ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ ទីផ្សារ​ដោះដូរ​កីឡាករ​សំខាន់ៗ​នៅ​លី​គ​កំពូល​កម្ពុជា ជុំ​ទី​២

​កាលពី​ថ្ងៃទី​២៦ ខែមិថុនា រហូតដល់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ត្រូវបាន​បើក​សម្រាប់​ក្លឹប​ទាំង​១៤ ធ្វើការ​នាំចេញ​និង​នាំចូល​កីឡាករ​ថ្មី​ដើម្បី​ត្រៀម​ប្រកួត​នៅ​ជុំ​២ ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ម្សិលមិញ​ខណៈ​ដែរ​ក្នុងនោះ​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​ការដោះដូរ​នេះ​ផងដែរ។

*​អង្គ​រថា​យ​ហ្គឺ​រ​
ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ នៅ​ជុំ​ទី​២ បានធ្វើការ​ផ្លាស់​សមាស​ភាព​កីឡាករ​បរទេស​គួរ​ឲ្យ​ចាប់អារម្មណ៍ ពោលគឺ​បន្ទាប់ពី​ការចាកចេញ​របស់​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Yudai Ogawa ក្លឹប​ក៏បាន​នាំចូល​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ ដែល​ផ្ទេរ​មកពី​ក្រុម​ទើបតែ​ឡើង​លី​គ​កំពូល​ហ្វាំ​ង​ឡង់ HIKF Fotboll មាន​ឈ្មោះថា Nando Cozar​។ កីឡាករ​រូបនេះ​មាន​កម្ពស់​ខ្ពស់ និង​មានបទពិសោធន៍​ច្រើន​នៅ​លី​គ​ក្នុង​តំបន់​អឺរ៉ុប​។

*​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​
នៅ​ជុំ​ទី​២ នេះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ត្រូវបាន​មើលឃើញថា​មានការ​ផ្លាស់ប្ដូរ​សមាស​ភាព​កីឡាករ​បរទេស​ច្រើន ក្នុងនោះ​មានការ​ចាកចេញ​ដល់​ទៅ​៣​នាក់ ហើយនឹង​នាំចូល​៣​នាក់​មកវិញ​ផងដែរ​។ កីឡាករ​បរទេស​៣​នាក់​ដែល​ចាកចេញ​រួមមាន​ខ្សែការពារ​ជប៉ុន Tomohiro Masaki កីឡាករ​នី​ហ្សេ​រីយ៉ា Ajayi Opeyemi Korede និង​កីឡាករ Joshua Jokic​។ ដោយឡែក​កីឡាករ​ដែល​ក្លឹប​បាន​នាំ​ចូលមក​ជំនួស​វិញ​រួមមាន​កីឡាករ​ជប៉ុន Tsutomu Hasegawa ផ្ទេរ​មកពី​ក្លឹប​នៅ​លី​គ​កំពូល​ឡាវ កីឡាករ Julien William ជាមួយ Ndoumene Yannick Francois ដែល​ទាំងពីរ​រូបនេះ​សុទ្ធតែជា​កីឡាករ​សញ្ជាតិ​កា​ម៉េ​រូ​ន​។

*​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី
ដោយសារ​ក្រុម​នេះ​ជា​ក្រុម​ដែល​ឡើងមក​ប្រកួត​យក​បទពិសោធ​ក្នុង​លី​គ ជា​យុ​វជ​ថ្នាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ងាក​មក​ការដោះដូរ​វិញ​គឺ​ពុំមាន​ឡើយ​សម្រាប់​ជុំ​ទី​២ ដោយ​នឹង​បន្ត​ប្រើប្រាស់​យុវជន​ដែលមាន​ស្រាប់​ដើម្បី​សម្រួច​ក្រុម​ត្រៀម​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ​។
*​បឹងកេត

បឹងកេត ដែល​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​៤​ក្នុង​លី​គ បានធ្វើ​ដោះដូរ​កីឡាករ​៤​នាក់​ផងដែរ ក្នុងនោះ​ចាកចេញ​២​នាក់ និង​ចូល​២​នាក់​រួមមាន​កីឡាករ​ដែល​ចាកចេញ ខ្សែការពារ​វ័យក្មេង ស្រាំង ទិ​ត្យ​ឈី ជាមួយ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ Angel Carrascosa ស្រប​ពេលដែល​កីឡាករ​ផ្ទេរ​ចូលរួម​មាន​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយភាព ចាន់ វឌ្ឍនាកា និង​កីឡាករ​ជប៉ុន Kenta Yamazaki ផ្ទេរ​ពី​លី​គ​ទី​២​ថៃ។

*​អគ្គិសនី​កម្ពុជា
ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​ទួល​សង្កែ មួយ​នេះ​ត្រូវបាន​ចាប់អារម្មណ៍​ឃើញ​មាន​វត្តមាន​អតីត​កីឡាករ​របស់​ភ្នំពេញ​ក្រោ​ន ស៊ាន ភី​សា​។

*​កំពង់ចាម​
ក្រុមបាល់ទាត់​ខេត្តកំពង់ចាម បានក្លាយ​ជាទី​ចាប់អារម្មណ៍​មួយ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ជុំ​ទី​២​នេះ ដោយបាន​បន្ថែម​សមាជិក​ថ្មី​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​បន្ទាប់ពី​ការចាកចេញ​កីឡាករ​បរទេស​មួយចំនួន​ធំ​ដូចជា កីឡាករ​ហ្គា​ណា Tcheugoue Edongue កីឡាករ​ជប៉ុន Kenjiro Ogino កីឡាករ​អេ​ហ្ស៊ី​ប Adnam Fawzy និង Onar Sayed ក្លឹប​បាន​នាំចូល​សមាជិក​ថ្មី​ដូចជា​កីឡាករ​ហ្គា​ណា Emmanuel Adu កីឡាករ​កូត​ឌី​វ័រ Jean Bertand Toa កីឡាករ​នី​ហ្សេ​រី​យ៉ា Chika Junior និង​កីឡាករ​ជប៉ុន Shoya Aso ហើយ​ក៏បាន​នាំចូល​កីឡាករ​ខ្មែរ​៣​រូប​បន្ថែម​រួមមាន ពេជ្រ អូវែ​ន និង​សំ ថូ​ម៉ាស (​កូនកាត់​ខ្មែរ​បារាំង ផ្ទេរ​ពី​ភ្នំពេញ​ក្រោ​ន​) និង​កីឡាករ ផាត រដ្ឋា ផ្ទេរ​ពី​ក្លឹប​គិរីវង់​សុខ​សែន​ជ័យ​។

*​គីរីវង់​សុខ​សែន​ជ័យ
គីរីវង់​សុខ​សែន​ជ័យ បាន​នាំចូល​កីឡាករ​បរទេស​ថ្មី​ចំនួន​២​រូប រួមមាន​កីឡាករ​កូត​ឌី​វ័រ Coulibaly Major និង​កីឡាករ​ជប៉ុន Taku Yanagidate ផ្ទេរ​ពី​ក្រសួងការពារជាតិ​។ ខណៈ​កីឡាករ​ជប៉ុន​ចាស់វស្សា Takahito Ota បាន​ចាក​ចេញពី​ក្លឹប​ជាមួយ ផាត រដ្ឋា​។

*​ណាហ្គា​វើ​លដ៍
ណាហ្គា​វើ​លដ៍ មានការ​ផ្លាស់ប្ដូរ​សមា​សភាព​កីឡាករ​តែ​ម្នាក់​គត់​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ជុំ​ទី​២​នេះ ដោយ​នាំចូល​កីឡាករ​ជប៉ុន​ធ្លាប់​ប្រកប​អាជីព​នៅ​កម្ពុជា Yugo Kawabata មក​បង្គ្រប់​កូតា​កីឡាករ​បទេស​ក្នុង​ក្លឹប​។​

*​ក្រសួងការពារជាតិ
ក្រសួងការពារជាតិ ក៏មាន​ការផ្លាស់ប្ដូរ​ស​មាស​ភាព​កីឡាករ​ថ្មី​២​រូប​ផងដែរ​រួមមាន​កីឡាករ Dzarma Bata ជាមួយ Taku Yanagidate ចាកចេញ និង​ចូល​វិញ​ដោយ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Mohammed Khan ជាមួយ​កីឡាករ​កូរ៉េខាងត្បូង Na Hyo-sung​។

*​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ
ក្រុម​ដែល​ត្រូវបាន​និយម​ហៅថា ប៉ូលីស មួយ​នេះ​បាន​បន្ថែម​សមាជិក​ថ្មី​១​រូប​ផងដែរ រួមមាន​កីឡាករ Tomohiro Masaki ផ្ទេរ​ពី​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បន្ទាប់ពី​កីឡាករ Booysen Shane ជាមួយ​កីឡាករ​ជប៉ុន Shun Kumagai ចាកចេញ​។

*​ភ្នំពេញ​ក្រោ​ន
ភ្នំពេញ​ក្រោ​ន ក៏មាន​ការផ្លាស់ប្ដូរ​ស​មាស​ភាព​កីឡាករ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដូចគ្នា​ដោយ​រួមមាន​ការចាកចេញ ពេជ្រ អូវែ​ន​, សំ ថូ​ម៉ាស​, កីឡាករ​ជប៉ុន Shuhei Mitsuhashi ខណៈ​កីឡាករ​បរទេស​មួយចំនួន​ធំ​បាន​ចាកចេញ​តាំងពី​មុន​ដោះដូរ​កីឡាករ​ដូចជា​កីឡាករ Darlan Martin, Jhonata Santana និង Leonardo Oliveira យ៉ាងណាមិញ​ក្លឹប​ក៏បាន​នាំចូល​កីឡាករ​ថ្មី​ដូចជា Booysen Shane, Dzarma Bata និង​កីឡាករ​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន Mustafa Zazai មក​បំពេញបន្ថែម​ផងដែរ​។

*​ព្រះខ័ន​រាជ​ស្វាយរៀង
ក្រុម​កំពូល​តារា​មួយ​នេះ មិនមាន​ការផ្លាស់ប្ដូរ​សមាសភាព​កីឡាករ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះឡើយ ដោយបាន​ត្រឹមតែ​នាំចូល​អ្នកចាំទី​វ័យក្មេង​ម្នាក់​បន្ថែម​តែប៉ុណ្ណោះ និង​ពុំមាន​កីឡាករ​ចាកចេញ​ឡើយ​។

*​សូល​ទី​ឡូ​អង្គរ
ស្រដៀង​គ្នា​ទៅនឹង ព្រះខ័ន​រាជ​ស្វាយរៀង ក្រុម​សូល​ទី​ឡូ​អង្គរ មិនមាន​ការផ្លាស់ប្ដូរ​សមាសភាព​កីឡាករ​ឡើយ​ដោយ​បន្ត​រក្សា​កូនក្រុម​ដដែល​។​

*​វិសាខា
​វិសាខា ត្រូវបាន​ដឹងថា ​មាន​កីឡាករ​ម្នាក់​ចាកចេញ​គឹ​កីឡាករ​សញ្ជាតិ​ក្រិច Evangelos Kraparas និង​ចូលមក​ជំនួស​វិញ​ដោយ​កីឡាករ Ajayi Opeyemi Korede ផ្ទេរ​ពី​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។

សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា រហូតដល់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ត្រូវបាន​បើក​សម្រាប់​ក្លឹប​ទាំង​១៤ ធ្វើការ​នាំចេញ​និង​នាំចូល​កីឡាករ​ថ្មី ខណៈ​ក្លឹប​មួយ​អាច​បន្ថែម​កីឡាករ​ខ្មែរ​បាន​៣​រូប និង​កីឡាករ​បរទេស​៣​រូប ប៉ុណ្ណោះ​ក្នុង​ជុំ​២​នេះ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114