្រឡាបញ្ជី​រូប ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយសារ​អំពើពុករលួយ បើទោះបី​មានការ​ណែ​នា​ច្រើនដង​ក៏ដោយ​។

​តាម​លិខិត​ពិសេស ដែល​ចេញ​ដោយ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទៅ​០៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ឈ្មោះ ទេព ធីរិទ្ធិ ជា​អតីត​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ហើយ​ឈ្មោះ​នេះ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ មកម្ល៉េះ ហើយ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ដោយសារ​ការ​ប្រ​ព្រិ​ត្ត​អំពើពុករលួយ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។

សាលាឧទ្ធរណ៍​បាន​បញ្ជាក់ថា ទោះបី​ខ្លួន​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ក៏ដោយ ក៏​ឈ្មោះ​នៅតែ​ឆ្លៀត​យក​តួនាទី​ជា​ក្រឡាបញ្ជី​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដដែល​។

បើតាម​សាលាឧទ្ធរណ៍ អតីតមន្ត្រី​រូបនេះ ធ្លាប់​ទទួលបាន​ការអប់រំ​ណែនាំ​ជារឿយៗ ពី​អគ្គលេខាធិការ ពី​ចៅក្រម និង​ពី​ប្រធាន​សាលាឧទ្ធរណ៍​ផងដែរ តែ​ឈ្មោះ​នេះ​នៅតែ​មិន​ទទួលយក​នូវ​ការអប់រំ​ការណែនាំ​ឡើយ​។ ដោយ​មូលហេតុ​នេះហើយ ទើប​សាលាឧទ្ធរណ៍ បាន​បញ្ឈប់​ការងារ​មន្ត្រី​រូបនេះ និង​បានធ្វើ​លិខិត​ចុះ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ ជូនទៅ​ក្រសួងយុត្តិធម៌ ដើម្បីអោយ​ក្រុមប្រឹក្សាវិន័យ​ក្រសួងយុត្តិធម៌​សម្រេច​ពី​ទោសកំហុស​ទៅតាម​ច្បាប់​។

ទាក់ទង​បញ្ហា​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិតជា​បាន​នាំខ្លួន​ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍​ម្នាក់​នោះ​មែន ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ហើយ​ក្រឡាបញ្ជី​មានឈ្មោះ ទេព ធី​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ​។ តែ​រឿង​លំអិត​យ៉ាងណា​នោះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114