ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​៧ កក្កដា ២០១៩​នេះ ជា​ខួប​១១​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ ៖ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ ជា​ខួប ១១​ឆ្នាំ​ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែមទៀត បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ដោយសារ​ព្រះរាជ​សកម្មភាព​ទាមទារ​យក​ប្រាសាទព្រះវិហារ​ពី​ថៃ​មកវិញ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។

​ប្រាសាទព្រះវិហារ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា ​ដែល​ស្ថិតនៅលើ​ជួរ​ភ្នំ​ដងរែក​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

ប្រាសាទព្រះវិហារ​ស្ថិតនៅលើ​ជួរ​ភ្នំ​ដងរែក​ក្នុង​ខេត្តព្រះវិហារ លើ​រយៈកម្ពស់​៦២៥​ម៉ែត្រ​។ ប្រាសាទ​នេះ មាន​ចម្ងាយ​ប្រមាណ ៤០០​គីឡូម៉ែត្រ​ខាងជើង​រាជធានី​ភ្នំពេញ​។ រមណីយដ្ឋាន​នេះ មាន​លក្ខណៈពិសេស​ទាំង​គុណភាព ក្បាច់រចនា និង​ទីតាំង​ដ៏​ពិសិដ្ឋ​សម្រប​ទៅនឹង​បរិស្ថាន​ធម្មជាតិ និង​មុខងារ​សាសនា​របស់​ប្រាសាទ​។​ជា​ស្នាដៃឯក​ដែល​លេចធ្លោ​ក្នុងចំណោម​ស្ថាបត្យកម្ម​ខ្មែរ​ផ្នែក​ប្លង់ ក្បាច់រចនា លម្អ និង​ទំនាក់ទំនង​ទៅនឹង​បរិស្ថាន​ទេសភាព​ធម្មជាតិ​ដ៏​ប្រណីត​។

ប្រាសាទ​នេះ​មាន​តួ​ប៉ម​ជាច្រើន​ដែល​ត​ភ្ជាប់​គ្នា​ដោយ​ប្រព័ន្ធ​ផ្លូវ និង​ជណ្តើរ​ដែល​ឡើង​ឆ្ពោះទៅកាន់​ប្រាង្គ​ប្រាសាទធំ ដែល​ស្ថិតនៅលើ​កំពូល​ច្រាំង​ចោត នៅ​ចុង​ខាងត្បូង​បង្អស់​នៃ​បរិវេណ​ប្រាសាទ ដែលមាន​ប្រវែង​ពី​ជើង​ទៅ​ត្បូង​សរុប​ជាង ៨០០​ម៉ែត្រ​។ ប្លង់​នេះ​ធ្វើ​ឲ្យ​ប្រាសាទព្រះវិហារ​ជា​ស្ថាបត្យកម្ម​ដ៏​ពិសេស និង​តែមួយគត់​ក្នុង​បណ្ដា​សំណង់​ប្រាសាទធំៗ នៅក្នុង​អារ្យធម៌​ខ្មែរ​។ សំណង់​ជាច្រើន​បន្តបន្ទាប់ ត្រូវបាន​កសាង​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​នេះ ដោយ​ដំបូងបង្អស់​នៅ​សតវត្ស​ទី​៩ និង​បន្ត​មកទៀត​នៅ​សតវត្ស​ទី​១១ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (១០០២-១០៥០) ដែល​បាន​បន្សល់ទុក​នូវ​សំណង់​ប្រាសាទ រហូតមកដល់​សព្វថ្ងៃ​នេះ​។ រមណីយដ្ឋាន​នេះ ជា​កន្លែង​សក្ការបូជា​ដ៏​សក្ដិ​សិ​ទិ្ធ ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ដែល​សម្ដែង​ជា «​សិក្ខា​រេ​ស្វរៈ​» ឬ​អាទិទេព នៃ​កំពូលភ្នំ​ដែលមាន​ឆ្លាក់​បង្ហាញ​នៅតាម​ហោជាង​និង​ផ្ដែរ​របស់​ប្រាសាទ​។

ប្រការ​ដែល​អង្គការ UNESCO បានសំរេច​ដាក់​ប្រាសាទព្រះវិហារ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​គឺ​បានកើត​ចេញពី​ការប្រឹងប្រែង​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ ជាពិសេស​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ទៅក្នុង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​បានធ្វើ​ឲ្យ​កម្ពុជា​អាច​រក្សា​សម្បត្តិ​ដូនតា​មួយ​នេះ​ឲ្យ​នៅ​គង់វង្ស​ជៀស​ផុតពី​មហិច្ឆតា​ឈ្លានពាន របស់​ប្រទេសជិតខាង​។

តាមពិតទៅ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​តាំងពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០១​ប៉ុន្តែ​ករណីនេះ​បាន​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​យ៉ាងច្រើន​ជាពិសេស​ការបង្ក​រឿង​ពី​សំណាក់​ភាគី​ថៃ​ក្នុងការ​ជំទាស់​ការដាក់​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ប៉ុន្តែ​ក្រោយ​ការយកចិត្ត​ទុក​ពី​អង្គការ​យូណេស្កូ និង ភាគី​កម្ពុជា ដែល​តំណាង​ដោយ​សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​និង ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ទើប​៧​ឆ្នាំ​ក្រោយមក​ប្រាសាទព្រះវិហារ ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។

គេ​នៅចាំ​ថា​ ក្រោយ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ក្រុម​ថៃ​អាវ​លឿង ទាហាន​មួយចំនួន​ក៏​ដូច​អ្នកនយោបាយ​ថៃ​ខ្លះ​មិន​សប្បាយចិត្ត​ឡើយ​ក្នុងនោះ​ក៏មាន​លោក អាប់​ភី​ស៊ីត វាចា​ជីវ៉ា ដែល​ប្រឆាំង​តាំងពី​មិនទាន់បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី រហូត​ធ្លាក់​ពី​នាយករដ្ឋមន្ត្រី​ក៏​នៅ​ប្រឆាំង​ទៀត​។ លុះ​ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០០៨ ប្រទេស​ថៃ​បាន​បញ្ជូន​កងទ័ព​ឈុតខ្មៅ​ជាង ៥០០​នាក់ ចូលលុកលុយ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ក្បែរ​ប្រាសាទព្រះវិហារ ជាពិសេស​កាន់កាប់​ដោយ​ខុសច្បាប់​លើ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ដែលមាន​ចំងាយ ៣០០​ម៉ែត្រ​ពី​ប្រាសាទព្រះវិហារ​។

បន្ទាប់មក​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ដ្រី អាប់​ភី​ស៊ីត វាចា​ជីវ៉ា ដែលមាន​ការជំរុញ​ពី​ក្រុម​អាវ​លឿង​ជ្រុលនិយម​បាន​បង្ក​អរិភាព​ជាមួយ​កម្ពុជា​ឥតឈប់ឈរ​ដោយ​បំពាន​ទៅលើ​សាលក្រម​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុងឡាអេ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ បាន​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​ជាច្រើនលើក​ច្រើនសា ដោយ​រាលដាល​ពី​តំបន់​ប្រាសាទព្រះវិហារ រហូតដល់​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី​និង​ថ្ម​ដូន ស្រុក​បន្ទាយ​អម្ពិល ខេត្ដ​ឧត្ដរមានជ័យ​ទៀតផង​។

នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០០៨ កងទ័ព​ឈុតខ្មៅ និង​ប៉ា​រ៉ា​របស់​ថៃ​បាន​ប៉ះទង្គិច​ជាមួយ​កងទ័ព​ខ្មែរ នៅ​តំបន់​នោះ​បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​ស្លាប់ និង​របួស​រៀងៗ​ខ្លួន​។

តាមរយៈ​ព្រឹត្តិការណ៍​ដែល​បាន​កើតមាន​នេះ​ស​បញ្ជាក់ថា ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ជា សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺមាន​ការប្រឹងប្រែង​តស៊ូ​មតិ​ផ្នែក​ច្បាប់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ​រាល់ថ្ងៃ​គម្រប់​ខួប​នៃ​ការដាក់បញ្ចូល​ប្រសាទ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​មានការ​ប្រារព្ធ​ពិធី​អបអរសាទរ​ឲ្យ​បាន​កងរំពង​ដើម្បី​ដាស់​ស្មារតី​យុវជន​និង​ពលរដ្ឋ​ឲ្យ​បាន​ចងចាំ​នូវ​ព្រឹត្តិការណ៍​ទាំងអស់នេះ​ព្រោះ​វា​ជា​សមិទ្ធផល​កើតចេញពី​ការរួម​កម្លាំង​គ្នា​របស់​ជាតិខ្មែរ​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114